វិទ្យុជាតិកម្ពុជា៖
ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា មន្ត្រីដែលជាអ្នកអនុវត្តន៍ថវិកាទាំងអស់ មិនត្រូវចំណាយខ្ជះខ្ជាយ និងត្រូវចំណាយឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យខាតបង់សេដ្ឋកិច្ចជាតិ ស្របពេលប្រទេសកំពុងតែជួប នូវវិបត្តិជំងឺកូវីដ-១៩និងជួបបញ្ហាគ្រោះទឹកជំនន់ ។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាចំណូលចំណាយ៩ខែឆ្នាំ២០២០របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ឯកឧត្តមបញ្ជាក់ថា មន្រ្តីជំនាញត្រូវមើលតាមសារាចរណែនាំរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុវត្តន៍ការងារចំណូលចំណាយនេះ ឱ្យបានរលូននិងត្រឹមត្រូវ មានតម្លាភាព ។ ក្នុងនោះដែរ មន្ត្រីអនុវត្តទាំងអស់ត្រូវតែបន្តសកម្មភាពដោយយកចិត្តទុកដាក់ រៀបចំធ្វើផែនការថវិកានិងរបាយការណ៍ ចំណូលចំណាយ ឱ្យបានឆាប់រហ័សទាន់ពេលវេលាតាមការកំណត់របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ឯកឧត្តមបានបន្តទៀតថា រាល់បញ្ហាប្រឈមមួយចំនួនរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ត្រូវខិតខំរួមគ្នាកែលម្អបន្ថែម ទៀត ដើម្បីជំរុញការអនុវត្តថវិកាចំណូលចំណាយនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានភាពរលូន ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងធានាអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោកនុត សោភិរក្ស ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ហៀង សុងហួតប្រធានរតនាគា ខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ផងដែរ ៕ អត្តបទ លោក ហឿន គឹមហុន

Comments

Related posts