ក្រសួងបរិស្ថានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមការពារពពួកសត្វស្លាបនៅតំបន់បឹងស្នេហ៍

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ១០ ២០២០


MC: ក្រសួងបរិស្ថាន ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមការពារពពួកសត្វស្លាបនៅតំបន់បឹងស្នេហ៍ទួលព័ន្ធតាឡី ក្នុងខេត្តព្រៃវែង ខណៈចំនួនសត្វស្លាបរាប់ម៉ឺនក្បាលបានសម្រុកចូលទៅកាន់ទីនោះ ដើម្បីពង-កូន ក្នុងរដូវទឹកឡើងនេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា មកទល់ពេលនេះ ក្រសួងបរិស្ថានមិនទាន់ដាក់មន្ត្រីការពារនិងអភិរក្សទៅកាន់តំបន់សត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡីនេះនៅឡើយទេ ដែលនេះទាមទារឱ្យអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាសហគមន៍នៅទីនោះចូលរួមការពារទាំងអស់គ្នា ខណៈក្រសួងកំពុងរៀបចំអនុក្រឹត្យដាក់តំបន់នេះជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ដើម្បីការពារពពួកសត្វស្លាប និងជីវចម្រុះនៅទីនោះ។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីប្រជាសហគមន៍នៅទីនោះមានការព្រួយបារម្ភ និងស្នើសុំកិច្ចជួយអន្តរគមន៍ពីក្រសួងបរិស្ថាន ដើម្បីការពារ បន្ទាប់ពីចំនួនសត្វស្លាបរាប់ម៉ឺនក្បាល បានហើរទៅពង-កូនពាសពេញព្រៃលិចទឹកនៅទីនោះ។
ថ្លែងបញ្ជាក់នៅថ្ងៃទី២០ ខែតុលានេះ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រោយអនុក្រឹត្យចេញជាផ្លូវការ តំបន់ទេសភាពនិងសត្វស្លាបមួយនេះ នឹងមានការដាក់ឱ្យមានមន្ត្រីល្បាត និងអភិរក្សជាក់ជាមិនខាន។
ឯកឧត្តម​បញ្ជាក់​ថា​ «សម្រាប់ក្រសួងបរិស្ថាន យើងបានជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធនានា ហើយក៏បានឈានដល់ ការឯកភាពគ្នា ក្នុងការបង្កើតតំបន់បឹងស្នេហ៍នេះទៅជាតំបន់ការពារទេសភាព ដែលយើងនឹងរៀបចំនូវអនុក្រឹត្យ បង្កើតតំបន់នេះនៅពេលខាងមុខ។ សម្រាប់ពេលនេះស្នើឱ្យអាជ្ញាធរមូលដ្ឋានដែលមានសត្ថកិច្ចសូមចូលរួមការពារ និងអភិរក្សតំបន់នោះ ខណៈ ក្រសួងបរិស្ថានបាននិងកំពុងរៀបចំដំណើរការនីតិវិធីក្នុងការបង្កើតតំបន់នេះ ទៅជាតំបន់ ការពារទេសភាពដែលស្ថិតក្រោមការការពារដោយច្បាប់ ហើយយើងនឹងមានមន្ត្រីឧទ្យានុរក្សចូលរួមនៅក្នុងការការពារ និងអភិរក្សនៅតំបន់នោះ។»
ឯកឧត្តម បានបន្តថា ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរ និងសហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិដែលមានសក្តានុពលនេះ ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ដែលអាចទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិដ៏ច្រើនចូលទៅទស្សនា សំដៅនាំប្រភពចំណូលដល់ពលរដ្ឋក្នុងសហគមន៍ និងការចូលរួមឈប់ បរបាញ់សត្វនៅទីនោះ។
តំបន់បឹងស្នេហ៍ មានទំហំជិត៤ពាន់ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបាភ្នំ ខេត្តព្រៃវែង សម្បូរទៅដោយសត្វស្លាបជាច្រើន ប្រភេទ ជាពិសេសប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោកមានដូចជា៖ ប្រភេទស្មោញ ទុងប្រផេះ រនាល ត្រយ៉ងខ្លួនស ត្រដក់តូច និងប្រភេទចង្កៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងពពួកសត្វស្លាបផ្សេងៗ ទៀត ដោយសារជាតំបន់មានព្រៃលិចទឹក និងព្រៃល្បោះ ដែលជាទីជម្រកសម្រាប់បង្កកំណើត និងប្រភពផ្តល់ចំណី៕

Comments

Related posts