លោកអ្នកនាង និងប្រិយមិត្តជាទីមេត្រី !
ក្រសួងព័ត៌មាននឹងរៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារឡើងវិញ ក្នុងគោលបំណងអប់រំបណ្តុះគំនិត និងសីលធម៌សម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើក កម្ពស់សិទ្ធិរបស់កុមារ លុបបំបាត់អំពើកេងប្រវញ្ចលើកុមារ លុបបំបាត់ការសេពគ្រឿងញៀន បញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍។ បទយកការណ៍របស់វិទ្យុជាតិកម្ពុជាថ្ងៃនេះ សូមលើក យកពីចំណាប់អារម្មណ៍របស់កុមារា កុមារី ជាបេក្ខជន បេក្ខនារី លោកគ្រូអ្នកគ្រូ និង សកម្មភាពហ្វឹកហាត់ត្រៀមចូលរួមប្រឡងក្នុងមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន មកផ្សាយជូនលោកអ្នកនាងនិងប្រិយមិត្ត ដែលលោក ភួង ឈុនលាង ជាអ្នកធ្វើសេចក្តីរាយការណ៍៖
..................ចម្រៀងរបស់កុមារកំពុងហ្វឹកហាត់..............
ក្រសួងព័ត៌មានតែងតែប្រារព្ធមហោ ស្រពតន្ត្រី និងចម្រៀងកុមារជារៀង រាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារកម្ពុជាក្នុងការបង្ហាញសមត្ថភាពពិតរបស់ពួកគេ។ តាមរយៈមហោស្រពនេះក៏ជាឱកាសមួយលើកទឹកចិត្តដល់កុមារកម្ពុជា ក្នុងការបញ្ចេញភាពអង់អាចក្លាហាន ទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដទៃទៀតនិងជាទំពាំង ស្នងឫស្សីសម្រាប់សង្គមជាតិ។សម្រាប់ឆ្នាំ ២០២៤នេះ មហោ ស្រពតន្ត្រី និងចម្រៀងកុមារពាន រង្វាន់ក្រសួងព័ត៌មាន បានប្រកាសដល់មាតា-បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសិក្សាទាំងសាធារណៈនិងឯកជន សហគមន៍ និងអង្គការ សមាគម ចូលរួមជួយជំរុញឱ្យប្អូនៗ កុមារា-កុមារី ដែលមានចំណង់ចំណូលចិត្ដ ទេពកោសល្យ និងទឹកដមសំឡេងពិរោះខាងផ្នែកសិល្បៈតន្រ្ដី និងចម្រៀង អាចដាក់ពាក្យប្រឡងក្នុងមហោស្រពតន្រ្ដី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន។
សំឡេងកុមារី ជា សុមនា «នាងខ្ញុំរៀននៅសាលាបឋមសិក្សា ហាំង ង៉ោ ស្រះចក ថ្នាក់ទីបួន ខ្ញុំច្រៀងបទកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ។ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តបានមកចូលរួមច្រៀងមហោស្រពកុមារវាស្រួលដែរ ស្រួលច្រៀងដោយសារបទហ្នឹងវាខ្លីជួយបង្ហាត់បង្រៀនខ្ញុំឱ្យច្រៀងរាំ(ចម្រៀងក្មួយស្រី សុមនា)។»
