ឯកឧត្តម ស៊ុន ចាន់ថុល ពិភាក្សាជាមួយភាគីចិន ដើម្បីជំរុញបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា

a16-136

a19-87

a18-108

a17-125

a20-103

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ពិភាក្សាជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យបានឆាប់រហ័ស កាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកំពង់ផែបរទេស។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លួវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោកស្រី Zhang Jianhua អគ្គនាយករងនាយកដ្ឋានទុនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីគម្រោងព្រែកជីក ហ្វូណនតេជោ កាលពីរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងអង្គប្រជុំក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ខេត្តកែប អភិបាលរងខេត្តកំពត និងខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងអ្នកជំនាញការជាច្រើនរូប នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានលម្អិតនានាអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទៅគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យត្រៀមរៀបចំអនុវត្តនីតិវិធីបន្ទាប់សំដៅយ៉ាងណាជំរុញដល់ការបើកការដ្ឋាននៃគម្រោងនេះឱ្យបានឆាប់រហ័ស។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ជូនលោកស្រី Zhang Jianhua និងអង្គប្រជុំកាន់តែលម្អិតបន្ថែមទៀត អំពីគម្រោងព្រែកជីកហ្វូណនតេជោ រួមមានភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាយផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និងធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ។ តាមរយៈសន្ទះផ្លូវទឹកចំនួន ៣កន្លែង ដែលគ្រោងនឹងសាងសង់ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប អាចធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្កឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្ត នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។
ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%៕