ក្រសួងការបរទេស បាននិងកំពុង​សម្រប​សម្រួល​ឱ្យ​និស្សិត​កម្ពុជា​ចំនួន ១២៨​នាក់…

AKP ភ្នំពេញ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ —

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន និង​កំពុង​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល នៃ​ប្រទេស​អ៊ីស្រាអែល ដើម្បី​រៀបចំ​មាតុភូមិនិវត្តន៍​និស្សិត​កម្ពុជា​ចំនួន ១២៨​នាក់ ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​នេះ ហើយ​ជួប​ការលំបាក​ក្នុងការ​
​ធ្វើដំណើរ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​។ នេះ​បើ​យោងតាម ឯកឧត្តម កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ឯកឧត្តម អ្នកនាំពាក្យ បាន​បន្ថែមថា ដោយមាន​កិច្ចសហការ​ល្អ​រវាងរ​ដ្ឋា​ភិ​បាល នៃ​ប្រទេស​ទាំងពីរ ភាគី​អ៊ីស្រាអែល នឹង​បញ្ជូន​និស្សិត​កម្ពុជា មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​សប្តាហ៍​ក្រោយនេះ ចន្លោះ​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា តាម​ជើងយន្តហោះ​ពិសេស ដែល​ហោះ​ត្រង់​ពី​ប្រទេស​អ៊ីស្រាអែល​មកកាន់​កម្ពុជា​។

​សូមបញ្ជាក់​ផងដែរ​ថា នៅពេល​យន្តហោះ​ពិសេស​នោះ​មកដល់​កម្ពុជា យន្តហោះ​ពិសេស​នេះ នឹង​ដឹកបញ្ជូន​និស្សិត​កម្ពុជា​ដែល​បានទទួល​អាហារូបករណ៍​ចំនួន ២៥០​នាក់​ផ្សេងទៀត ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​អ៊ីស្រាអែល​វិញ​ផងដែរ​៕ ​ដោយ​៖ ផែន រតនៈ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

Comments

Related posts