លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់កិត្តិយសចូលទស្សនាពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី​«ហូលពិតាន ការវិវឌ្ឍ និងបញ្ហាប្រឈម»

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលទស្សនា ពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី «ហូលពិតាន ការវិវឌ្ឍ និងបញ្ហាប្រឈម» នៅសារមន្ទីរជាតិ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ។ ហូលពិតាន គឺជាហូលមានលក្ខណៈពិសេសជាងហូលដទៃទៀត ក៏ព្រោះតែអ្នកតម្បាញ បានត្បាញរំលេចជាខ្សែរឿងព្រះពុទ្ធសាសនា ដោយមានគោមក្បាច់លម្អពិសេសៗ។

ភ្ជាប់ដោយរូបភាពអញ្ជើញទស្សនា និងពិនិត្យហូលពិតាន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយាដ៏ឱត្តុង្គសូឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវសាធារណជន ចូលរួមទស្សនាការតាំងពិព័រណ៍ហូលពិតាននៅសារមន្ទីរជាតិ និងបានគូសបញ្ជាក់ក្នុងន័យដើមថា «យេីងរួមគ្នាជួយថែរក្សាប្រពៃណីនិងវប្បធម៌ខ្មែរយេីង 🇰🇭»។


ពិព័រណ៍មិនអចិន្ត្រៃយ៍ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានបន្ថែមស្ដីពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរជាតិ និងផ្តល់សារជូនសាធារណជន អំពីការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ និងក៏បង្ហាញពីបរិបទនៃការផ្លាស់ប្តូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន ព្រមងចរន្តនៃការផលិតហូលពិតានប្រើប្រាស់នានាពេលបច្ចុប្បន្ន។


សូមបញ្ជាក់ថា ពិព័រណ៍ហូលពិតានលើកនេះ គឺជាលើកទី៤ ហើយ។ ពិព័រណ៍ហូលពិតានលើកទី១បានរៀបចំឡើងនៅឆ្នាំ២០១០ លើកទី២នៅឆ្នាំ២០១២ លើកទី៣ នៅឆ្នាំ២០១៦។ សម្រាប់ឆ្នាំនេះ ក្រុមការងារនៃនាយកដ្ឋានសារមន្ទីរបានជ្រើសរើសហូលពិតានចំនួន ១៧មកតាំងបង្ហាញ ចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា ដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ពិព័រណ៍នេះធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៤ឆ្នាំនៃការបង្កើតសារមន្ទីរជាតិកម្ពុជាផងដែរ៕

IMG_20240324_061555_077

IMG_20240324_061554_503IMG_20240324_061554_467IMG_20240324_061554_506

IMG_20240324_061554_423

IMG_20240324_061555_262

Comments

Related posts