ជួបជាមួយអ្នកគ្រូ សុខ សុម៉ាលី ដែលកំពុងតែផ្ចិតផ្ចង់មើល និងកាន់ទូរសព្ទថត សកម្មភាពហាត់សម សម្តែង និងច្រៀងរបស់កូនៗនៅសាលសិល្បៈនៃអគ្គនាយកដា្ឋនវិទ្យុជាតិកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖
សំឡេង«ខ្ញុំឈ្មោះ សុខ សុម៉ាលី ជានាយិការងនៃសាលាបឋមសិក្សា ហាំងង៉ោស្រះចក បានដឹកនាំសិស្សចំនួនពីរក្រុមដើម្បីមកសមនៅវិទ្យុជាតិយើងនេះ។ សរុបមកមួយក្រុមមានប្រាំមួយនាក់ ពីរក្រុមត្រូវជាដប់ពីរនាក់ ហើយចម្រៀងដែលត្រូវច្រៀងហ្នឹងគឺបួនបទ ដោយបទទីមួយ មានចំណងជើងថា ស្រឡាញ់បរិស្ថាន ទីពីរគោរពច្បាប់ចរាចរណ៍ បទទីបីគឺ កូនល្អសិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយនិងបទទីបួនគឺ នាំគ្នាដើរឱ្យឆ្ងាយពីគ្រឿង ញៀន។ការដឹកនាំក្រុមនេះគឺខ្ញុំដឹកនាំគាត់ រាំផ្ទាល់ ច្រៀងផ្ទាល់នៅសាលាអស់រយៈពេលប្រហែលពីរទៅបីអាទិត្យនោះទេ ហើយហាត់បានតែមួយពេលទេ គឺមួយពេលទៀតគាត់រៀនធម្មតា»។
ក្រោយពីអាក់ខានដោយសារការរាតត្បាតដោយជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានបង្កើតកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារនេះឡើងវិញ ដែលជាការផ្តល់ឱកាសសម្រាប់កុមារទូទាំងប្រទេសអាចចូលរួមបញ្ចេញទេពកោសល្យរបស់ខ្លួន។
សំឡេង«ក្រសួងព័ត៌មានបង្កើតឱ្យមានតាំងពីឆ្នាំ២០១២មក តែខ្ញុំ(សាលាបឋមសិក្សា ហាំង៉ោស្រះចក )បានចូលរួមប្រហែលជាបីឆ្នាំទេ ក៏ជួបវិបត្តិកូវីដផ្អាកមួយសា។ឥឡូវហ្នឹងក្រសួងចាប់ផ្ដើមទៀត ក្មេងនឹងមានឱកាសបញ្ចេញសមត្ថភាពទៀត។ខ្ញុំសប្បាយចិត្ត ខ្ញុំពេញចិត្ត ខ្ញុំយល់ថាល្អ ក្រសួងព័ត៌មានបង្កើតឱ្យមានមហោស្រពកុមារពានរង្វាន់ក្រសួងព័ត៌មាននេះគឺល្អសម្រាប់កុមារទូទាំងប្រទេសតែម្ដង ព្រោះមិនមែនតែរាជធានីទេគឺម្ភៃប្រាំខេត្តក្រុងដែលបានចូលរួម សង្ឃឹមថា កុមារទាំងមានឱកាសបញ្ចេញសមត្ថភាពរៀងៗខ្លួនដើម្បីទទួលយកពាននៅថ្ងៃប្រកួត»។
អ្នកគ្រូ សុម៉ាលី សូមលើកទឹកចិត្តកុមារទាំងអស់ត្រូវហ៊ានបញ្ចេញសមត្ថភាព ភាពក្លាហានរបស់ខ្លួនដោយមានការជំរុញបន្ថែមពីមាតាបិតាផងដែរ។
សំឡេង« ខ្ញុំយល់ថាមហោស្រពកុមារនេះគឺជាឱកាសសម្រាប់កុមារបញ្ចេញសមត្ថភាពគាត់មានអារម្មណ៍សប្បាយរីករាយ។សម្រាប់កុមារឱ្យតែឮសូរអ្វីដែលទាក់ទងនឹងសិល្បៈចម្រៀងកុមារ ឱ្យតែពាក់ព័ន្ធនឹងកុមារ គឺគាត់ ចង់តែម្ដង។ខ្ញុំសូមសំណូមពរដល់មាតាបិតាសិស្សទាំងអស់ ទូទាំងប្រទេសតែម្ដងប្រសិនណាជាមានឱកាសដែលក្រសួងព័ត៌មានបានបង្កើតឱ្យមានមហោស្រពកុមារនេះហើយពាក់ព័ន្ធនឹងកូនៗអស់លោក សូមអស់លោកជួយជំរុញគាត់ឱ្យបញ្ចេញសមត្ថភាពដើម្បីគាំទ្រកុមារ។អត្ថន័យចម្រៀងទាំងអស់ក្នុងប្រធានបទដែលក្រសួងព័ត៌មានបានដាក់ឱ្យនេះគឺសុទ្ធតែពាក់ព័ន្ធនឹង កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អទាំងអស់ អញ្ចឹងសូមមាតាបិតាជួយជំរុញបន្ថែមនូវអ្វីដែលគាត់ចង់»។
