សម្តេចធិបតីថ្លែងថា កម្ពុជាគឺជាដៃគូដ៏រស់រវើកនិងទាក់ទាញនៅក្នុងសហគមន៍អាស៊ាន

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០២.០៤.២០២៤

IMG_6201-1

IMG_6195

សម្តេចធិបតី បានថ្លែងថា កម្ពុជាគឺជាដៃគូដ៏រស់រវើកនិងទាក់ទាញនៅក្នុងសហគមន៍អាស៊ាន ដោយសារ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា បានផ្តល់នូវការតភ្ជាប់យ៉ាងរលូននៅទូទាំងតំបន់អាស៊ាន និង បង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ី ដែលផ្ដោតទៅលើការផ្តល់ប្រយោជន៍ទៅវិញទៅមក ដល់សុខុមាលភាពរួម ក្នុងតំបន់ ។
ក្នុងឱកាសអញ្ជើញចូលរួមពិធី “បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤” សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សមាជិកភាព ជាយុទ្ធសាស្ត្ររបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ រួមទាំងក្នុងតំបន់និងសកលលោក ដូចជា ៖ អាសិប តំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងWTO ដែលធ្វើឱ្យកម្ពុជាជាតួអង្គប្រកបដោយស្មារតី ខ្ពស់មួយនៅក្នុងទីផ្សារសកល ដែលពោរពេញទៅដោយចីរភាពផលិតផលដែលផលិតនៅកម្ពុជា ដូចជា ៖ សម្លៀកបំពាក់ កង ជាដើម គឺមានការទទួលស្គាល់នៅទូទាំងសកលលោកនាពេលបច្ចុប្បន្ន ដោយសារ គុណភាព និងតម្លៃដែលមានភាពប្រកួតប្រជែង ដោយការណ៍នេះបង្ហាញឱ្យឃើញពីវត្តមានកាន់តែខ្លាំង ឡើងរបស់កម្ពុជានៅលើទីផ្សារសកល ។ 
សម្តេចធិបតី ជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ានដែលមានភាពរឹងមាំ ភាពធន់ និង សមាហរណកម្ម នឹងអាចនាំមកនូវវិបុលភាពរួមសម្រាប់រដ្ឋទាំងអស់គ្នា ហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រប្រទេសបូក តាមរយៈការពង្រឹងការទាក់ទាញវិនិយោគ ក្នុង វិស័យឧស្សាហកម្ម ដែលប្រើបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿង បន្លាស់ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗនៅក្នុងប្រទេសជិតខាងនៃតំបន់អាស៊ាន ។  កម្ពុជាបានអនុម័តច្បាប់ថ្មី ស្ដីពីការវិនិយោគ ដើម្បីផ្តល់ជូនវិនិយោគិន នូវសក្ដានុពលនិងឧត្តមភាព យុទ្ធសាស្ត្រដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់គម្រោងវិនិយោគក្នុងវិស័យ អាទិភាពសំខាន់ៗ ។
សម្តេចធិបតីបានមានប្រសាសន៍បន្ថែមថា កម្ពុជា ក៏បាននិងកំពុងធ្វើការវិនិយោគជាយុទ្ធសាស្ត្រ លើ បណ្ដាញហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់គ្នាទៅវិញទៅមក ដោយរួមបញ្ចូលការអភិវឌ្ឍផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលឡូជីស្ទិកទំនើបនិងទាន់សម័យ អភិក្រម គ្រប់ជ្រុងជ្រោយនេះ ជំរុញការតភ្ជាប់ក្នុងតំបន់ដោយរលូន និងមានប្រសិទ្ធភាពទៅកាន់ច្រករបៀង សេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងក្នុងតំបន់អាស៊ានទាំងមូល ។ ដូច្នេះការវិនិយោគជាយុទ្ធសាស្ត្រទាំងនេះ នឹងជំរុញឱ្យមានការកាត់បន្ថយចំណាយឡូជីស្ទិក និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃធុរកិច្ច ដែលកំពុង ប្រតិបត្តិការនៅកម្ពុជា ដើម្បីធ្វើឱ្យពួកគេទាក់ទាញយកនូវសក្ដានុពលដ៏ធំធេងពីទីផ្សារក្នុងតំបន់ ៕

Comments

Related posts