ស៊ុយអែតប្រកាសសន្យាផ្តល់ជំនួយយោធា ១,២៥ ពាន់លានដុល្លារឱ្យទៅអ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a24-84

a25-75

a23-88

អន្តរជាតិ៖ ស៊ុយអែតបានប្រកាសសន្យាផ្តល់ជំនួយយោធា ទំហំ ១,២៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ស្របពេលដែលទីក្រុងកៀវ កំពុងជួបការលំបាកចំពោះមុខភាពយឺតយ៉ាវនៃការផ្តល់ការគាំទ្រផ្នែកយោធាពីសម្ព័ន្ធមិត្តលោកខាងលិចនៅក្នុងឆ្នាំទី៣ នៃសង្រ្គាមជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោកស្រី Ebba Busch ឧបនាយករដ្ឋមន្រ្តីស៊ុយអែតបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស៊ុយអែតនឹងគាំទ្រអ៊ុយក្រែនតាមរយៈកញ្ចប់ជំនួយទី១៦ របស់ខ្លួនដែលគិតត្រឹមពេលនេះជាកញ្ចប់ជំនួយធំបំផុតក្នុងទំហំ ១៣,៣ ពាន់លានក្រូណា (kronor) ឬស្មើនឹង ១,២៥ ពាន់លានដុល្លារអាមេរិក។ ស៊ុយអែតនឹងផ្តល់បរិក្ខារជាច្រើន រួមមានទាំងយន្តហោះឈ្លបការណ៍ ASC 890, មីស៉ីលបាញ់ពីផ្ទៃអាកាសទៅផ្ទៃអាកាសរយៈចម្ងាយមធ្យម Rb 99 ព្រមជាមួយគ្រាប់រ៉ុក្កែតផ្លោង និងគ្រាប់កាំភ្លើងធំ ហើយនិងរថពាសដែក Pansarbandvagn 302។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះស៊ុយអែតបានប្រកាសទាំងកញ្ចប់ជំនួយ ៦៥០ លានក្រូណា ដើម្បីជួយធានាការផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន ដែលបានស្ថិតក្រោមគោលដៅវាយប្រហារជាពិសេសពីសំណាក់រុស្ស៉ី និងទាំងក្របខណ្ឌជំនួយយោធានិងស៉ីវិលមួយ ដែលមានទឹកប្រាក់សរុប ៧៥ ពាន់លានក្រូណាសម្រាប់រយៈពេល៣ឆ្នាំ គឺ២០២៤ ដល់ឆ្នាំ២០២៦ ដើម្បីគាំទ្រទីក្រុងកៀវ ដរាបណាវានៅតែជារឿងចាំបាច់៕

Comments

Related posts