រាជរដ្ឋាភិបាលកំពុងរៀបចំនូវវិធានការគោលនយោបាយសម្រាប់ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា…

វិទ្យុជាតិកម្ពុជា៖លោកស្រី ធីណា ឌីណេ

MC៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំនូវវិធានការគោលនយោបាយសម្រាប់ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិ ដើម្បីធានាកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា ទោះបីជា កម្ពុជាត្រូវបានវាយតម្លៃ និងទទួលស្គាល់ថាជាប្រទេសមួយមានភាពល្អប្រសើរក្នុងស្ថានភាពជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានការវិវត្តនៃជំងឺនេះដោយយកចិត្តទុកដាក់ខ្ពស់និងបន្តអនុវត្តន៍នូវវិធានការ សុខាភិបាល រួមជាមួយការចាត់វិធានការមុតស្រួចក្នុងការគាំទ្រលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ឈរលើមូលដ្ឋាននេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជាអាចបន្តមានប្រក្រតីភាពល្អ ខណៈស្ថានភាពសារពើពន្ធ ជាពិសេស ផ្នែកចំណូលពន្ធ នឹងមានភាពប្រសើរជាងការរំពឹងទុក ដែលនេះជាបច្ច័យល្អសម្រាប់ការអនុវត្តថវិកាឆ្នាំ២០២១ ដោយអនុញ្ញាត ឱ្យមានលំហថវិកាជាតិ និងការប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលតិចជាងការរំពឹងទុក ។ ប៉ុន្តែថ្មីៗនេះ ផលប៉ះពាល់ពី ជំនន់ទឹកភ្លៀង បាននិងកំពុងដាក់សម្ពាធមួយផ្នែកទៀតដល់បន្ទុកចំណាយរបស់រដ្ឋ ពិសេសការស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងធារាសាស្ត្រ។ ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង រៀបចំផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលជាការគិតគូរសម្រាប់រយៈពេលមធ្យម ក្នុងការជំរុញកំណើន សេដ្ឋកិច្ចឱ្យត្រឡប់ទៅរកសក្តានុពលឡើងវិញឱ្យបានលឿន ។

លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងបានល្អប្រសើរនូវការរីករាលដាននៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការ មុតស្រួចថ្មីៗ នានាក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ និងកម្មវិធីគាំពារសង្គមជាដើម ។ ជាមួយគ្នានេះ លោក Yasuhisa Ojima បានគាំទ្រស្មារតីប្រុងប្រយ័ត្នខ្ពស់របស់រាជរដ្ឋាភិបាល តាមរយៈការបន្តតាមដានការប្រែប្រួលស្ថានភាពការម៉ាក្រូសេដ្ឋកិច្ច និងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការឃ្លាំមើលការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច ទាំងកម្រិតសកល និង តំបន់ ដើម្បីធានាបានលំនឹងនៃម៉ាក្រូសេដ្ឋកិច្ច៕​

Comments

Related posts