សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត

Narith | ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2024

 

វិទ្យុជាតិកម្ពុជា

a6-69

a8-59

a1-75

a7-64

a-59

a4-75

a5-71

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោតកុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត។

គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជា បីជំហាន ដោយក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោង រួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ទ្វារទឹក(ក្បាលហុង) ចំនួន ១កន្លែង។
ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងការងារ សម្តេចធិបតី បានអញ្ជើញពិនិត្យ ១)ការងារសាងសង់សំណង់ទ្វារទឹកនិងស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២)ការងារសាងសង់ស្ថានីយបូមទឹកសាក់សំពៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលមានសំណង់អគារកម្ពស់ ៨ម៉ែត្រ និងទទឹង ២៧ម៉ែត្រ មានក្បាលបូម ៦គ្រឿង និង ៣)ការងារស្ដារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រនៃគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ក្នុងឱកាសនោះសម្តេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប គឺជួយស្រោចស្រង់តំបន់លិចទឹក ជាង៣០ម៉ឺនហិកតា ដែលបានប៉ះពាល់ស្រែចម្ការ ផ្ទះលំនៅឋាននិង រោងចក្រផងដែរ។ បន្ថែមពីនោះទៀត គម្រោងនេះជាប្រព័ន្ធស្រោចស្រព ប្រព័ន្ធធារាសាស្ត្រនេះគឺ ធានានូវទឹកខួបប្រាំងខួបវស្សា សម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
« គម្រោងយើងធ្វើពីរមុខ មួយមុខព្រួញគឺដោះស្រាយក្នុងក្រុងភ្នំពេញ ដែលធ្វើការសម្រួល កែលម្អប្រព័ន្ធរំដោះទឹក ដាក់លូ បន្ថែមលូខ្លះធ្វើមុខកាត់តូចឥឡូវយើងបន្ត ប៉ុន្តែគម្រោងមួយផ្នែកធំ គឺនៅខាងក្រៅ គឺគម្រោងបញ្ចៀសទឹកពីព្រែកត្នោត និងតំបន់ឱរ៉ាល់ មកទីនេះ ដែលត្រូវកាយប្រឡាយ១០ខ្សែ ជាង២៦០គីឡូម៉ែត្រ វែងជាងព្រែកជីកហ្វូណន៨០គីឡូម៉ែត្រ »។
តាមរបាយការណ៍បានបង្ហាញថា ១៖ គម្រោងស្ទឹងតូច៖ គម្រោងនេះ មានការសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ស្ថិតក្នុងស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងមានទ្វារទឹកចំនួន៥ ទ្វារនីមួយៗមានទទឹង ៨.៥ម៉ែត្រ និងមានកម្ពស់ ៧.៥ម៉ែត្រ នៃអនុគម្រោងប្រព័ន្ធដោះទឹកស្ទឹងតូច។
គម្រោងនេះ មានការស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ទំហំមាត់លើ ១០០ម៉ែត្រគិតទាំងខ្នងទំនប់សងខាង និងបាត ៤០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះ លូគ្រប់ប្រភេទចំនួន ៥៤កន្លែង ជួសជុលស្ពានចំនួន ១៣កន្លែង និងសាងសង់ទ្វារទឹក១កន្លែង។
ប្រព័ន្ធស្ទឹងតូចមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទីទៅទន្លេបាទី ធ្លាក់ទៅទន្លេបាសាក់។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧០ភាគរយ។
២៖ ប្រពន្ធ័ប្រឡាយជើងឯក៖ ប្រពន្ធ័ប្រឡាយជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក សង្កាត់សាក់សំពៅ សង្កាត់ដង្កោ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានប្រវែងសរុប ២៣គីឡូម៉ែត្រ មុខកាត់ទទឹងពី ៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងបំពាក់ស្ថានីយបូមទឹកចំនួន ៣កន្លែង (ស្ថានីយ៍សាក់សំពៅ ស្ថិតក្នុងភូមិកម្រែង សង្កាត់សាក់សំពៅ, ស្ថានីយអន្លង់គង ស្ថិតនៅភូមិ សិរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងស្ថានីយព្រែកជ្រៃ ស្ថិតក្នុងភូមិ ដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ក្នុងស្ថានីយ១កន្លែងបំពាក់ម៉ូទ័រ ៦គ្រឿង ទំហំមុខកាត់ទុយោ ១ម៉ែត្រ ដែលអាចបូមទឹកបាន ១៥ ទៅ ២០ម៉ែត្រគូប ក្នុង១វិនាទី។ ប្រព័ន្ធប្រឡាយនេះអាចដោះទឹកពីខណ្ឌកំបូលមួយផ្នែក ខណ្ឌដង្កោមួយផ្នែកធំ និងផ្នែកខ្លះនៃខណ្ឌមានជ័យ។
៣៖ ការស្តារប្រឡាយព្រែកហូរ៖ ប្រឡាយព្រែកហូរ ដកទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុចនៃភូមិព្រែកហូរលិច និងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដែលអាចរំដោះទឹកបាន ៥១៥ម៉ែត្រគូប ក្នុង១វិនាទី មានប្រវែង ៧.២គីឡូម៉ែត្រ។ ក្នុងនោះប្រឡាយរៀបថ្ម ៣.៥គីឡូម៉ែត្រ និងប្រឡាយចាក់បេតុង ៣.៧គីឡូម៉ែត្រ។ បរិមាណទឹកព្រែកហូរ ត្រូវធ្លាក់ចែកតាមព្រែកយាយជា ត្រង់ចំណុចភូមិព្រែកហូរកើត ២១៥ម៉ែត្រគូប ក្នុង១វិនាទី និងប្រឡាយភ្ជាប់លេខ៣ ត្រង់ចំណុចភូមិរការខ្ពស់ ២០០ម៉ែត្រគូប ក្នុង១វិនាទី ធ្លាក់ចូលបឹងរាន និងនៅសល់ ១០០ម៉ែត្រគូប ក្នុង១វិនាទី ហូរធ្លាក់ទៅទន្លេបាសាក់ ត្រង់ចំណុចភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់។ គិតមកដល់ពេលនេះគម្រោងសម្រេចបានប្រមាណ ៩៥ភាគរយហើយ។សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសទឹកដីខណ្ឌដង្ហោ និងតំបន់ខ្លះទៀតក្នុងខេត្តកណ្តាល កំពង់ស្ពឺ ជាប់នឹងស្ទឹងព្រែកត្នោត តែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរ។ ការជន់លិចដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ ជួរភ្នំក្រវាញ និងដោយសារផ្ទៃរងទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កាន់តែរួមតូច ដោយសារកំណើននៃសំណង់លំនៅឋាន និងតំបន់ពាណិជ្ជកម្មផ្សេងៗ។
ដើម្បីដោះស្រាយការជន់លិច ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកាប្រមាណ ៤០០លានដុល្លារអាមេរិក សម្រាប់កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងការជន់លិចនេះ រួមជាមួយនឹងគម្រោងធំៗចំនួន៩ទៀត ដែលកំពុងតែអនុវត្តន៍នាពេលបច្ចុប្បន្ន ដើម្បីដោះស្រាយការជន់លិច៕