ទំនៀមធ្វើពិធីសុំទឹកភ្លៀងរបស់បងប្អូនភូមិលាងដៃ នៅប្រាសាទនាគព័ន្ធ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤

IMG_0668-1

IMG_0660

IMG_0661

IMG_0664-1

IMG_0665-1

IMG_0666-1

IMG_0662

IMG_0663-1

IMG_0669

MC. បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រារព្ធពិធីសុំទឹកភ្លៀង ដែលជាទំនៀមទម្លាប់តពីបុរាណមក។ កិច្ចពិធីសុំទឹកភ្លៀងនៅឆ្នាំ២០២៤នេះ បានចាប់ផ្តើមនៅ ថ្ងៃទី២ និងព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ តាមជំនឿក្រោយធ្វើកិច្ចពិធីនេះរួចរាល់ អ្នកស្រុកជឿថា ភ្លៀងនឹងឆាប់បង្អុរមក ហើយផលដំណាំ របស់ពួកគាត់ក៏នឹងចាប់ផ្តើមលូតលាស់ ល្អប្រសើរផងដែរ។
   អ្នកយកព័ត៌មានយើងប្រចាំខេត្ត សៀមរាបធ្វើសេចក្តីរាយការណ៍!
    ពិធីសុំទឹកភ្លៀងតែងធ្វើនៅពេលចាប់ផ្តើមចូលរដូវធ្វើស្រែចម្ការ តែពុំទាន់មានភ្លៀងធ្លាក់ ឬមានគ្រប់គ្រាន់។ ទំនៀមធ្វើពិធីសុំទឹកភ្លៀងរបស់បងប្អូនភូមិលាងដៃ គេមិនបានកំណត់ថ្ងៃជាក់លាក់នោះឡើយ គឺចាស់ទុំក្នុងភូមិមូលមតិគ្នាធ្វើនៅពេលទំនេរ ហើយគេច្រើនធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ គឺក្រោយពិធីឆ្លងចេត្រ។ 
  នៅក្នុងឆ្នាំនេះ ពិធីបួងសួងសុំទឹក ភ្លៀង ត្រូវបានប្រារព្ធធ្វើឡើងវិញនៅប្រាសាទនាគព័ន្ធ។ បើទោះបីខកខានធ្វើពិធីបួងសួងនៅបរិវេណប្រាសាទនាគព័ន្ធ រយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយសារការឆ្លងរីករាលជំងឺកូវីដ១៩ ប៉ុន្តែពិធីបួងសួងសុំទឹកភ្លៀង គឺមិនបានខកខានឡើយ ដោយបានរួមគ្នាប្រារព្ធធ្វើនៅក្នុងភូមិ ជាធម្មតា។ 
  លោក ព្រះ ព្រឿន អាចារ្យនៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ បានឱ្យដឹងថា ដើមឡើយរយៈពេល៣ឆ្នាំម្តង អ្នកភូមិតែងមកធ្វើពិធីបួងសួងសុំទឹកភ្លៀងម្ដងនៅប្រាសាទនាគព័ន្ធ។ តែបើមានឆ្នាំណារាំងស្ងួតខ្លាំង គេអាចធ្វើមួយឆ្នាំម្តង។ លោកថា តាមទំនៀមកម្មវិធីសំខាន់ៗក្នុងកិច្ចសុំទឹកភ្លៀងនេះ រួមមាន៖ រសៀលថ្ងៃទី១ ប្រុងពាលី បន្ទាប់មកពិធីចូលរូប ពិធីបួងសួង និងពេលល្ងាចមានពិធីសូត្រមន្តជាដើម។ លុះព្រឹកថ្ងៃបន្ទាប់ គេរៀបចំម្ហូបអាហារ មានបបរ នំបញ្ចុក ឬបង្អែមហូបជុំគ្នា ចំណែកថ្ងៃត្រង់រៀបចំពិធីនិមន្តព្រះសង្ឈឆាន់ចង្ហាន់ថ្ងៃត្រង់ ទើបគេក៏ចាប់ផ្តើមហែចាក់រាហ៊ូ។ 
