ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុលពត បង្ហាញពីចំណងមិត្តភាព សាមគ្គីភាព ភក្តីភាពផ្សារភ្ជាប់ប្រកបដោយភក្តីភាពរវាងកម្ពុជា និងវៀតណាម

Chuon Bona | ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា និងរូបភាព អ៊ឹម នារីរតនៈ

 

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ថ្លែងថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុលពត នាថ្ងៃទី ២០ ខែ មិថុនា នេះ រួមជាមួយនឹងពិធីបើកការដ្ឋានសាង សង់ហេដ្ឋា រចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម បង្ហាញពីចំណងមិត្តភាព សាមគ្គីភាព ភក្តីភាព ផ្សារភ្ជាប់ប្រកបដោយភក្តីភាពរវាងកម្ពុជា និងវៀតណាម និងធ្វើឱ្យតំបន់កេរដំណែលប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ កាន់តែធំទូលាយ និង មានលក្ខខណ្ឌល្អប្រសើរជាងសម្រាប់ការងារអប់រំអំពីប្រពៃណីឱ្យប្រជាជនគ្រប់មជ្ឈដ្ឋាន ស្រទាប់ វណ្ណៈ ជាពិសេសគឺសម្រាប់យុវជនជំនាន់ក្រោយ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ 

 

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសន៍ ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងអបអរការភ្ជាប់ទំនាក់ទំនងការទូតខួបទី៤៧ ឆ្នាំ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា មានប្រសាសន៍ថា ការណ៍ដែលកម្ពុជាប្រារព្ធខួបពិធីអនុស្សាវរីយ៍លើកទី ៤៧  ឆ្នាំនៃ “ដំណើរការឆ្ពោះ ទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត” របស់សម្តេចតេជោ ហ៊ុន សែន នា ថ្ងៃទី ២០ ខែ មិថុនា នេះជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យដ៏មានសារ:សំខាន់។ ព្រឹត្តិការណ៍នេះមិនត្រឹមតែក្រើនរំលឹកយើង ទាំងអស់គ្នាឱ្យចងចាំនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលជាប្រភពដើមនៃការតស៊ូផ្តួលផ្ដួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅប៉ុណ្ណោះទេ ក៏ប៉ុន្តែថែម ទាំងជាសក្ខីភាពដ៏រស់រវើកមួយ បង្ហាញពីចំណងងមិត្តភាព សាមគ្គី ភាព ភក្តីភាពផ្សារភ្ជាប់ប្រកបដោយភក្តីភាពរវាងប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជាដែរ។ 

   ឯកកឧត្ដមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា នេះក៏ជាឪកាសឱ្យយើងទាំងអស់គ្នារំលឹកគោរពដឹងគុណដល់កុលបុត្រកុលធីតាដ៏ឆ្នើមទាំងឡាយនៃប្រជាជាតិទាំងពីរ ដែលបានកៀកស្មាគ្នា ពលីកម្មយ៉ាងអង់អាចក្លាហានក្នុងដំណើរការនៃការតស៊ូប្រកបដោយសុចរិតភាពនិងសច្ចធម៌នេះ។ ក្នុងចំណោម នោះ មានទាំងវីរយុទ្ធជនយុទ្ធនារី យុទ្ធជនពលី យុទ្ធជនពិការ យោធិនមានជំងឺរបួស អតីតកម្មាភិបាល អតីត ជំនាញការ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានកៀកស្មាជាមួយនឹងកុលបុត្រកុលធីតានៃប្រទេសកម្ពុជាធ្វើឱ្យប្រជាជាតិកម្ពុជា បានរស់រានមាន ជីវិតឡើងវិញ។ នេះជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ត្រូវការថែរក្សា និងពង្រីកដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់។

 ឯកកឧត្ដមឯកអគ្គរដ្ឋទូតបន្ថែមថា ទាក់ទងនឹងការបើកការដ្ឋានសាង សង់ ពង្រីកវិសាលភាពហេដ្ឋារចនា សម្ព័ន្ធមួយចំនួននៅតំបន់កេរដំ ណែលប្រវត្តិសាស្ត្រ X16 ក្នុងពេលនេះ យល់ឃើញថា នឹងធ្វើឱ្យតំបន់កេរដំណែលប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះកាន់តែធំទូលាយ និង មានលក្ខខណ្ឌល្អប្រសើរជាងសម្រាប់ការងារអប់រំអំពីប្រពៃណីឱ្យប្រជាជនគ្រប់មជ្ឈដ្ឋាន ស្រទាប់វណ្ណៈជាពិសេសគឺសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ 

   ក្នុងឱកាសនេះដែរ ឯកកឧត្ដមឯកអគ្គរដ្ឋទូតសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាគ្រប់ជំនាន់ដែលបានជួយប្រជាជន វៀតណាម ក្នុងបុព្វហេតុតស៊ូរំដោះជាតិនិងការបង្រួបបង្រួមទឹកដី ក៏ដូចជាបុព្វហេតុការពារនិងកសាងមាតុភូមិ នាពេល បច្ចុប្បន្ននេះ។

   សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៤ នេះ គឺជាខួបគម្រប់ ៤៧ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់ សម្លាប់របស់ខ្មែរក្រហម។ កាលពីថ្ងៃទី២០ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រ ស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតចាកចេញពីទឹកដី ចាកចេញពីឧត្តមភរិយានិងកូនក្នុងផ្ទៃជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ដោយផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមាន ការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ ដើម្បីរម្លឹកដល់ស្លាក ស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាស់រំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។

បន្ថែមពីលើនោះទៀតក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ៕159CA59A-ACBB-403C-BE12-113ABC74FC706C8A0211-4077-4447-893D-C1338680C284