លោក ពូទីន ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើអ៊ុយក្រែនប្រើអាវុធលោកខាងលិចវាយប្រហារលើរុស្ស៉ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a34-38

a35-33

អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីបានព្រមានលោកខាងលិចថា ប្រទេសជាសមាជិក NATO មួយចំនួនក្នុងតំបន់អឺរ៉ុបកំពុងប្រឡែងលេងជាមួយភ្លើង តាមរយៈការជំរុញឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធលោកខាងលិចវាយប្រហារលើទឹកដីរុស្ស៉ី ដែលលោក ពូទីនថា អាចនឹងបង្កទៅជាសង្រ្គាមលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការព្រមានរបស់លោក ពូទីន កើតមានឡើងបន្ទាប់ពីលោក Jens Stoltenberg ប្រមុខអង្គការ NATO បានប្រាប់កាសែត Economist ថា រដ្ឋជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះគួរតែអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ីដោយប្រើអាវុធដែលលោកខាងលិចផ្គត់ផ្គង់ឱ្យ។ ការលើកឡើងបែបនេះទទួលបានការគាំទ្រពីសមាជិក NATO មួយចំនួន ប៉ុន្តែសហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរជំទាស់។ នៅចំពោះមុខអ្នកសារព័ត៌មាននាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុង តាស្កិន (Tashkent) នៃប្រទេសអ៊ូសបេគីស្ថានកាលពីថ្ងៃអង្គារ លោក ពូទីន បានគូសបញ្ជាក់ថា "ការបង្កើនជម្លោះកាន់តែខ្លាំង នឹងបង្កជាផលវិបាកធ្ងន់ធ្ងរ ហើយបើផលវិបាកធ្ងន់ធ្ងរទាំងនេះកើតឡើងក្នុងតំបន់អឺរ៉ុប តើសហរដ្ឋអាមេរិកនឹងធ្វើបែបណា? ឬក៏ពួកគេចង់ឱ្យសង្រ្គាមលោកផ្ទុះឡើងឬ?"។ លោក ពូទីន បន្ថែមថា ការវាយប្រហាររបស់អ៊ុយក្រែនចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដោយប្រើអាវុធចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិច គឺចាំបាច់ត្រូវតែមានជំនួយពីផ្កាយរណបលោកខាងលិច ចារកម្ម និងជំនួយយោធា ដែលនេះមានន័យស្មើនឹងលោកខាងលិចលូកដៃដោយផ្ទាល់ក្នុងជម្លោះ៕

Comments

Related posts