  លោកអាចារ្យបានបន្តថា ពិធីបួង សួងសុំទឹកភ្លៀងនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូននៅក្នុងភូមិលាងដៃ  គឺជាទំនៀមមួយដែលបានបន្សល់ទុកតាំងពីបុរាណកាលមក ត្រូវបន្តប្រតិបត្តិស្ទើរតែមិនដែលខកខានឡើយ។ ព្រោះតែអ្នកភូមិជឿថា ក្រោយប្រារព្ធធ្វើកិច្ចពិធីនេះរួចរាល់ ភ្លៀងនឹងឆាប់បង្អុរមក ហើយផលដំណាំចម្ការពួកគេក៏នឹងចាប់ផ្តើមលូតលាស់ ល្អប្រសើរផងដែរ។ 
 គឺទំនៀមទម្លាប់មកតតាំងពីនិយាយរួមតាំងពីខ្ញុំអត់ទាន់កើត មួយស្នងមួយៗតាំងពីដើមមក ចេះតែបន្តធ្វើតាមប្រពៃណី កុំឱ្យវាបាត់។ ធ្វើទៅប៉ះណាឆ្នាំមុនៗ មិនទាន់ហែផង មកវ៉ូៗភ្លៀងទទឹកគ្នាអស់ ឆ្នាំនេះមិនដឹងយ៉ាងម៉េចដែរ ព្រោះនេះវាចូលរាំងស្ងួតគ្រប់ប្រទេស មិនដឹងថាយ៉ាងម៉េចទេណាស់ បើសិនរាំងស្ងួតតែមួយ
កន្លែងៗមួយតំបន់ៗ យើងអាចធានាបាន ជួនណាបួងសួងរួចពីល្ងាចអ៊ីចេះ យប់ឡើងភ្លៀងទទឹកតាយាយនៅសម្រាកទីនេះអស់ វាជាទំនៀមទម្លាប់យើងធ្វើតគ្នាមក។
ការប្រារព្ធធ្វើពិធីបួងសួងនេះ សបញ្ជាក់ឱ្យឃើញថា វិស័យកសិកម្ម នៅតែមានសារៈសំខាន់សម្រាប់ប្រជាជនខ្មែរ ការប្រកបរបរធ្វើស្រែចម្ការ នៅតែពឹងផ្អែកទៅលើធម្មជាតិជាចម្បង ជាពិសេសសង្ឃឹមលើទឹកភ្លៀង។ ទោះបីជាបរិមាណទឹកភ្លៀងគ្រប់គ្រាន់សម្រាប់មួយឆ្នាំក៏ពុំទាន់ទៀងថាអស់កង្វល់ដែរ ត្បិតជួនកាលការដែលភ្លៀងបង្អុរមកនោះមិនត្រូវតាមពេល វេលា។ ពេលសំណាបចាប់ផ្តើមលូតលាស់ធម្មតា ភ្លៀងក៏បែរជារាំងទៅវិញ ធ្វើឲ្យសំណាបក្រៀមស្វិត ជួនកាលទៀត សំណាបត្រូវរីកលូតលាស់ ស្រាប់តែភ្លៀងធំធ្លាក់ជាប់គ្នាច្រើនថ្ងៃពេក បណ្តាលឲ្យរលួយខូចអស់ក៏មាន។ បើកាលណាដើមឆ្នាំត្រូវធ្លាក់ភ្លៀងហើយ ពុំឃើញធ្លាក់ ហើយចេះតែបន្តការរាំងស្ងួតនេះច្រើនអាទិត្យតទៅទៀត អ្នកស្រុកតែងនាំគ្នាប្រារឰពិធីសុំទឹកភ្លៀង។ ជាពិសេសបងប្អូនប្រជាពលរដ្ឋ អ្នករស់នៅជុំវិញតំបន់អង្គរតែម្តង។ ឯរបៀបរបប ឬកិច្ចដែលធ្វើនោះ មានលក្ខណៈខុសៗគ្នាពីតំបន់មួយទៅតំបន់មួយ៕

Comments

Related posts