សម្ដេចតេជោហ៊ុន សែនផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៨៦០គ្រួសារក្នុងសង្កាត់រលួស

វិទ្យុជាតិកម្ពុជា ៖ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមសណ្ដស្ទឹង ព្រែកត្នោតចំនួន៨៦៣គ្រួសារនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ បានមកទទួលអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតំណាងដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទជាច្រើនទៀត ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះ។

អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលយកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់តាមសណ្ដស្ទឹងព្រែកត្នោតនៅសង្កាត់រលួសចំនួន៨៦៣គ្រួសារនេះគឺក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ, ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាទឹកជំនន់លិចលង់ផ្ទះសម្បែងនេះ អាជ្ញាធររាជធានីបានគិតពីសុវត្ថិភាព បងប្អូនជាចម្បង ចំណែកទ្រព្យសម្បត្ដិចាំជួយសង្គ្រោះជាក្រោយ ដូច្នេះសូមបងប្អូនយោគយល់ផង។ ឯកឧត្តមបន្តថា អាជ្ញាធរមិនត្រឹមតែជួយសង្គ្រោះប្រជាពលរដ្ឋមកនៅលើទីទួលសុវត្ថិភាពទេប៉ុន្តែថែមទាំងបានរៀបចំផ្តល់អាហារជូនទៀតផង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែតុលានេះ មានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាង១ម៉ឺនគ្រួសារហើយ បានរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនិងទឹកជំនន់ស្ទឹងព្រែកត្នោត។ អាជ្ញាធរមូលដ្ឋាននិងកម្លាំងមានសមត្ថកិច្ចបានផ្តល់កិច្ចគាំពារ ដល់បងប្អូនរងគ្រោះគ្រប់ពេលវេលា ទាំងការហូបចុក ទឹកស្អាត និង ការព្យាបាលដោយឥតគិតថ្លៃ ៕

Comments

Related posts