របាំត្រុដិ គឺជារបាំបណ្តេញឧបទ្រព ចង្រៃក្នុងឆ្នាំចាស់ នាំមកនៅសុភមង្គលនិងភាពសម្បូរសប្បាយក្នុងឆ្នាំថ្មី

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៤.០៤.២០២៤

a51-2

a48-4

a49-2

a50-3

  របាំត្រុដិ គឺជារបាំបណ្តេញឧបទ្រព ចង្រៃក្នុងឆ្នាំចាស់ នាំមកនៅសុភមង្គលនិងភាពសម្បូរសប្បាយក្នុងឆ្នាំថ្មី  ដែលគេតែងប្រារព្ធធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនដែលអាក់ខាននោះឡើយ ។
 
កញ្ញា ឡុង ស្រីពេជ្រ ដែលជាតួអង្គ១រូបក្នុងរបាំត្រុដិ បានលើកឡើងថា របាំត្រុដិ ជារបាំប្រជាប្រិយមួយបែបដែលតែងតែប្រារព្ធឡើងនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបណ្ដេញឧបទ្រពចង្រៃ និងប្រសិទ្ធិពរជ័យសិរីសួស្ដីសម្រាប់ឆ្នាំថ្មីដល់ប្រជាជនខ្មែរ ដែលដូនតាបានបន្សល់ទុកតាមពីបុរាណ សម្រាប់បង្ហាញនូវខឿនវប្បធម៌រួមសាមគ្គីគ្នារបស់ជនជាតិខ្មែរ ព្រមទាំងជាការបង្ហាញនូវវប្បធម៌ដ៏ល្អផូរផង់ ។
កញ្ញា បានលើកឡើងទៀតថា តួអង្គរាំរបាំដែលខ្លួនជាសត្វឬរុក្ខទេវតា តំណាងនូវសភាវៈល្អ ឬអាក្រក់ គឺអាចសម្គាល់នូវលក្ខណៈពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យឆ្លងផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋខ្មែរ មានលក្ខណៈជីវចលនិយម ហើយលើសពីនេះទៀត គឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្ស សេរីសួស្តី ដោយបង្ហាញការរួមសម្ព័ន្ធភាព សាមគ្គីភាព របស់ពួកគេឡើងវិញ ។  ក្នុងរបាំនេះ គឺជាការសាមគ្គីរបស់មនុស្សខ្មែរគ្រប់ឋានៈ គ្រប់វណ្ណៈក្នុងសង្គម ត្រូវពង្រឹងសាជាថ្មីឡើងវិញ ដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គលដោយក្តីសង្ឃឹម ។ លក្ខណៈពិសិដ្ឋមួយទៀត របស់របាំត្រុដិ គឺមានជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើសឬក្ងោក ដែលឆ្លុះបញ្ចាំងនូវរូបភាពឯកភាពផ្នែកជំនឿសាសនា  « របាំត្រុដិនេះគឺមានតួអង្គជាច្រើន ដូចជា ទន្សោង ព្រាន ក្ងោក ព្រាន យក្ស ប្រើស ហើយប្រើសនេះគឺជាតួឯកសំខាន់ ព្រោះប្រើគឺជាតួអង្គសត្វមានប្រភេទ ដែលមានជំនឿតាំងពីដើមតបតគ្នា គឺឱ្យតែមានសត្វប្រភេទនេះចូលទៅក្នុងភូមិ គឺគេចាត់ទុកថា គឺជាសត្វចង្រៃ ដូច្នេះគេលេងរបាំនេះដើម្បីដេញឧបទ្រពចង្រៃចេញឱ្យអស់ កុំឱ្យមានកើតឡើងនៅក្នុងឆ្នាំថ្មី ហើយភាគ ច្រើនគេរាំរបាំនេះ គឺ នៅតាមក្រសួង ស្ថាប័ន និងឱកាសសង្ក្រាន្តនានានៅតាមភូមិផ្សេងៗ ជាដើម » ។
  កញ្ញា សាលែនឌី ជានិស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កញ្ញាតែងតែចូលរួមពិធីសាសនា ពិធីកម្សាន្ត ក៏ដូចជាការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ដែលដូនតាខ្មែរបានបន្សល់ ទុក សម្រាប់បង្កភាពសប្បាយរីក រាយ បួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើននៅក្នុងឆ្នាំថ្មី បណ្ដេញឧបទ្រពចង្រៃនិងបំភ្លេចចោលរាល់ទុក្ខកង្វល់ទាំងអស់នៅក្នុងឆ្នាំចាស់ ។ កញ្ញា បានបន្តថា សម្រាប់ការ ចូលរួមក្នុងពិធីសាសនាទាំងអស់នេះ អ្វីដែលពេញចិត្តបំផុតគឺការទស្សនារបាំត្រុដិ ព្រោះរបាំនេះ បានបង្ហាញនូវអត្ថន័យយ៉ាងស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងរួមសាមគ្គីគ្នា ការគោរពគ្នាទៅវិញទៅមក ជាពិសេសនោះគឺបានឆ្លុះបញ្ចាំងនូវជំនឿសាសនាដែលប្រជាពលរដ្ឋខ្មែរតែងតែគោរពប្រណិប័តន៍ ។
 សូមបញ្ជាក់ថា តាមសៀវភៅ «របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀម ទម្លាប់ខ្មែរ សរសេរចងក្រងថា ពាក្យ «ត្រុដិ» ជាពាក្យដើមមកពីភាសា សំស្ក្រឹត ដែលប្រែថា «ផ្តាច់ ឬកាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា «ត្រស្តិសង្ក្រាន្ត» ជាប់រហូតដល់សព្វថ្ងៃ ៕

Comments

Related posts