អ្នកជំនាញអាជ្ញាធរជាតិអប្សរាថា៖«ថ្មសោ» ជាគន្លឹះសម្រាប់រើថ្មជួសជុលសំណង់ប្រាសាទបុរាណ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤

IMG_5510-1

IMG_5511-1

IMG_5508-1

IMG_5505-1

IMG_5509-1

MC. នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោ។ ថ្មសោនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នាបាន។ បច្ចេកទេសទាំងនេះ បានធ្វើឱ្យសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងរុះរើដំបូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដើម្បីធ្វើការជួសជុលថ្មដំបូល មួយចំនួន ដែលបានរងការខូចខាតនៅជ្រុងឦសាន។ មុននឹងរុះរើ ត្រូវពិនិត្យស្វែងរកថ្មដែលមានតួនាទីសំខាន់អាចដោះចេញបាន ប្រៀបបានមេសោជាមុន ទើបអាចរើថ្មទាំងនោះ បានដោយប្រក្រតី និងមិនខូចខាតថ្ម។
លោកបន្តថា ខ្មែរបុរាណពិតជាមានបច្ចេកទេសខ្ពស់ណាស់ ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។ លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់នោះឡើងវិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត។ 
លោកបន្តថា ថ្មសោដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តគឺជាឧទាហរណ៍ស្រាប់។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោត្រូវបានយកមកប្រើដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការបើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន។
ថ្មមួយគេហៅថា ដូចជាថ្មសោហ្នឹង យើងមើលមានតូចខាងក្រោម ហើយត្រចៀកនៅសងខាង បានន័យថាយើងអាចលើកឡើងទៅលើ គឺអត់មានជាប់អីទេ អ៊ីចឹងហើយផ្នែកខាងមុខនេះ ស្រួលរើទេ ប៉ុន្តែផ្នែកនេះយើងទាមទារត្រូវដោះថ្មសោនេះមួយសិន ដើម្បីអាចរើថ្មដទៃទៀតបាន អ៊ីចឹងការងារថ្មរបស់ដូនតាយើង គាត់ធ្វើមកតែងតែមានថ្មសោហ្នឹងជានិច្ច ភាគច្រើនគាត់ដាក់ថ្មហ្នឹងក្រោយគេ ហ្នឹងហើយគេហៅថាថ្មសោហ្នឹង។
សូមជម្រាបថា ក្រោយការឆ្លងយោបល់ពីអ្នកជំនាញការអាយស៊ីស៊ីអង្គរ ក្រុមការងារជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងរុះរើដំបូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដើម្បីធ្វើការជួសជុលថ្មដំបូលមួយចំនួនដែលមានហានិភ័យ ចៀសវាងបង្កគ្រោះថ្នាក់ដល់ភ្ញៀវ មុនបើកឱ្យភ្ញៀវបានឆ្លងកាត់តាមខ្លោងទ្វារនេះ ចូលទស្សនាប្រាសាទអង្គរវត្ត៕

Comments

Related posts