គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ៣០ ០៥ ២៤

កំពង់ស្ពឺ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាឱ្យបានឆាប់រហ័ស។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធឆ្លង “ធម្មចេតិយទី១ តម្កល់ ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណនតេជោ នៅខែសីហា ឆ្នាំ ២០២៤នេះតែម្ដង ដើម្បីកុំឱ្យយប់យូរ សុបិនច្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូនណននេះ គឺធ្វើលើទឹកដីខ្មែរ ដើម្បីផលប្រយោជន៍ពលរដ្ឋខ្មែរ មិនមែនដើម្បីផលប្រយោជន៍វៀតណាម និងចិននោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ព្រែកជីកហ្វូណនតេជោ ពេលលេចរូបរាង នឹងក្លាយជាតំបន់ប្រវត្ដិសាស្ត្រ និងបង្កភាពសម្បូររសប្បាយជូនដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ទាំងសេដ្ឋកិច្ច និងទេសចរផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតអះអាងថា គម្រោងនេះ បើមិនមានការវិនិយោគពីបរទេស ក៏កម្ពុជាធ្វើដែរ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតក៏បានថ្លែងអំណរគុណជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស និងពិភពលោក ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលជាគម្រោងមានស្មារតីជាតិខ្លាំងក្លាបំផុត។
សំឡេង  «គម្រោងនេះ មានអ្នកសួរច្រើនណាស់ ថាគម្រោងធ្វើដើម្បីផលប្រយោជន៍វៀតណាម និងចិន អ្នកណានិយាយយ៉ាងម៉េចនិយាយទៅ ធ្វើនេះលើទឹកដីខ្មែរ ដើម្បីផលប្រយោជន៍ពលរដ្ឋខ្មែរ ដែលយើងធ្វើព្រែកជីកហ្វូណន។
ព្រែកជីកហ្វូណននេះ នឹងភ្ជាប់សេដ្ឋកិច្ចពិភពលោក និងជាគម្រោងប្រវត្ដិសាស្ត្រ ដែលពលរដ្ឋខ្មែរគាំទ្រស្មារតីជាតិខ្លាំងក្លាបំផុត។
។ដូច្នេះ កិច្ចការងារព្រែកជីកហ្វូនណន យើងមិនបង្អង់នោះទេ ហើយនិងមានការចូលរួមទុនភាគច្រើនពីអ្នកវិនិយោគខ្មែរ និងការបើកមិនចាំយូរនាំឱ្យយប់យូរសុបិនច្រើន ចឹងយើងនឹងបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណនតេជោ នៅខែសីហាឆ្នាំ ២០២៤នេះតែម្ដង» ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕photo_2024-05-30_08-33-42photo_2024-05-30_08-33-45photo_2024-05-30_08-33-42 (2)photo_2024-05-30_08-33-49

Comments

Related posts