មជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាកម្ពុជា នឹងក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និងជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ៥ ២០២៤

photo_2024-05-30_08-33-39

photo_2024-05-30_08-33-45

photo_2024-05-30_08-33-49

a-265

a1-288

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយសាងសង់មជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាកម្ពុជារួចរាល់ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នឹងក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និងជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មកកម្សាន្ត តាមរយៈការមកទស្សនានិងឈ្វេងយល់កាន់តែច្បាស់ពីទេសចរណ៍វប្បធម៌និងធម្មជាតិ យ៉ាងសម្បូរបែបនៅនេះ។

ក្នុងពិធីសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍ថា ក្រោយពីការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជារួចរាល់ជាស្ថាពរ តាមគម្រោងប្លង់មេដែលបានគ្រោងទុក ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ទាំងមូលនឹងក្លាយទៅជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលគួរទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តយ៉ាងកុះករ និងបម្រើដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងបានរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាក៏នឹងក្លាយជាជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតា នៅក្នុងការស្នាក់នៅនិងសមាទានសីលនៅទីនេះ ។ បន្ថែមលើនេះមជ្ឈមណ្ឌលនេះនឹងក្លាយទៅជាជម្រកសម្រាប់កុមារ យុវជនមួយចំនួន ដែលខ្វះលទ្ធភាពជាពិសេសសិស្ស និស្សិតពីជនបទដាច់ស្រយាលបានប្រើប្រាស់សម្រាប់បួស រៀន និងបន្តការសិក្សាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ជាមួយនិងព្រៃភ្នំ ធនធានធម្មជាតិដ៏ល្អផូរផង់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានិងផ្តល់ខ្យល់បរិសុទ្ធ បរិយាកាសអនុគ្រោះ សម្រាប់ការរស់នៅ ការប្រតិបត្តិធម៌ ការធ្វើសមាធិអប់រំចិត្ត ការចម្រើនសមាធិរបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទទូទៅ ដែលនេះមានសារៈសំខាន់ក្នុងការជួយលើកកម្ពស់សុខភាពផ្លូវការនិងសុខភាពផ្លូវចិត្ត របស់ប្រជាជនស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ប្រកបដោយសីលធម៌ សមធម៌និងបរិយាប័ន្ន ផងដែរ។
 « ឥឡូវយើងបានកសាងសមិទ្ធផលបន្ថែមទៅអនាគត អ៊ីចឹងសមិទ្ធផលថ្ងៃនេះមិនត្រឹមតែជួយនៅក្នុងវិស័យពុទ្ធសាសនា សម្រាប់ពុទ្ធបរិស័ទ សីលវន្ត សីលវតី ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភព នៃការទាក់ទាញនៅក្នុងវិស័យទេសចរណ៍ ដែលឱ្យមានប្រជាជនទាំងក្នុងនិងក្រៅប្រទេស ជាតិនិងអន្តរជាតិមកកម្សាន្តបន្ថែម។ លើសពីនេះមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាអាចចាត់ទុកថាជាផ្នែកសំខាន់មួយនៅក្នុងការបន្តអនុវត្តន៍គោលនយោបាយ ព្រមទាំងបានរួមចំណែកការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក ផ្លូវធម៌ សំដៅពង្រឹងវប្បធម៌ជាតិ បណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ ចេះគោរពមាតាបិតា ជាពិសេសចេះពង្រឹងសមត្ថភាព ដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រឹមត្រូវ »។
សូមបញ្ជាក់ថា គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានេះមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និង បញ្ញា រួមមាន​ការ​សាង​សង់​ព្រះចូឡា មុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន៤ មហា​ប្រា​សាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនាផងដែរ៕

Comments

Related posts