មានសម្បុរស្រអែម ក្រងសក់ទីទុយ ជាសិស្សមកពីសាលាបឋម សិក្សាវត្តកោះ ក្មួយស្រី ខេង សៀវម៉ី ដែលមានជីដូនមកជួយលើកទឹក ចិត្តពេលកំពុងហាត់ច្រៀងផងនោះបានរៀបរាប់ថា៖
សំឡេង«ខ្ញុំឈ្មោះខេង សៀវម៉ី អាយុដប់ឆ្នាំរៀនថ្នាក់ទីបី សាលាបឋមសិក្សាវត្តកោះ ខ្ញុំពិតជារីករាយដែលបានឃើញមិត្តភក្តិបានជួបជុំគ្នា មានអារម្មណ៍សប្បាយ មានអារម្មណ៍អរ ប៉ាខ្ញុំគាត់ជាអ្នករកស៊ី ហើយម៉ាក់គាត់ទៅមើលយាយនៅឯស្រុក ខ្ញុំចូលចិត្តច្រៀង និងចេះរាំដែរ ខ្ញុំហាត់បានពីរបីដងហើយ ចង់ឱ្យមិត្ដភក្ដិច្រៀងឱ្យជាប់ រៀនចេះ ខិតខំរៀនសូត្រ ច្រៀងឱ្យបានល្អជាប់លេខមួយ(ចម្រៀងក្មួយ ខេង សៀវម៉ី)»។
អង្គុយដោយភាពស្ងៀមស្ងាត់ ផ្ចង់អារម្មណ៍ ភ្នែកសម្លឹងមើលការហាត់ច្រៀងរបស់ចៅ អ៊ំស្រីជា ណារី ជីដូនរបស់ក្មួយស្រី ខេង សៀវម៉ី បានឱ្យដឹងថា៖ ដោយសារឪពុកម្តាយរបស់ចៅមានការមមាញឹកខ្លាំង ដូច្នេះជាការគាំទ្រនិងលើកទឹកចិត្ត អ៊ំស្រីត្រូវតែជូនចៅរបស់គាត់មកចូលរូមដោយក្តីរំភើបរីករាយពេលឃើញចៅមានភាពក្លាហាន។
សំឡេង«ខ្ញុំមកមើលចៅច្រៀងខាងសិល្បៈ មើលទៅដូចមិនពិបាកសមទេដោយសារចៅខ្ញុំគាត់ធ្លាប់សមនៅខាងសាលាជាមួយអ្នកគ្រូសិល្បៈ។ ខ្ញុំមានអារម្មណ៍សប្បាយរំភើបនៅក្នុងខ្លួនសប្បាយហ្មង។ មុនដំបូងខ្ញុំគិតថាមិនបានមកទេ ប៉ុន្តែចៅថាឥឡូវ លោកយាយមកៗ គាត់ចង់យំហូរទឹកភ្នែករលីងរលោង។ដោយសារម្តាយរបស់ចៅ ទៅមើលយាយនៅឯស្រុកឈឺ ម៉ែគាត់ទៅស្រុកបាត់ហើយ អញ្ចឹងខ្ញុំមកតែម្ដងទៅ មកដល់គាត់សប្បាយគាត់មកឱបខ្ញុំ គាត់ច្រៀងនៅផ្ទះបានច្រើន គ្រាន់តែម្សិលមិញហ្នឹងគាត់បានច្រៀងខ្លួនឯងផ្ទាល់ឱ្យខ្ញុំស្ដាប់ ខ្ញុំពិតជារំភើបនៅពេលដែលឃើញចៅបានច្រៀងឱ្យខ្ញុំស្តាប់»។
រាល់ការបញ្ចេញសមត្ថភាពច្រៀង និងសម្តែងសម្រាប់ជាការប្រកួតប្រជែងយកជ័យលាភីក៏ពិតមែន ប៉ុន្តែសុទ្ធសឹងតែបានភ្ជាប់ជាមួយនូវអត្ថន័យ និងគោលបំណងអប់រំបណ្តុះគំនិត និងសីលធម៌ល្អសម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ ការលុបបំបាត់ការសេពគ្រឿងញៀន ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ តម្លៃនៃចំណេះវិជ្ជា សុជីវធម៌ និងការរស់នៅក្នុងសង្គម។នេះជាការលើកឡើងរបស់អ្នកគ្រួ សម សុទ្ធា ជាគ្រូផ្នែកសិល្បៈមកពីសាលាបឋមសិក្សា វត្តកោះ ដែលបានដឹកនាំក្រុមចម្រៀងកុមាររបស់សាលាមកហាត់សមត្រៀមចូលរួមប្រកួតនាពេលខាងមុខ។
