មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានក្លាយជាថ្នាលអប់រំសម្រាប់សិស្ស-និស្សិត នៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ៥ ២០២៤

IMG_1543-1

IMG_1547

IMG_1544-1

IMG_1551

IMG_1553

IMG_1554

IMG_1555

IMG_1548

IMG_1545

IMG_1550

IMG_1549

ភ្នំពេញ ៖ មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ ប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអនមានជ័យ នៅថ្ងៃទី១០ និង១១ ខែឧសភា ឆ្នាំ២០២៤ បានបន្តភាពជោគជ័យលើការបំផុសគំនិតនវានុវត្តន៍ ក៏ដូចជាលើកកម្ពស់ការអប់រំស្ទែមជារួមផងដែរ។ 
មហោស្រពរយៈពេលពីរថ្ងៃ បានក្លាយជាថ្នាលអប់រំសម្រាប់សិស្ស-និស្សិតយើងនៅទូទាំងប្រទេសកម្ពុជា ដើម្បីអាចបង្ហាញស្នាដៃគម្រោងស្ទែមដ៏អស្ចារ្យ និងរស់រវើក ក៏ដូចជាជំរុញការពិភាក្សាគ្នាអំពីការថែរក្សាបរិស្ថាន និងបច្ចេកវិទ្យាបៃតងផងដែរ។ គម្រោងស្ទែមនីមួយៗសុទ្ធតែស្តែងចេញពីនវានុវត្តន៍ចម្រុះសំខាន់ៗ ដូចជាផ្នែកថាមពលកកើតឡើងវិញ ការគ្រប់គ្រងកាកសំណល់ ការអភិរក្សជីវចម្រុះ និងកសិកម្មប្រកបដោយនិរន្តរភាពជាដើម។ ភាពច្នៃប្រឌិត និងទេពកោសល្យដ៏អស្ចារ្យរបស់យុវជនកម្ពុជាត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញ យ៉ាងពិតប្រាកដ។ ក្នុងនោះដែរ មានគម្រោងស្ទែមជាង២០០គម្រោង ស្នាដៃសិល្បៈគំនូរជាង៥៥០ផ្ទាំង និងទស្សនីយភាពសិល្បៈចម្រុះជាង៣០ ដែលញ៉ាំងឱ្យព្រឹត្តិការណ៍នេះទាំងមូលអាចប្រព្រឹត្តទៅបានប្រកបដោយថាមវន្ត។
ក្រៅពីការជំរុញការបង្កើតថ្មី មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចីរភាពនៃបរិស្ថាន។ តាមរយៈការអនុវត្តល្អ និងគំនិតផ្តួចផ្តើមសំខាន់ៗ នៅឆ្នាំនេះអាចគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចំនួន ១០.០០០ មុខ ដូចជាដប កែវ និងបំពង់បឺតប្លាស្ទិកជាដើម ដែលនេះជាគោលដៅកាត់បន្ថយការបោះចោលកាកសំណល់ចូលបរិស្ថាន និងធ្វើជាគំរូវិជ្ជមានសម្រាប់ព្រឹត្តិការណ៍នាពេលក្រោយៗទៀត។
លោកស្រី អ៊ាង និធិជ្ជនី ដឺណេ នាយកប្រតិបត្តិនៃអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជាពិសេសចំពោះយុវជនស្ម័គ្រចិត្ត វាគ្មិនកិត្តិយស បណ្ដាម្ចាស់ឧបត្ថម្ភ ដៃគូសហការ សិស្សានុសិស្ស និងភ្ញៀវចូលរួមទស្សនាទាំងអស់ ដែលបានអញ្ជើញចូលរួមមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ នៅឆ្នាំនេះ។ លោកស្រី នឹងខំប្រឹងស្វះស្វែងពង្រឹងលទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍកាន់តែប្រសើរឡើងសម្រាប់ពេលអនាគត។
សូមបញ្ជាក់ថា អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា និងអង្គការស្ទីម កម្ពុជាបានរៀបចំមហោស្រពនេះឡើង ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយបានកៀរគរសិស្ស-និស្សិត លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ អ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាល ចូលរួមអបអរ “ចីរភាពតាមរយៈនវានុវត្តន៍បៃតង” ដែលជាមូលបទប្រចាំឆ្នាំ ៕

Comments

Related posts