សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា វិស័យសុខាភិបាលនឹងគ្របដណ្ដប់នៅទូទាំងប្រទេស ប្រកបដោយគុណភាព និងសមត្ថភាពនៅតាមមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក

Chuon Bona | ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា វិស័យសុខាភិបាលនឹងគ្របដណ្ដប់នៅទូទាំងប្រទេស ប្រកបដោយគុណភាព និងសមត្ថភាពនៅតាមមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា

ភ្នំពេញ៖ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២៤។

ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញារបស់ប្រទេសនានាក្នុង ពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវា ថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូល ទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។

ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច គ.ស.ស. ជាធាតុស្នូល នៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិនានា ដូចជាយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង២០១៦-២០២០, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។

សូមបញ្ជាក់ថា ផែនទីបង្ហាញផ្លូវនេះ ជាឯកសារមគ្គុទេ្ទសក៍សម្រាប់កំណត់ដំណើរជាយុទ្ធសាស្ត្រឆ្ពោះ ទៅ គ.ស.ស. នៅកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ តាមរយៈការកំណត់ជម្រើស គោលនយោបាយអាទិភាពសម្រាប់ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងប្រព័ន្ធសុខាភិបាល ក្នុងទិដ្ឋភាពពហុវិស័យ, ពហុវិមាត្រ និងគ្រប់ជ្រុងជ្រោយ ដោយបង្ហាញទិសដៅកម្រិតយុទ្ធសាស្ត្រ និងទុកលទ្ធភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការ ប្រតិបត្តិ លម្អិត ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនេះ ជាជំហានៗ។ ផែនទីបង្ហាញផ្លូវនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមិនត្រឹមតែផ្តោតលើការពង្រីក វិសាល ភាព  នៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមប៉ុណ្ណោះទេ តែថែម ទាំងផ្ដោតផងដែរលើវិមាត្រ ២ទៀត ដែលរួមមានការគ្របដណ្តប់ សេវាសុខាភិបាល សារវន្ត, និងការការពារហានិភ័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសុខាភិបាល ព្រមទាំង ការ គិតគូរអំពីកត្តាជំរុញគាំទ្រផងដែរ៕photo_2024-05-23_08-36-12 (2)