សំឡេង«កុមារទាក់ទងនឹងផ្នែកចម្រៀង និយាយទៅគឺល្អព្រោះកម្មវិធីរបស់កុមារគឺជាកម្មវិធីដែលជំរុញឱ្យគាត់ក្នុងការចង់រៀនចង់សូត្រ។ ពីព្រោះចម្រៀងទាំងអស់សុទ្ធតែជាចម្រៀងអប់រំគឺអប់រំឱ្យគាត់សប្បាយនឹងការរៀនសូត្រ មិនមែនជាចម្រៀងដែលច្រៀងទាក់ទងនឹងអ្វីខាងក្រៅនោះទេ ។ និយាយទៅក្នុងបទចម្រៀងមួយៗតែងតែនិពន្ធទាក់ទងនឹងការរៀនសូត្រ ការស្រឡាញ់មាតាបិតា ការគោរពការដឹងគុណចំពោះគ្រូ ការរាប់អាន ការទំនាក់ទំនងគ្នា មិត្តភក្តិឱ្យចេះស្រឡាញ់គ្នា ឱ្យចេះសាមគ្គីគ្នា ចេះសម្អាតថែរក្សាទីធ្លាថ្នាក់រៀន សម្លៀកបំពាក់សៀវភៅ ឱ្យចេះថែរក្សាចេះស្រឡាញ់គោរពដឹងគុណឪពុកម្តាយ បងប្អូនទាំងអស់ មិនឱ្យគាត់ភ្លើតភ្លើននោះទេ។ អញ្ចឹងក្មេងក្នុងចម្រៀងមួយៗ ពេលគាត់ច្រៀងទៅគាត់សប្បាយចិត្តព្រោះចម្រៀងនោះវាទាក់ទងនឹងការរៀនសូត្ររបស់គាត់»។
សម្រាប់ការប្រកួតខាងមុខនេះអ្នកគ្រូបានឱ្យដឹងថា៖ ដោយឆ្លងកាត់បទពិសោធន៍នៃការដឹកនាំក្រុមចម្រៀងកុមារជាច្រើនលើកជាមួយក្រសួងព័ត៌មាន អ្នកគ្រូយល់ថាមហាស្រពនេះពិតជាមានសារៈសំខាន់ចំពោះកុមារ។
សំឡេង«ចំពោះកម្មវិធីនេះខ្ញុំពេញចិត្តហើយឱ្យតែកម្មវិធីនេះមាន ខ្ញុំតែងតែចូលរួមរហូតនិយាយទៅគឺខ្ញុំ ចាប់តាំងពីចេញពីសាលាគរុកោសល្យមកគឺខ្ញុំកាន់ផ្នែកហ្នឹងតែម្ដង ឱ្យតែមានកម្មវិធីនេះខ្ញុំចូលរួមរហូត។សម្រាប់ការរៀបចំរបស់មហោស្រពតន្ត្រីនិងចម្រៀងកុមារ ខាងសាលាខ្ញុំរៀបចំត្រៀមសិស្សចំនួនបួនក្រុម និងមានចម្រៀងចំនួនប្រាំបីបទហើយសិស្សចំនួនដប់នាក់។ចំពោះសិស្ស ចំពោះឪពុកម្តាយគឺ កាលណាកូនគាត់ចូលរួមអញ្ចឹងគាត់សប្បាយចិត្តគាត់ចូលរួមគាំទ្រ គាត់បានមកចូលរួមមើល កូនគាត់ហ្វឹកហាត់ហើយគាត់ជួយបង្ហាត់បង្រៀនកូននៅផ្ទះបន្ថែមទៀតនៅពេលដែលកូនត្រឡប់ទៅផ្ទះវិញក្រោយពីការបង្រៀននៅសាលា។យើងបង្ហាត់បង្រៀនគាត់បានតិចមួយសប្ដាហ៍បានត្រឹមពីរម៉ោងទេ ពីព្រោះនៅម៉ោងគាត់រៀនសូត្របន្ថែមទៀត»។
អ្នកគ្រូ សម សុទ្ធា សំណូមពរឱ្យមានកម្មវិធីនេះបន្តទៀត ដើម្បីជាឱកាសសម្រាប់កុមារបញ្ចេញទេពកោសល្យរបស់ខ្លួន។
