រដ្ឋមន្ត្រីក្រសួងសាធារណការ ពង្រឹងការងារជញ្ជីងថ្លឹងរថយន្តកន្លែងក្តៅដាក់អ្នកខ្លាំង

 

 វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង

IMG_6496-1

IMG_6495

IMG_6494

IMG_6499-1

IMG_6498

      ស្ទឹងត្រែង៖  រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន រៀបយន្តការអនុវត្តពង្រឹងការងារគ្រប់ គ្រងជញ្ជីងថ្លឹងរថយន្តឱ្យមាន ប្រសិទ្ធភាព ដើម្បីការពារផ្លូវថ្នល់  ដែលកំពុងប្រើប្រាស់សព្វថ្ងៃឱ្យបានឆ្លើយតបទៅតាមការចង់បាន  ព្រោះផ្លូវមួយខ្សែៗ  រាជរដ្ឋភិបាល ចំណាយថវិកាសាងសង់អស់ច្រើនណាស់។
        ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត  នៅសាលាខេត្តស្ទឹងត្រែង ថ្ងៃទី០៣ខែមេសាឆ្នាំ ២០២៤  ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា៖ថ្នាក់ដឹកនាំនាយកដ្ឋាន ក្រសួង សាធារណការត្រូវរៀបចំយន្តការត្រួតពិនិត្យ  និងជួយទៅលើអង្គភាពជញ្ជីង  ដែលកំពុងអនុវត្តថ្លឹងរថយន្តលើសទម្ងន់ ដើម្បីធ្វើឱ្យការងារមានប្រសិទ្ធភាពខ្ពស់  ។
      ឯកឧត្តម  រដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា៖ចាប់ពីពេលនេះទៅផ្នែកជំនាញត្រូវពិនិត្យមើលទាំង៣៣ជញ្ជីងទូទាំងប្រទេស   ដើម្បីពិនិត្យមើលកន្លែងណាក្តៅត្រូវដាក់អ្នកខ្លាំងទៅធ្វើការ  ព្រោះកន្លែងខ្លះមានការអន្តរាគមន៍ដែលជាហេតុនាំឱ្យពិបាកដល់ការធ្វើការងារ  ហើយក្រសួងនឹងគាំទ្រសម្ភារៈបច្ចេកទេសបន្ថែមសម្រាប់យកទៅអនុវត្តតែម្តង។
  «  វប្បធម៌អន្តរាគមន៍នេះគឺ យើងប្តេជ្ញាហើយពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនលើសទម្ងន់នេះ  គឺធ្វើយ៉ាងណាការពារ  គោល បំណងយកតែមួយទេការពារផ្លូវ បើផ្លូវយើងធ្វើអស់លុយច្រើនណាស់ អស់លុយច្រើនហើយ  គេអត់សប្បាយចិត្តទៀត ដោយសារផ្លូវឆាប់ខូច ដល់អ៊ីចឹងត្រូវធ្វើម៉េចត្រូវរៀបយន្តការឱ្យស្រួលធ្វើម៉េច  ឱ្យប្រជាពលរដ្ឋយើងសាទរ ទៅនឹងសេវា ទៅនឹងសមិទ្ធផលរបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន របស់យើង  ជាពិសេសមន្ទីរដែលជាសេនាធិការបស់ក្រសួង  ជាអ្នកអនុវត្តផ្ទាល់នៅមូលដ្ឋាន ។»
   ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានគាំទ្រដល់យន្តការនេះ ព្រោះពេលផ្លូវស្ពានមាននូវគុណភាពប្រើប្រាស់បានយូរអង្វែង បង្ហាញពីខេត្តមានសមិទ្ធផលល្អ   និងបានរួមចំណែក  ក្នុងការកសាងអភិវឌ្ឍខេត្តឱ្យរីក ចម្រើនក្នុងទិសដៅទៅអនាគត  ។
     លោកស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា៖ ទិសដៅនេះមន្ទីរបានផ្សព្វផ្សាយច្បាប់ផង អប់រំផង  និងអនុវត្តផ្ទាល់ផង  ហើយបងប្អូនអាជីវករមួយចំនួនក៏ត្រូវបានឱ្យធ្វើកិច្ចសន្យាចំពោះមុខច្បាប់។ 
     លោកបន្តថា៖ ជាក់ស្តែងនៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ ការងារដឹកជញ្ជូន  មន្ត្រីជំនាញបានអនុវត្តផាកពិន័យរថយន្តដឹកលើកទម្ងន់បាន៤.០៩២គ្រឿង និងអនុវត្តកាត់តំណទ្រុងរថយន្តបានចំនួន០៧ផងដែរ  ។
        សូមបញ្ជាក់ថា៖ក្នុងពិធីជួបសំណេះសំណាលនេះ  ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន  បានជំរុញឱ្យមន្ត្រីជំនាញលើកគម្រោងជួសជុលផ្លូវចាប់ពីស្ពានសេកុង  ទៅដល់ច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលប្រវែង ជាង៦០គីឡូម៉ែត្រឱ្យបានឆាប់ និងពិនិត្យថវិកាសម្រាប់បន្តស្ថាបនាផ្លូវ៩២ឆ្ពោះទៅតំបន់ទេសចរណ៍ព្រះនិមិត្តប្រវែង២៧គីឡូម៉ែត្របន្ថែមនៅឆ្នាំ២០២៤នេះ៕

Comments

Related posts