វិស័យទេសចរណ៍ក្នុងខេត្តបាត់ ដំបង បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋប្រមាណជាង ៥ពាន់នាក់ និងប្រយោលរាប់ម៉ឺននាក់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ០៣ ០៤ ២០២៤

IMG_6492

IMG_6493-1

MC រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តបាត់ ដំបង បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋប្រមាណជាង ៥ពាន់នាក់ និងប្រយោលរាប់ម៉ឺននាក់ ដែលជួយឱ្យជីវភាពរបស់ប្រជាពល រដ្ឋនៅក្នុងខេត្តកាន់តែមានភាពប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្ត និងស្នាក់នៅក្នុង ខេត្តបាត់ ដំបង សរុប ១២២,៥៥២នាក់ កើនឡើង ៥.៥១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
  
     ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោក ផេង សិទ្ធី អភិបាល រងខេត្តបាត់ដំបង បានឱ្យដឹងថា ខេត្តបាត់ដំបងគឺជាខេត្តមួយ ដែលមានសម្រស់ប្រិមប្រិយ មានភាពទាក់ទាញសម ជាខេត្តល្អសម្រាប់ការរស់នៅបំពេញការងារ និងការទស្សនា មានវិសាលភាពផ្ទៃដីធំទូលាយសំបូរដោយភោគសម្បត្តិធម្មជាតិប្រវត្តិសាស្ត្រ សិល្បៈវប្បធម៌បុរាណយ៉ាងសម្បូរបែប ស្នាម ញញឹមរួសរាយរាក់ទាក់ ប្រកបដោយ ភាពទន់ភ្លន់ ទាក់ចិត្តទេសចរ ព្រមទាំងម្ហូបអាហារអ្នកបាត់ដំបង (Tourism Gastronomy) ដែលជាសក្តានុពល ទេសចរណ៍យ៉ាងសំខាន់។ជាងនេះទៅទៀត ក្រុងបាត់ដំបង ក៏បានចូលជាសមាជិកទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការ យូណេស្កូ ផ្នែកម្ហូបអាហារ ដែលនេះជាចលករមួយដ៏សំខាន់ក្នុងការទាក់ទាញទេសចរមកទស្សនាកម្សាន្ត សិក្សា ស្រាវជ្រាវ និងសម្រាកលំហែកាយ។  
  លោកបន្តថា ដោយកត្តាទាំងអស់នេះ ធ្វើឱ្យចំនួនទេសចរមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចខេត្តរហូតដល់មូលដ្ឋាន សុខុមាលភាពប្រជាពល រដ្ឋ កាត់បន្ថយភាពក្រីក និងចំណាក ស្រុក។ 
   លោកបន្ថែមថា កត្តាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត ក៏មានភាពល្អប្រសើរ រួមជាមួយការ អភិវឌ្ឍគម្រោងជាច្រើន ដែលគាំទ្រដល់វិស័យទេសចរណ៍ឱ្យកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានមកទស្សនា កម្សាន្ត និងស្នាក់នៅក្នុង ខេត្តបាត់ ដំបង សរុប ១២២,៥៥២នាក់ កើនឡើង ៥.៥១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដោយក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន ១១៣,៤៩៣ នាក់ កើនឡើង ៥.៧០ % និងភ្ញៀវអន្តរជាតិ ៩,០៥៩ នាក់ កើនឡើង ៣.១៥% ។ 
 «ឆ្នាំ២០២៣ វិស័យទេស ចរណ៍បានផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋដោយផ្ទាល់ ៥,១០៣ នាក់ និង អភិវឌ្ឍវិស័យទេសចរណ៍ថ្មីៗបន្ថែម ដើម្បីបង្កើនភាពទាក់ ទាញ លើកកម្ពស់សកម្មភាពទេសចរ និងបង្កលក្ខណៈ ដោយប្រយោលរាប់ម៉ឺននាក់ផ្សេងទៀត តាមរយៈការធ្វើម្ហូបអាហារលក់ក្នុងពិធីបុណ្យសកលនិងព្រឹត្តិកាណ៍ផ្សេងៗទៀត ដែលរដ្ឋបាលបានរៀបចំ។ រួមទាំងអ្នកទទួលផលប្រយោជន៍ដទៃៗទៀត ដែលរាប់មិនអស់ ដើម្បីបានអាហារមកទីក្រុង ដែលវត្ថុធាតុដើមបានវិញមកពីគ្រប់ទិសទីផងដែរ។    ជាងនេះទៅទៀត ក្នុងឆ្នាំ២០២៤ នេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង គ្រោងរៀបចំដើម្បីបង្កលក្ខណ: ងាយស្រួលដល់ភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា កម្សាន្ត សម្រាក លំហែកាយ និងស្នាក់នៅក្នុងខេត្ត។ »
  លោកអភិបាលរងខេត្តបាត់ដំបងបានបន្ថែមទៀតថា បច្ចុប្បន្នខេត្តក៏មានការកើនឡើងជាបន្តបន្ទាប់នូវសម្បទាទេសចរណ៍ និង កន្លែងកម្សាន្តជាច្រើនដូចខាងក្រោម៖ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តសរុប ១១៥ ទីតាំង សណ្ឋាគារ ចំនួន៤៨កន្លែង ផ្ទះភ្ញៀវចំនួន៩៩កន្លែងភោជនីយ ដ្ឋាន អាហារដ្ឋាន ចំនួន ២១៣ កន្លែងម៉ាស្សា ស្ប៉ាស្តង់ដា ចំនួន ៦ កន្លែងខារ៉ាអូខេ ចំនួន ២៤ កន្លែងក្លឹបកម្សាន្ត ចំនួន ២ កន្លែងបៀរហ្គាឌិន ចំនួន ១ កន្លែង កីឡាទេសចរណ៍ ចំនួន៩កន្លែង។ 
  ជាងនេះទៅទៀត នាឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ រដ្ឋបាលខេត្ដនឹងរៀបចំធ្វើកម្មវិធីសង្រ្កាន្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការរៀបចំដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែង ទុរេនយក្ស ណែមយក្ស រួមទាំងមានកម្មវិធីកម្សាន្ដនៅពេលរាត្រីមានការប្រគំតន្រ្តី ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌ក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលធ្វើឱ្យបងប្អូនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ នឹងទទួលបានផលចំណេញដោយផ្ទាល់និងប្រយោលផងដែរពីការរៀបចំសង្រ្កាន្តបាត់ដំបង២០២៤នេះ៕

Comments

Related posts