មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ គ្រោងនឹងប្រព្រឹត្តទៅក្រោមមូលបទ ចីរភាពតាមរយៈនវានុវត្តន៍បៃតង

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៦ ៥ ២០២៤

IMG_0870

IMG_0869

IMG_0868

ភ្នំពេញ ៖ មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ គ្រោងនឹងប្រព្រឹត្តទៅក្រោមមូលបទ ចីរភាពតាមរយៈនវានុវត្តន៍បៃតង ចាប់ពីថ្ងៃទី១០ ដល់១១ ខែឧសភា ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនម៉ល មានជ័យ។ 
មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំនេះ គឺរៀបចំឡើងដោយអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា និងអង្គការស្ទីមកម្ពុជា ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ហើយឆ្នាំនេះនឹងបំផុសគំនិតចីរភាពនិងនវានុវត្តន៍បៃតង។
មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំនេះ មានគោលបំណងជំរុញឱ្យអ្នកចូលរួម កំណត់រកចំណុចរួម មួយនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) ដោយយកបញ្ហាបរិស្ថានធ្វើជាចំណុច ឆ្លុះបញ្ចាំង។ ទន្ទឹមនឹងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការរេចរឹលនៃបរិស្ថានដែលជាការចាំបាច់ បន្ទាន់ មហោស្រពទៀតសោតក៏នឹងចូលរួមលើកទឹកចិត្តសិស្ស-និស្សិតឱ្យបង្ហាញស្នាដៃក្នុងការបង្កើត គម្រោង ស្វែមនានា តាមរយៈនវានុវត្តន៍បៃតង ដើម្បីធានាបាននូវបរិស្ថានបៃតងស្អាតកាន់តែបវរជូនប្រទេសកម្ពុជា។
ដើម្បីជំរុញការប្តេជ្ញាសម្រេចតាមគោលដៅនៃការអប់រំស្ទែមឱ្យបាន ម្ចាស់ឧបត្ថម្ភកម្មវិធីធំៗដែលមានដូចជា ក្រសួងបរិស្ថាន និងក្រុមហ៊ុន SMART Axiata រួមទាំងក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន និង KILAT Events ដែលជាដៃគូសហការ បានរួមគ្នាគាំទ្រការរៀបចំមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ប្រចាំឆ្នាំលើកទី១៨ នេះឡើង។
ការរួមចំណែកនេះគឺជាកាយវិការមួយដ៏សំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាយើងមានវប្បធម៌ ចេះប្រើប្រាស់ វិទ្យាសាស្ត្រ និងនវានុវត្តន៍មកធ្វើជាមធ្យោបាយក្នុងការសិក្សារៀនសូត្រ។
មហោស្រពរបស់យើងនឹងមានសកម្មភាពចម្រុះជាច្រើន ហើយជាអាទិ៍ រួមមានការតាំងបង្ហាញគម្រោងវិទ្យាសាស្ត្រ របស់សិស្ស-និស្សិត ការពិសោធវិទ្យាសាស្រ្តផ្ទាល់ជាក់ស្តែង កម្មវិធីប្រកួតប្រជែងនានាជាច្រើនទៀតផង។
សិស្ស-និស្សិតមកពីសាលារៀន និងសាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា នឹងមានឱកាសបង្ហាញ ស្នាដៃ ក្នុងការបង្កើតគម្រោងស្ទែម និងចូលរួមជាមួយមិត្តអ្នកសិក្សា លោកគ្រូ អ្នកគ្រូ អ្នកជំនាញក្នុងវិស័យសំខាន់ៗ ក៏ដូចជាតំណាងរដ្ឋាភិបាលផងដែរ។
ក្រៅពីការដាក់តាំងបង្ហាញគម្រោងស្ទែម យើងមានការប្រកួតគំនូរ ដែលផ្តោតសំខាន់លើប្រធានបទ "ទម្លាប់ប្រចាំថ្ងៃ របស់ខ្ញុំដើម្បីសង្គ្រោះបរិស្ថាន" ។ ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដើម្បីបំផុសគំនិត និងជួយឱ្យប្អូនៗកុមារ ចេះស្វែងយល់អំពីការអនុវត្តជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ ដើម្បីចូលរួមការពារបរិស្ថាន។ មិនតែប៉ុណ្ណោះការបញ្ចេញភាពច្នៃប្រឌិតតាមរយៈការគូរគំនូរ នឹងជួយឱ្យពួកគាត់ស្គាល់អំពីទម្លាប់សាមញ្ញធម្មតាៗ ដែលអាចនាំមកនូវផលហុចឱ្យខ្ពស់ដល់ការថែរក្សាបរិស្ថានទៀតផង។ 
លោកស្រី អ៊ាង និធិជ្ជនី ដឺណេ នាយកប្រតិបត្តិនៃអង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា មានប្រសាសន៍ថា យើងមាន សេចក្តីរំភើបរីករាយក្នុងការរៀបចំមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំ លើកទី១៨ ដោយកៀរគរសិស្ស-និស្សិត លោកគ្រូ អ្នកគ្រូ និងដៃគូសហការក្នុងវិស័យនេះ ដើម្បីអបអរសាទរកិច្ចការរួមគ្នា និងនវានុវត្តន៍បៃតង ដែលជាកម្លាំងចលករដ៏សំខាន់មួយ។ ទន្ទឹមនឹងការជំរុញការស្រឡាញ់ចូលចិត្តការអប់រំស្ទីម (STEAM) និងចីរភាពនៃបរិស្ថាន យើងកំពុងតម្រង់ទៅរកការលើកកម្ពស់ការកសាងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ឱ្យក្លាយជាអ្នកដោះស្រាយបញ្ហា និងបង្កើតឱ្យមានការផ្លាស់ប្តូរថ្មី សំដៅដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគត កាន់តែត្រចះត្រចង់ និងមានចីរភាព។
សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែមពាក់ព័ន្ធនឹងមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ សូមចូលទៅកាន់គេហទំព័រ www.stemcambodia.ngo ។
រួមគ្នាបំផុសគំនិត និងលើកតម្កើងយុវជនកម្ពុជាឱ្យក្លាយជាអ្នកដឹកនាំទៅថ្ងៃអនាគត នាសម័យកាលដែលមានស្ទែម ជាយាន៕

Comments

Related posts