ការនាំចូលអំបិលដែលគ្មានសារធាតុអ៊ីយ៉ូដនឹងធ្វើឱ្យអ្នកបរិភោគជួបបញ្ហាកង្វះអាហារូបត្ថម្ភ ជាពិសេសកុមារនិងទារក

Narith | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2024

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៦ ០៥ ២០២៥

IMG_2026-2

IMG_2027-2

  MC៖ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ បង្ហាញការព្រួយបារម្ភចំពោះ  ការនាំចូលអំបិលដែលគ្មានសារធាតុអ៊ីយ៉ូដ  ដែលធ្វើឱ្យអ្នកបរិភោគជួបបញ្ហាកង្វះអាហារូបត្ថម្ភ ហើយបើកង្វះជាតិអ៊ីយ៉ូដកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះ វានឹងបណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមក នឹងធ្វើឱ្យខួរក្បាលទារកមិនអាចលូតលាស់បានល្អ ។ 

  

  លោក ម៉ម បូរ៉ាត់ ប្រធាននាយក ដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃអគ្គនាយកដ្ឋានផែនការ ក្រសួង ផែនការ និងជាអនុប្រធានប្រចាំការ នៃអនុគណៈកម្មការជាតិបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា បានឱ្យដឹងថា បញ្ហាកង្វះអាហារូបត្ថម្ភ បង្កឡើងដោយបញ្ហាចម្បងៗ គឺ កង្វះប្រូតេអ៊ីនថាមពល និងកង្វះពពួកមីក្រូសារជាតិដូចជាកង្វះជាតិអ៊ីយ៉ូដ កង្វះជីវជាតិអា និងកង្វះជាតិដែកជាដើម។ល។ កង្វះអាហារូបត្ថម្ភ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗទៀត ដែលបង្កឱ្យមានអត្រាស្លាប់របស់ស្ត្រី និងកុមារមានកម្រិតខ្ពស់ ដូចជាបញ្ហាកង្វះជាតិអ៊ីយ៉ូដ បានធ្វើឱ្យការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារមានភាពយឺត យ៉ាវ ហើយប្រសិនបើកង្វះជាតិអ៊ីយ៉ូដកើតឡើង តាំងពីទារកនៅក្នុងផ្ទៃម្តាយនោះវានឹងបណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតតមក នឹងធ្វើឱ្យខួរក្បាលទារកមិនអាចលូតលាស់ និងមិនអាចកែលំអវិញបាន ឬទារកនឹងកើតមកមិនគ្រប់ទម្ងន់ ហើយនឹងឈានទៅដល់ការខ្វះលទ្ធភាពចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចសង្គមទៀតផង។ លោកបន្ថែមថា បញ្ហាទាំងនេះបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្សដែល ជាធនធានមានតម្លៃខ្ពស់បំផុត និងជាកត្តាកំណត់លើរាល់សក្តានុពលផ្នែកសេដ្ឋកិច្ច របស់ជាតិនីមួយៗ។ ជាក់ស្ដែងបច្ចុប្បន្ន នេះសង្កេត ឃើញថា ក្នុងទីផ្សារមួយចំនួនធំទូទាំងរាជធានី-ខេត្ត កំពុងតែមានវត្តមាន នៃអំបិលដែលគ្មានសារធាតុអ៊ីយ៉ូដ ដាក់លក់យ៉ាងអនាធិបតេយ្យ ដោយបំពានទាំងស្រុងទៅលើបទប្បញ្ញត្តិទាំងឡាយដែលមានចែង ស្ដីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ។ ដូច្នេះលោកស្នើ ដល់ប្រជាពលរដ្ឋគួរឈ្វេងយល់អំពីសារៈសំខាន់ ក្នុងការប្រើប្រាស់អំបិលអ៊ីយ៉ូដនៅក្នុងចំណីអាហារ។ 

« បញ្ហាប្រឈមសព្វថ្ងៃនេះ គឺការនាំចូលនៅម្ហូបអាហារដែលខុសច្បាប់ នៅតាមច្រក របៀងមួយចំនួនជាដើម ដូចជាការនាំចូលអំបិលដែលគ្មានសារជាតិអ៊ីយ៉ូដ ហើយនៅក្នុងទឹកត្រីគ្មានជាតិដែក និងទឹកស៊ីអ៊ីវដែលគ្មានជាតិដែក ដែលបាននាំចូលពីបណ្ដាប្រទេសផ្សេងៗ ដោយធ្វើឱ្យយើងពិបាកនៅក្នុងការគ្រប់គ្រង ស្រុក ហើយក៏ធ្វើឱ្យផលិតផលក្នុងស្រុកមានការលំបាក ដែលនេះគឺជាបញ្ហាប្រឈម។» 

  លោកប្រធាននាយកដ្ឋានលើក កម្ពស់អាហារូបត្ថម្ភ នៃក្រសួង ផែនការ ក៏បានសំណូមពរដល់គ្រប់ស្ថាប័ន មន្ទីរ-អង្គភាព ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ សូមបន្តកិច្ចសហការ និងអនុវត្តរួមគ្នា ដើម្បីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជា  សំដៅលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់ពលរដ្ឋកម្ពុជាឱ្យមានការរីកចម្រើន រួមចំណែកកាត់ បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អភិវឌ្ឍន៍ធនធាន មនុស្ស និងអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