ប្រជាពលរដ្ឋនិយមលេងល្បែងទាញព្រ័ត្រ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

 

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី   ១៤ មេសា ២០២៤

IMG_7839-1

IMG_7838

IMG_7837

IMG_7834

IMG_7836

IMG_7833

 

MC៖   ល្បែងទាញព្រ័ត្រ ជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទដែលប្រជាពលរដ្ឋតែងតែនិយម លេងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបង្កភាពសប្បាយរីករាយបង្ហាញការរួបរួមគ្នា និងជួយឱ្យរាងកាយមានសុខភាពល្អ។

 

កញ្ញា ហែម ស្រីមាន រស់នៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការនាំគ្នាលេងល្បែងប្រជាប្រិយរបស់ខ្មែរនេះមិនត្រឹមតែបានសប្បាយប៉ុណ្ណេះទេ ថែមទាំងបានបង្ហាញឱ្យប្រទេសជិតខាងបានស្គាល់ បានដឹងថាវាជារបស់ខ្មែរយើងពិតៗ។ កញ្ញាបន្ដថា កញ្ញាពិតជាចង់ឃើញយុវជន យុវនារី នាំគ្នាលេងល្បែងប្រជាប្រិយរបស់ខ្មែរយើងឱ្យបានគ្រប់ទីកន្លែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចង់ឱ្យមានការលេងបែបនេះរហូត ជារៀងរាល់ឆ្នាំ។

« ឧទាហរណ៍ថាបើទៅសៀមរាបគេមានល្បែងប្រជាប្រិយលេង ឥឡូវសូមលើកទាញព្រ័ត្រមួយយើងមកពីគ្រប់ខេត្តអត់ដែលស្គាល់គ្នា តែពេលយើងកាន់ខ្សែព្រ័ត្រយើងស្គាល់គ្នា។ មួយចំហៀងយើងអត់ដឹងថាព្រ័ត្រអ្នកព្រ័ត្រជាមួយយើងថាគាត់មកពីខេត្តណាឬក៏ស្រុកណាទេ ប៉ុន្តែមកដល់គឺដឹងតែសាមគ្គីគ្នា ហើយនៅពេលយើងប្រឹងទាញយើងឈ្នះយើងសប្បាយចិត្ត។ ហើយយើងនៅពេលដែលយើងនាំគ្នាលេងល្បែងប្រជាប្រិយទាញព្រ័ត្រធ្វើឱ្យកូនខ្មែររបស់យើងមិនអាចបំភ្លេចបាន នូវវប្បធម៌ខ្មែរយើងដែលបានបន្សល់ទុកមកដូនតា ហើយក៏មិនសាបបើសិនជាយើងនៅតែបន្តលេង។ ហើយឱ្យប្រទេសជិតខាងអឺរ៉ុប ឬក៏អ្នកជិតខាងយើងដឹងថាល្បែងនេះជារបស់ខ្មែរ យើងមិនមាន copy មកពីប្រទេសជិតខាង ដូចជាការលេងប៉ាតម្សៅហ្នឹងគឺយើងទទួលវប្បធម៌ពីប្រទេសគេ វាអាចជាគំរូមិនល្អ។ តែបើទាញព្រ័ត្រ បោះអង្គញ់ ចោលឈូង គឺជាវប្បធម៌របស់យើង អ៊ីចឹងយើងមិនគួរណាបំភ្លេចវាគួរតែនៅបន្តថែរក្សាលេងនិងប្រព្រឹត្តទៅរាល់ឆ្នាំ គឺខ្ញុំសូមអំពាវនាវឱ្យមានអ៊ីចឹង»។

រីឯប្អូនប្រុស ភួង ខេមរា រស់នៅរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះល្បែងប្រជាប្រិយខ្មែរ គឺចូលចិត្តលេងទាំងអស់ ទាំងលាក់កន្សែង ចោលឈូង ទាញព្រ័ត្រ និងបោះអង្គញ់ជាដើម ព្រោះវាសប្បាយ ហើយទទួលបានផលប្រយោជន៍ជាច្រើន ដូចជា បានជួបជុំគ្នាជាមួយមនុស្សដែលយើងធ្លាប់ស្គាល់ ក៏ដូចជាបង្កើតនូវចំណងមិត្តភាពជាមួយនឹងអ្នកដទៃផ្សេងទៀត ដោយការលេងល្បែងប្រជាប្រិយ។ បន្ថែមពីនេះការលេងល្បែងប្រជាប្រិយខ្មែរ ក៏បានបង្កភាពសប្បាយរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំ ពីព្រោះវាគឺជាល្បែងប្រជាប្រិយរបស់ប្រជាជនខ្មែរ ជាប្រពៃណី ជាពិសេសថែមទាំងជាការដែលចូលរួមចំណែកមួយក្នុងការលើកស្ទួយល្បែង និងបានចូលរួមអភិរក្សល្បែងប្រជាប្រិយរបស់ខ្មែរយើងផងដែរ។

ប្អូនប្រុស ខេមរា បានបន្ដទៀតថា សម្រាប់ល្បែងប្រជាប្រិយដែលប្អូនចូលចិត្តខ្លាំងបំផុត គឺទាញព្រ័ត្រ ព្រោះល្បែងនេះបានធ្វើឱ្យយើងចេះសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីទទួលបានជ័យជំនះ។

«សម្រាប់ល្បែងទាញព្រ័ត្រ អ្វីដែលខ្ញុំផ្ដល់ជាងគេគឺការសហការគ្នា ពីព្រោះថាយើងលេងទាញព្រ័ត្រយើងលេងពីរក្រុម។ អ៊ីចឹងបើចង់ឱ្យក្រុមយើងឈ្នះ គឺយើងត្រូវចេះសាមគ្គី សហការគ្នា រួមកម្លាំងតែមួយ ទើបអាចឈ្នះបាន នេះគឺជាអ្វីដែលខ្ញុំចាប់អារម្មណ៍ ហើយផ្ដោតលេងជាងគេ ព្រោះដោយសារតែវាផ្ដោតលើការរួបរួមគ្នា សហការគ្នានិងរួមកម្លាំងតែមួយដូចប្រជាជនខ្មែរអ៊ីចឹង»។

សូមជម្រាបថា «ល្បែងទាញព្រ័ត្រ» បានដាក់ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ តាមការស្នើពីប្រទេសចំនួន៤ សុំចុះល្បែងទាញព្រ័ត្រចម្រុះជាតិសាសន៍ដែលក្នុងនោះមានប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន៕

Comments

Related posts