អាជ្ញាធរឃុំកោះសំរោង បាន រៀបចំកម្លាំងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៤.០៤.២០២៤

IMG_7840-1

IMG_7842-1

IMG_7841-1

IMG_7843-1

អាជ្ញាធរឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបចំកម្លាំងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលធ្វើឱ្យប្រជាពលរដ្ឋមកធ្វើបុណ្យទាន លេងកម្សាន្ត មានភាពកក់ក្តៅនិងសប្បាយរីករាយ ។
លោក សន សុខ មេឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានមានប្រសាសន៍ថា អាជ្ញាធរទាំងអស់នៅក្នុងឃុំ បានយកចិត្តទុកដាក់រៀបចំសោភ័ណភាព តុបតែងលម្អតាមលំនៅឋាន និងដងផ្លូវនានា ជាពិសេស បានធ្វើការណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រៀបចំសំអាតបរិវេណផ្ទះរៀងៗខ្លួន និងតាមទីសាធារណៈនានា  ដើម្បីទាក់ទាញភ្ញៀវឱ្យមកលេងកម្សាន្ត នៅលើទឹកដីកោះមួយនេះ ឱ្យបានច្រើនកុះករ ។ 
  លោកបានបន្តថា ដើម្បីរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋដែលបានមកលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ អាជ្ញាធរឃុំ ក៏បានរៀបចំបែងចែកកម្លាំងសមត្ថកិច្ចជាច្រើនផ្នែក ក្នុងការការពារក្នុងមូលដ្ឋានឱ្យមានសន្តិសុខល្អ និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋដែលមានលេងកម្សាន្ត ។ 
« គឺយើងបានបែងចែកជា៤ក្រុម ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំនេះ ដូច្នេះការបែងចែកនេះ ទី១គឺប៉ុស្តិ៍រដ្ឋបាលយើងមាន៥នាក់ គឺនៅប្រចាំការនៅឃុំកោះសំរោងសម្រាប់ឆ្លើយតបបន្ទាន់នៅពេលណាដែលមានបញ្ហាកើតឡើង ។ ទី២ យើងបានបែងចែកក្រុមប្រឹក្សាដើម្បីចុះគ្រប់គ្រងតាមបណ្ដាវត្ត គឺមានប្រជាការពារនិងមេភូមិ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ។ ទាក់ទងនឹងការងារសន្តិសុខនេះគឺអាជ្ញាធរពាក់ព័ន្ធមានការការពារជាប់ជាប្រចាំ ហើយកន្លងមកគឺការការពារអនុវត្តបានល្អប្រសើរ ដោយមានការសហការពីប៉ុស្តិ៍រដ្ឋបាលមេឃុំ មេភូមិ រួមនឹងប្រជាការពារ ជាពិសេសគឺការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំក្នុងការងារសន្តិសុខនេះ » ។ 
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាលក្ខណៈ វប្បធម៌វិសេសវិសាលរបស់ជនរួមជាតិខ្មែរ ជាពិធីបុណ្យធំជាងគេបំផុតក្នុងរយៈពេល១ឆ្នាំ ដោយមានអត្ថន័យសំខាន់ពិសេស ផ្តើមឱ្យឆ្នាំថ្មីពោរពេញដោយក្តីជំនឿ បំណងប្រាថ្នា បួងសួងសុំសេចក្តីសុខគ្រប់ប្រការ ជីវភាពសុខដុម សុភមង្គល និងជាឱកាសសម្តែងនូវទឹកចិត្តកតញ្ញូ កតវេទិតាធម៌ និងសេចក្តីគោរពចំពោះលោកអ្នកមានគុណ ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ជាពេលវេលាដ៏សែនសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក្នុងការជួបជុំក្រុមគ្រួសារ លេងល្បែងប្រជាប្រិយខ្មែរ និងការរាំច្រៀងកម្សាន្តនៅតាមទីវត្តអារាម និងភូមិស្រុករៀងៗខ្លួន ៕

Comments

Related posts