អាជ្ញាធរខេត្តកំពង់ចាមបន្តចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ

វិទ្យុជាតិកម្ពុជា ៖ ហ៊ាង ចាន់ថា


កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រី នៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ឃុំខ្នុរដំបង ឃុំត្រពាំងគ និងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណៈមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ។
លោក មាន សម័យ ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកជើងព្រៃ បានឱ្យដឹងថា បរិមាណទឹកភ្លៀងដែលធ្លាក់ក្នុងស្រុកជើងព្រៃ មានចំនួន ២៩៥,៨ ម.ម ។ រីឯទំនប់តំបន់ ទឹកហូរច្រោះជិតទ្វារទឹកទី១ និងទ្វារទឹកទី២ ប៉ុន្តែបានទប់ស្កាត់ការហូច្រោះនោះ ដោយ ខាងមន្ទីធនធានទឹក បានផ្តល់ SK មកកាយទប់កន្លែង ដែលហូរច្រោះ ក្នុងនោះដែរ ប្រធានសហគមន៍ បានសម្រេចបើកទ្វារទឹកទី១,២,៣ ចំនួន២ក្តារឱ្យទឹកហូរចេញខ្លះ ចៀសវាងការហូរបាក់ទំនប់ ។
លោក បានបញ្ជាក់ថា ចំពោះដំណាំស្រូវនៅ ឃុំផ្តៅជុំ និងឃុំខ្នុរដំបង មានផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងលើផ្ទៃដី ចំនួន ៣០ ហ.ត ស្មើនឹង ៥០ គ្រួសារ ប៉ុន្តែទោះជាយ៉ាងនោះក្តី ដំណាំស្រូវដុះលូតលាស់ល្អធម្មតា។
ទន្ទឹមនឹងនេះដែរ អភិបាលស្រុកជើងព្រៃលោក អូត ឈាងលី បានឲ្យដឹងផងដែរថា ក្នុងកំឡុង ខែមិថុនា កន្លងទៅ ដំណាំស្រូវប្រជាពលរដ្ឋស្កកជាច្រើនហិកតា នៅក្នុងស្រុកជើងព្រៃ ។ ប៉ុន្តែដោយសារមានទឹកភ្លៀងធ្លាក់ផ្ទួនៗ គ្នានេះ ថ្វីដ្បិតតែមានជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ ដល់ដំណាំស្រូវតិចតួចរបស់ប្រជាពលរដ្ឋ ប៉ុន្តែស្រូវជាច្រើនហិកតា ដែលធ្លាប់អស់សង្ឃឹមនាពេលនោះ បានប្រែក្លាយទៅជាដុះលូតលាស់ស្រស់បំព្រងឡើងវិញ ។
លោកអភិបាលស្រុកជើងព្រៃបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងគឺកើនឡើង ប៉ុន្តែឆាប់ស្រកទៅវិញ ៕

Comments

Related posts