សម្តេចធិបតីអំពាវនាវឱ្យយុវជនត្រូវធ្វើខ្លួនឱ្យខ្លាំងខាងសិក្សារៀនសូត្រ កុំខ្លាំងខាងកាប់ដាវ

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ៣០ ០៥ ២៤

a1-287

កំពង់ស្ពឺ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យយុវជនត្រូវធ្វើខ្លួនឱ្យខ្លាំងខាងសិក្សារៀនសូត្រ កុំខ្លាំងខាងកាប់ដាវ ដើម្បីក្លាយជាធនធានមានចំណេះដឹង សមត្ថភាព សម្រាប់ខ្លួន គ្រួសារ និងជាទំពាំងស្នងឬស្សីដល់សង្គមជាតិ ។
 

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធឆ្លង “ធម្មចេតិយទី១ តម្កល់ ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តាំផ្ញើទៅយុវវ័យថា ត្រូវខិតខំសិក្សារៀនសូត្រឱ្យខ្លាំងបាននិទ្ទេសA និងចូលរួមការងារសង្គម ដោយកុំប្រកួតប្រជែងរឿងកាប់ដាវ កុំក្លាហានជាមួយរឿងខុសច្បាប់  និងបង្ហោះម៉ូតូ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែឧសភាសម្តេចបានបញ្ជាឱ្យអភិបាលខេត្ដតាកែវតាមរកក្រុមក្មេងទំនើង ដែលដេញកាប់គ្នាតាមផ្លូវជាតិលេខ៣ តែពេលនេះរកឃើញមួយចំនួនហើយ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានបន្ថែមថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាបញ្ហាអាទិភាពចម្បងទី១ ក្នុង ការលើកកម្ពស់ធនធានមនុស្សឱ្យកាន់តែមានសក្ដានុពល ដើម្បីមានចំណេះដឹង សមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាកកម្ពុជាបានធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ស្ដីពីការអប់រំឆ្នាំ២០៣០ ឆ្ពោះទៅធានាគុណភាពអប់រំប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិត សំដៅធានានូវសិទ្ធិ សេរីភាព និងសុភមង្គលសម្រាប់ បុគ្គល គ្រួសារ និងសង្គមជាតិ។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយរាល់បញ្ហា និងសំណូមពរទាំងឡាយ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា បង្កើតធនធានមនុស្ស និង មូលធនបញ្ញា ទាំងអ្នកសិក្សា និងគ្រូបង្រៀនប្រកបដោយគុណភាព សមត្ថភាព ស្របតាម និន្នាការរីកចម្រើន និងបទដ្ឋានអប់រំនៅក្នុងតំបន់ និងពិភពលោកផងដែរ៕

Comments

Related posts