មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ 

កែប៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងអនុសាសន៍ផ្ដាំផ្ញើរ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំង១៣ចំណុច នាឱកាសបិទសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤។ សន្និបាតនេះ ប្រព្រឹត្តទៅនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ថោង ពោជ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងចូលរួមដោយសមាជិក សមាជិការ សរុប៥៤រូប។ 

លោក ហង្ស សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប មានរបាយការណ៍លើកឡើងពីលទ្ធផលការងាររបស់មន្ទីរដែលសម្រេចបានរយៈពេល១ឆ្នាំ នាឆ្នាំ២០២៣កន្លងមកនេះថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប  បានអនុវត្តកម្មវិធីអាទិភាពទាំង ៤ សម្រេចបាន លទ្ធផលប្រមាណជា ៩៨% នៃផែនការប្រចាំឆ្នាំរួមមាន កម្មវិធីទី១អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, កម្មវិធីទី២ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, កម្មវិធីទី៣ ពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ, និងកម្មវិធីទី៤ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

កម្មវិធីអាទិភាព ទាំង៤នេះ គឺជាកាតាលីករយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញឱ្យសម្រេចបាននូវគោលបំណង គោលនយោបាយ ស្តីពីការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជនជនបទ ប្រកបដោយ បរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយមានសង្គតិភាពជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថោង ពោជ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ផ្អែកលើលទ្ធផលដ៏ធំធេងខាងលើ និងដោយមានកត្តារួមផ្សំជាច្រើន នៅឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ សម្រាប់នីតិកាល ទី៧ ឱ្យស្របទៅនឹងកម្មវិធីនយោបាយយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ ក្នុងនោះមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចិរភាព ហើយបានកំណត់យកអាទិភាពគន្លឹះសំខាន់ចំនួន៥ មាន មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ដើមី្បបន្តបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការថែរក្សាសុខសន្តិភាព និង អភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅ សម្រេចបានចក្ខុវិស័យ កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងជាប្រទេសមានចំណូល ខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តមបន្តថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកចូលរួមទាំងអស់ បានយល់ដឹង និងទទួលបាននូវអនុសាសន៍ផ្ដាំផ្ញើរដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំង១៣ចំណុច ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងដើម្បីចូលរួម សហការអនុវត្តទិសដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំអោយមន្ទីរអភិវឌ្ឍជនបទខេត្ត អនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់ចំនួន១៣ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអោយទទួលបានប្រសិទ្ធភាពខ្ពស់បំផុត៕

photo_2024-04-02_20-34-42photo_2024-04-02_20-34-51photo_2024-04-02_20-34-54photo_2024-04-02_20-34-58photo_2024-04-02_20-35-01

photo_2024-04-02_20-35-07

 

Comments

Related posts