សាលារៀនចំនួន៧៩៣ ត្រូវបានជ្រើសរើស ជាសាលារៀនគោលដៅអនុវត្តស្តង់ដាសាលារៀនគំរូ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣ ៤ ២០២៤

IMG_6466-1

IMG_6465-1

IMG_6470-1

IMG_6473-1

IMG_6472-1

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា សាលារៀនចំនួន៧៩៣ ត្រូវបានជ្រើសរើស ជាសាលារៀនគោលដៅអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីលើកកម្ពស់គុណភាពអប់រំ។
  
   ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិស ដៅឆ្នាំសិក្សា ២០២៣-២០២៤ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៤ សាលារៀនចំនួន៧៩៣ ត្រូវបានជ្រើសរើសជាសាលារៀន គោលដៅអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្ដល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះសាលាមត្តេយ្យសិក្សា៩៦ សាលាបឋមសិក្សា ៣៤៨ និងសាលាមធ្យមសិក្សា ៣៤៩។
ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្តថា ក្រសួងអប់រំ បាននិងកំពុងជំរុញការអនុវត្តសាលារៀនគំរូ តាមគ្រប់រូបភាពដោយប្រើប្រាស់យន្តការ និងធនធានសរុប ទាំងថវិការដ្ឋ និងថវិកា ដៃគូអភិវឌ្ឍ ក្នុងនោះក្រសួងបានប្រជុំជាមួយអង្គភាព នៅរដ្ឋបាលកណ្ដាល និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីពិនិត្យស្ថានភាពឥណទានថវិកាឆ្នាំ២០២៤ ក្នុងគោលបំណងកៀរគរឥណទានថវិកា ពីសកម្មភាពផ្សេងទៅផ្តោតលើការអនុវត្តសាលារៀនគំរូ ដោយសរុបថវិកាបាន ១៥,៥៤៣,២០០,០០០រៀល ឬស្មើនឹង ៣.៨លានដុល្លារ។
ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្តទៀតថា នៅក្នុងការអនុវត្តសាលា រៀនគំរូឆ្នាំទី១ ក្រសួងបានចេញ ប្រកាសទទួលស្គាល់ សាលារៀនទាំង១២០ នៅក្នុងឱកាសសន្និបាតអប់រំ និងបានលើកចិត្តឱ្យសាលា រៀនទាំង១២០ និងសាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។ បន្ថែមពីនោះទៀត ក្រសួងបានទទួលស្គាល់ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ស្រែក្នុង ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត ជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតគំរូ ដោយមើលឃើញអំពីលទ្ធផលនៃការបំពេញការងារល្អ និងភាពជាអ្នកដឹកនាំល្អរបស់លោកនាយក។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន ក្រសួងបានកែលម្អការងារអធិការកិច្ច ដែលជាកិច្ចការដ៏សំខាន់មួយ ក្នុងការគាំទ្រសាលារៀនគំរូ ដោយក្រសួងបានបន្សុទ្ធឧបករណ៍អធិការកិច្ច ជាមួយស្តង់ដាសាលារៀនគំរូ ដើម្បីក្តាប់បានស្ថានភាពរបស់សាលារៀននីមួយៗ និងឈានទៅរៀបចំសកម្មភាពជាក់លាក់ សម្រាប់ចុះជួយគាំទ្រ។
 « ការអនុវត្តសាលារៀនគំរូ ក្រសួងបានដាក់ចេញប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ សាលាបឋមសិក្សាគំរូ និងសាលាមធ្យមសិក្សាគំរូ រួមជាមួយនឹងយន្តការគាំទ្រនិងអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធានាបាននូវការអនុវត្តមានភាពច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ។ ក្នុងឆ្នាំ២០២៤ សាលារៀនចំនួន ៧៩៣ ត្រូវបានជ្រើសរើសជាសាលារៀន គោលដៅអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្ដល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះសាលាមត្តេយ្យសិក្សា ៩៦ សាលាបឋមសិក្សា ៣៤៨ និងសាលាមធ្យមសិក្សា ៣៤៩ »។
 សូមបញ្ជាក់ថា សាលារៀនគំរូ គឺជាសាលារៀនដែលសម្រេចបាននូវស្តង់ដាទាំង ៥ ដែលរួមមាន លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិនិងរដ្ឋបាលសាលារៀន, និងគណនេយ្យភាពរបស់សាលារៀន៕

Comments

Related posts