សំឡេង«គួរឱ្យមានកម្មវិធីនេះ មិនថាក្រសួងព័ត៌មាន មិនថាវិទ្យុឬក៏ទូរទស្សន៍នោះទេ សូម្បីតែខាងក្រសួងអប់រំក៏គាត់គួរតែមានកម្មវិធីសម្រាប់កុមារអញ្ចឹងទៅ ក្នុងមួយឆ្នាំយើងត្រូវមានកម្មវិធីម្តង ដើម្បីឱ្យកុមារគាត់បានចូលរួមប្រកួត ពីស្នាដៃ ពីសមត្ថភាព ឱ្យគាត់បានបញ្ចេញសមត្ថភាពរបស់គាត់។ខ្ញុំក៏សូមផ្តាំផ្ញើទៅដល់កូនៗទាំងអស់គ្នាដែលជាសិស្សចូលរួមហ្វឹកហាត់ច្រៀងជាមួយខ្ញុំក្ដី ទាំងសិស្សមិនបានចូលរួមក្ដីសូមផ្ដាំផ្ញើថាគាត់ត្រូវប្រឹងរៀន ឱ្យចេះស្រឡាញ់ការសិក្សា ហើយកុំគេចវេះពីការសិក្សា កុំលេងល្បែងផ្សេងៗ(ហ្គេម) តាមរយៈទូរសព្ទ កុំចូលចិត្តមើលទូរសព្ទច្រើនពេក ឱ្យគាត់ប្រឹងរៀនជាធំ ព្រោះថាចំណេះវិជ្ជាសំខាន់ណាស់សម្រាប់កុមារនៅតូចៗ និងជាគ្រឹះសម្រាប់គាត់ទៅអនាគត»។
ឯកឧត្តម ញូង សារិន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា៖ តាមរយៈការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងបង្ហាត់បង្រៀនដោយអ្នកគ្រូលោកគ្រូសិល្បៈ ឯកឧត្តមរំពឹងថាក្រុមទាំង៦ ដែលឯកឧត្តមដឹកនាំផ្ទាល់នេះនឹងធ្វើបានល្អក្នុងថ្ងៃប្រកួត។
សំឡេង«ចំពោះខ្ញុំៗហ៊ានឱ្យតម្លៃតែក្រុមរបស់ខ្ញុំទេ ខ្ញុំហ៊ានឱ្យតម្លៃក្រុមខ្ញុំក្នុងលក្ខណៈមិនអន់ពេក ហើយក៏មិនល្អពេកដែរ។ដូច្នេះបានន័យថាតាមខ្ញុំយល់ក្រុមរបស់ខ្ញុំគឺមានសមត្ថភាពរហូតដល់ចិតសិបភាគរយឡើងទៅ តាមរយៈការដែលពួកគាត់មកហ្វឹកហាត់នេះអាចប្រកួតជាមួយនឹងគេបាន។ ក្រុមដែលខ្ញុំកាន់គឺមានពីរសាលា សាលាវត្តកោះ និងសាលាស្រះចក មានចំនួនប្រាំមួយក្រុម ហើយមានដប់ពីរបទក្នុងមួយក្រុមចំនួនពីរបទ។ ក្នុងចំណោមបទចម្រៀងទាំងអស់នឹងជាពិសេសអត្ថបទចម្រៀងបានន័យថាប៉ារ៉ូលគឺអ្នកគ្រូលោកគ្រូតាមសាលាជាអ្នកផ្តល់មកឱ្យ ហើយបទភ្លេងគឺខ្ញុំរ៉ាប់រងទាំងអស់ ទំនុកច្រៀងរបស់គាត់ និយាយបែបកុមារអាយុចាប់ពីដប់បួនឆ្នាំចុះ មិនមែនក្នុងន័យបទចម្រៀងយុវវ័យនោះទេ បទចម្រៀងនោះគឺបទចម្រៀងកុមារដូចជាកុំលេងដី លាងដៃឱ្យស្អាត ស្រឡាញ់មិត្តភក្តិ ទៅរៀនឱ្យទាន់ ពេលវេលាជាដើម»។
សូមជម្រាបជូនផងដែរថា តាមរបាយការណ៍របស់ក្រុមការងារមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន សិស្សដែលចូលរួមប្រឡងមានចំនួនសរុប ៣៣ក្រុម និងមានបទចម្រៀងចំនួន ៦៦ បទ ដោយនឹងត្រូវឆ្លងកាត់ជម្រុះចំនួនពីរវគ្គ។ ការរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារនេះឡើង ដើម្បីបណ្តុះភាពក្លាហានដល់កុមារ និងជាការលើកទឹកចិត្តកុមារកម្ពុជាក្នុងការបង្ហាញសមត្ថភាពពិតរបស់ខ្លួនដោយភាពក្លាហាន ប្រកបដោយទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដទៃទៀតដែលសុទ្ធសឹងជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិ៕