ព្រឹកនេះ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ  ព្រឹទ្ធសភាបានបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​។

ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបាន៥៥អាសនៈហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ ។

សមាជិកព្រឹទ្ធសភាពីរអង្គ ដែលចាត់តាំងដោយព្រះមហាក្សត្ររួមមាន៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ ដោយសមាជិកព្រឹទ្ធសភាពីររូបជ្រើសតាំងដោយរដ្ឋសភារួមមាន៖ លោក សុខ ឥសាន និងលោក ហេង ហាលីម។

ការរៀបចំ និងការប្រព្រឹត្តទៅនៃព្រឹទ្ធសភា ត្រូវបានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ព្រឹទ្ធសភាបើក សម័យប្រជុំដំបូងនៃនីតិកាលនីមួយៗ៦០ថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ ព្រះមហាក្សត្រ។

ព្រះមហាក្សត្រ ឬព្រះរាជតំណាងទ្រង់ប្រទាន ឬផ្តល់កិត្តិយស ចំពោះការបើកសម័យប្រជុំដំបូង នៃនីតិកាលនីមួយៗ ។

ក្រោយពីព្រះមហាក្សត្រ ឬព្រះរាជតំណាងទ្រង់បាន ឬបានបើកនីតិកាលព្រឹទ្ធសភារួចហើយ បើព្រឹទ្ធសភាមានសមាជិកវត្តមានលើសពីពាក់កណ្ដាល នៃចំនួនសមាជិកទាំងមូល ព្រឹទ្ធសភាអាចដំណើរការបន្តក្រោមអធិបតីភាពនៃប្រធានបណ្តោះអាសន្ន១រូប ជាសមាជិកព្រឹទ្ធសភាជាប់ឆ្នោត ឬចាត់តាំងអាយុច្រើនជាងគេដែលមានវត្តមាន ហើយឥតមានបណ្តឹងតវ៉ា ព្រមទាំងសមាជិកព្រឹទ្ធសភាជាប់ឆ្នោត ឬចាត់តាំងចំនួន៥រូប អាយុតិចជាងគេដែលមានវត្តមាន ជាលេខាធិការដើម្បីជួយប្រធានក្នុងការងារ។

ក្រោមការដឹកនាំរបស់ប្រធានបណ្តោះអាសន្ននេះព្រឹទ្ធសភា ត្រូវចាប់ផ្តើមការងារដូចតទៅ ៖

ក៖ ប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ។

ខ៖ បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា។

មិនអាចជជែកពិភាក្សាអ្វីឡើយ នៅក្រោមអធិបតីភាពរបស់ប្រធានបណ្តោះអាសន្ន។ សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង។

មុនចាប់ផ្តើមការងារ ក្រោមអធិបតីភាពនៃប្រធានរបស់ខ្លួន ព្រឹទ្ធសភាដំណើរការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានា ដាច់ដោយឡែកពីគ្នា តាមវិធីបោះឆ្នោតសម្ងាត់ និងអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា កំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃព្រឹទ្ធសភា ដោយសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

គណៈកម្មការនីមួយៗ មានសមាជិកយ៉ាងតិចចំនួន៥រូប។

ក្រោយពីបានទទួលការគាំទ្រពីអង្គព្រឹទ្ធសភារួចហើយ មុនចាប់ផ្តើមការងាររបស់ខ្លួន គណៈកម្មការនីមួយៗ ត្រូវប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតសម្ងាត់ជ្រើសតាំងប្រធាន អនុប្រធាន និងលេខាធិការរបស់គណៈកម្មការនីមួយៗ។

គណៈកម្មការនីមួយៗ ត្រូវកំណត់តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនឱ្យស្របនឹងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់ជាធរមាន រួចដាក់ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍ពិនិត្យ និងសម្រេច៕

photo_2024-04-03_07-05-57

Comments

Related posts