អាជ្ញាធរ ស្រុកឆ្លូង កំពុងយកចិត្តទុកដាក់ស្តារប្រព័ន្ធស្រោចស្រព សម្រាប់ប្រជាកសិករ ក្នុងការងារបង្កបង្កើនផល

Narith | ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ 2024

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០២ ឧសភា ២០២៤

a21-89

a19-74

a18-94

a17-110

a16-119

a22-81

a20-90

MC៖ អាជ្ញាធរ និងមន្ដ្រីស្រុកឆ្លូង បាននិងកំពុងយកចិត្តទុកដាក់លើការងារស្ថាបនាប្រព័ន្ធស្រោចស្រព សម្រាប់ប្រជាកសិករ ក្នុងការបង្ក បង្កើនផលទាំងប្រាំងនិងវស្សា ។

   នៅក្នុងពិធីសា្ដរបឹងកូនសត្វ ស្ថិត នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានមានប្រសាសន៍ថា រដ្ឋបាលស្រុកបានអនុវត្តតាមអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល និងបានដាក់ចេញនូវផែនការ អភិវឌ្ឍន៍លើវិស័យអាទិភាពសំខាន់ៗ ដោយបច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុកទាំងមូលកំពុងអនុវត្តយ៉ាងសកម្មពង្រីកការងារបង្កបង្កើនផល ចំពោះដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្ម ការកសាងជួសជុល ហេដ្ឋារចនាសម្ពន័រូបវន្ត ការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស និង ការថែទាំសុខុមាលភាពជូនប្រជាពលរដ្ឋ ។
   លោកស្រី បានបន្ដថា ប្រព័ន្ធស្រោចស្រពនៅគ្រប់ឃុំ មានទំនប់ ប្រឡាយតូច ធំមួយចំនួន អាចស្តុកទឹកសម្រាប់ស្រោចស្រពបាន លើផ្ទៃដីបង្កបង្កើនផលទាំងប្រាំងនិងវស្សា (ក្នុងករណីមិនមានការរាំងស្ងួត) ។ ក្រៅពីនេះ ដំណាំកសិឧស្សាហកម្ម មាន កៅស៊ូ ស្វាយចន្ទី ម្រេច ស្វាយកែវល្មៀត ដំឡូងមី សណ្តែកសៀង។ល។ ដែលកំពុងត្រូវបានប្រជាកសិករពេញ និយមក្នុងការដាំដុះ ដែលធ្វើឱ្យប្រាក់ចំណូលក្នុងគ្រួសារមានការកើនឡើងមួយកម្រិតថែមទៀត។ លោកស្រី បញ្ជាក់ថា គិតចាប់ពីខែមីនា និងក្នុងខែមេសាឆ្នាំ២០២៤ ស្រុកឆ្នូងទាំងមូល ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល បានជួបប្រទះនូវបញ្ហាអាកាសធាតុក្តៅខ្លាំង និងពុំមានភ្លៀង បានបង្កឱ្យមានកង្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកសម្រាប់ផ្គត់ផ្គង់ផលដំណាំផ្សេងៗ ដោយ ត្រពាំងអូរ មួយចំនួនតាមបណ្តាឃុំក្នុងស្រុក បានរីងស្ងួត។ លោកស្រី បន្ថែមថា ក្រោមការចង្អុលបង្ហាញដោយឯកឧត្តម ឆាន់ សាផាន រដ្ឋលេខា ធិការក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ ក៏ដូចជា អាជ្ញា ធរស្រុកឆ្លូង ក៏មានការស្តារបឹងកូនសត្វមួយកន្លែងស្រុកឆ្លូង ដើម្បីអាចជួយសម្រួលការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់នេះ។
«ដោយមានបញ្ហាជួបការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់ ជាក់ស្ដែង នេះ ក្នុងនាមថ្នាក់ដឹកនាំ ស្រុកឆ្លូង និងក្នុងនាមនាងខ្ញុំផ្ទាល់ មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបាន ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆ្លូង ចង្អុលបង្ហាញ និងណែនាំ ដើម្បីស្តារបឹងកូនសត្វ មួយកន្លែង ដែលមានទំហំផ្ទៃបឹងចំនួន ៥១ហិកតា ស្ថិតនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដើម្បីឱ្យផ្ទៃដីបឹង កាន់តែជ្រៅ និងធំ អាចស្តុកទឹកទុកបានច្រើន សំដៅឱ្យការប្រើប្រាស់ទឹកស្រោចស្រពស្រូវ ដែលមានផ្ទៃដីប្រមាណជា៦៩៤ហិកតា របស់បងប្អូនប្រជាពលរដ្ឋចំនួន៥១២ គ្រួសារដែលមានមនុស្សចំនួន ៥៥៦០នាក់នៅតាមភូមិឃុំ និងឃុំពាក់ព័ន្ធយកទៅប្រើប្រាស់សម្រាប់បង្កបង្កើនផលបានគ្រប់គ្រាន់ ជាពិសេសការធានាដល់ការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា»។
   លោកស្រីអភិបាលស្រុកឆ្លូង  បញ្ជាក់ថា ដោយទទួល បានការណែនាំផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត និងផ្នែកជំនាញពាក់ព័ន្ធ បានរៀបចំរក្សាការប្រើប្រាស់ទឹកដោយប្រុង ប្រយ័ត្នខ្ពស់ ដោយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមកុំបន្តធ្វើស្រែប្រាំងជាលើកទី២ ព្រោះខ្លាចខ្វះទឹក ប្រើប្រាស់ពុំគ្រប់គ្រាន់ធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការចំណាយលើការដាំដុះដំណាំស្រូវ ដើម្បីធានាឱ្យមានការប្រើប្រាស់ទឹកបានគ្រប់គ្រាន់ និងទាន់ពេលវេលា៕