លោក បៃដិន និងលោក ស៊ី ជីនពីង បើកកិច្ចសន្ទនាតាមទូរស័ព្ទ ចំពោះមុខភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6489

អន្តរជាតិ៖ កាលពីថ្ងៃអង្គារលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានព្យាយាមស្វែងរកការគ្រប់គ្រងភាពតានតឹងជុំវិញបញ្ហាសមុទ្រចិនខាងត្បូង និងការស្បថចូលកាន់តំណែងរបស់មេដឹកនាំថ្មីកោះតៃវ៉ាន់នៅខែឧសភាខាងមុខក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលនេះជាកិច្ចសន្ទនាដោយផ្ទាល់លើកដំបូងបំផុតរវាងមេដឹកនាំទាំង២ ចាប់តាំងពីជំនួបកាលពីខែវិច្ឆិកា ឆ្នាំមុនមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Reuters។ សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាលោក បៃដិនបានប្រើប្រាស់កិច្ចសន្ទនាតាមទូរស័ព្ទដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាព នៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងនីតិរដ្ឋ រួមទាំងសេរីភាពនៃការធ្វើនាវាចរនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ បើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួវិញ លោក ស៊ី ជីនពីង បានលើកឡើងដែរថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក កំពុងចាប់ផ្ដើមមានស្ថិរភាព ប៉ុន្តែបានព្រមានពីលទ្ធភាពដែលប្រទេសទាំង ២អាចនឹងធ្លាក់ចូលក្នុងជម្លោះ ឬការប្រឈមមុខដាក់គ្នា។ គួរបញ្ជាក់ថា ភ្លាមៗក្រោយការប្រកាសពីកិច្ចសន្ទនារវាងលោក បៃដិន និងលោក ស៊ី ជីនពីង លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅប៉ុន្មានសប្ដាហ៍ខាងមុខបន្ទាប់ពីដំណើរទស្សនកិច្ចក្នុងទីក្រុង ប៉េកាំង របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ក្នុងសប្ដាហ៍នេះ៕

Comments

Related posts