វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០២.០៤.២០២៤
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជឿជាក់ថា ការសិក្សាអប់រំបណ្តុះ បណ្តាលធនធានមនុស្សដែលមានគុណភាពនិងស្ថិរភាពគឺជាកត្តាយ៉ាងសំខាន់សម្រាប់កម្ពុជា ដើម្បីចូលរួមចំណែកសម្រេចលើគោល នយោបាយ ឬគោលដៅអភិវឌ្ឍន៍ក្នុងការធានាដល់ការអនុវត្តនិងការបណ្តុះបណ្តាល ដែលមានស្តង់ដារនិងទទួលបានប្រសិទ្ធភាពជូនទៅដល់ប្រជាជន ។
ក្នុងពិធីសម្ពោធរោងជាងជួស ជុលរថយន្ត ហ៊ី វ៉េ សេ ដែលបានកែលម្អថ្មី ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ហ៊ីការីជីដូសា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកធនធានមនុស្សគឺជាកិច្ចការអាទិភាពចម្បង ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅអភិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ចប្រកបដោយភាពខ្លាំងក្លានិងនិរន្តរភាព ។
ឯកឧត្ដម បានថ្លែងអំណរគុណដល់ក្រុមហ៊ុនភាគីកម្ពុជា និងភាគីជប៉ុន ដែលបានសហការកែលម្អរោងជាងជួសជុលរថយន្ត Doctor HIKARI ដើម្បីណែនាំបច្ចេកវិទ្យានៃការជួស ជុលរថយន្តជប៉ុនមកកាន់ប្រទេសកម្ពុជា ហើយក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍជំនាញដល់ប្រជាជនកម្ពុជាផងដែរ ។ ឯកឧត្ដមជឿជាក់ថា ការសហការនេះ គឺជាអ្វីដែលប្រទេសកម្ពុជាកំពុងតែត្រូវការក្នុងពេលសព្វថ្ងៃនេះ ជាពិសេសក៏ជាការបង្ហាញថា ការអប់រំតាមស្តង់ដារជប៉ុន ជាពិសេសផ្នែកជួសជុលរថយន្តតាមស្តង់ដារជប៉ុន គឺកំពុងតែមានការរីកចម្រើនទូទាំងពិភពលោក តាមរយៈការអប់រំស្តង់ដារបច្ចេកទេសប្រទេសជប៉ុន ដែលធ្វើឱ្យសិស្សានុសិស្សទទួលបានជំនាញខ្ពស់និងពិតប្រាកដ ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍លើកឡើងថា ការកែលម្អរោងជាងជួសជុលរថយន្ត នៅក្នុងហ្ស៊ី វ៉េ សេ (JVC) និងបំពាក់ឧបករណ៍ទំនើបៗនៅក្នុងរោងជាងនេះ គឺដើម្បីបម្រើដល់ការបណ្ដុះ បណ្ដាលបច្ចេកទេសជូនដល់សិក្ខាកាម ក៏ដូចជាជួសជុលរថយន្តជូនអតិថិជន ហើយក៏ជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកើតចេញអំពីទំនាក់ទំនងនិងកិច្ចសហប្រតិ បត្តិការរវាងកម្ពុជាជប៉ុនដើម្បីគាំទ្រដល់យុវជនកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជួសជុលរថយន្ត ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ។
« នៅក្នុងកិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែផ្តល់នូវកាលានុវត្តភាពថ្មីបន្ថែមទៀត ដល់វិស័យមេកានិករថយន្តដែលបច្ចុប្បន្នកំពុងតែរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសង្គមនេះនោះទេ ក៏ប៉ុន្តែក៏ជាការចែករំលែកបច្ចេកទេសជួសជុលរថយន្តតាមស្តង់ដារជប៉ុន ទៅដល់សិក្ខាកាម សិស្សនិស្សិតនៃវិទ្យាស្ថានបច្ចេកទេស(JVC) ក៏ដូចជាប្រជាជនកម្ពុជា ឱ្យមានភាពប្រកួតប្រជែងខ្ពស់លើវិស័យមេកានិករថយន្តទាំងនៅក្នុងពេលបច្ចុប្បន្ននិងអនាគត ឱ្យកាន់តែមានសមត្ថភាពនិងជំនាញគ្រប់គ្រាន់ ក្នុងការបំពេញការងារនៅក្នុងនិងក្រៅប្រទេស »។
សូមបញ្ជាក់ថា យានដ្ឋាន Doctor HIKARI មានបំពាក់នូវឧបករណ៍ពិនិត្យរោគវិនិច្ឆ័យទំនើប ក្នុងការពិនិត្យ ថែទាំ និងជួសជុលយានយន្តស្របតាមស្តង់ដារនៃប្រទេសជប៉ុន ដែលធានានូវអាយុកាលប្រើប្រាស់បានយូរ ។ ក្នុងនោះ យានដ្ឋាន Doctor HIKARI ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបច្ចេកទេស JVC ដោយផ្តល់ជូនសិស្សានុសិស្សនូវឱកាសការងារ ការបណ្ដុះបណ្ដាលជំនាញ ដើម្បីទទួលបានបទពិសោធន៍ក្នុងការពង្រឹងជំនាញមេកានិក និងត្រួសត្រាយផ្លូវដល់សិស្សសម្រាប់វិជ្ជាជីវៈជួសជុលរថយន្តស្របតាមស្តង់ដារនៃប្រទេសជប៉ុន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ៕