សហជីពទូទាំងប្រទេសចិនប្រគល់សម្ភារប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ ជូនសភាសម្ព័ន្ធសហជីពជាតិកម្ពុជា

វិទ្យុជាតិកម្ពុជា៖លោកចេមហួត
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) មានរៀបចំពិធីប្រគល់សម្ភារប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ ដែលជាអំណោយ របស់សហជីពទូទាំងប្រទេសចិន (AFCTU)។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក ចាងយ៉ូវ (Zhang Yaowu )នាយកការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជា តំណាងឲ្យសហជីពទូទាំង ប្រទេសចិន និងសមាជិកសមាជិការគណកម្មាធិការប្រតិបត្តិរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាជាច្រើនរូបទៀត។
ឯកឧត្តម សោម អូន បានថ្លែងថា បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្កើត ក្រុមស្ម័គ្រចិត្តប្រយុទ្ឋប្រឆាំងជម្ងឺដ៏កាចសហាវនេះ ហើយបានធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាល ចុះអប់រំ និង បាញ់ថ្នាំបំភាយសម្លាប់មេរោគនៅតាមបណ្តាផ្ទះជួលកម្មករ កន្លែងធ្វើការរបស់កម្មករ និងអគារសាធារណៈរបស់អាជ្ញាធរ ខេត្តក្រុង។
ឯកឧត្តម សោម អូន បានបន្តថា សហជីពប្រទេសទាំង២ បាននិងកំពុងតែងពង្រឹងសាមគ្គីភាព និងធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីជម្រៅ ដោយបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងដកបទពិសោធន៍ ពីគ្នាទៅវិញមក ជាពិសេសសហជីពទូទាំង ប្រទេសចិន តែងតែជួយដល់សហជីពកម្ពុជា នៅពេលជួបការលំបាក។
ឯកឧត្តម សោម អូន បានបញ្ជាក់ថា អំណោយសម្ភារប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ របស់មិត្តចិននៅពេលនេះ គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ និងសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ន ដែលប្រទេសកម្ពុជា កំពុងតែជួប នូវបញ្ហាប្រឈមជាមួយជម្ងឺដ៏កាចសាហាវនេះ។
ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហជីពទូទាំងប្រទេសចិន ដែលបានយកចិត្តទុកដាក់ រួមចំណែកជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្នុងការចូលរួមយុទ្ឋនាការការពារ សុខមាលភាពរបស់កម្មករ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅ។
លោក Zhang Yaowu បានលើកឡើងថា នេះជាផ្នែកមួយនៃសកម្មភាពរួមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
សហជីពទូទាំងប្រទេសចិន ប្រមូលថវិកាបានចំនួន ៤០០.០០០ យន់ ប្រមាណ ៥៩.០០០ ដុល្លារអាមេរិកសម្រាប់ទិញ សម្ភារផ្តល់ជូនសភាសម្ព័ន្ធសហជីពជាតិកម្ពុជាដូចជា៖ ម៉ាស់ ៣០ម៉ឺនម៉ាស់, មាស៊ីនបាញ់ថ្នាំ២០គ្រឿង, ឈុតហាស់ម៉ាត ២០ឈុត, ស្រោមដៃការពារ ២០សម្រាប់, ស្បែកជើងការពារកវែង ២០គូរ និងខែលការពារមុខ ២០ខែល ដែលនេះឱ្យបង្ហាញ ពីមិត្ដភាពដ៏ស្មោះត្រង់របស់យើង បង្ហាញពីបេះដូង និងការជួយគ្នាទៅវិញទៅមក ហើយយើងខ្ញុំសង្ឃឹមថា ការផ្គត់ផ្គង់នេះ នឹងជាប្រយោជន៍ដល់ការងារប្រឆាំងការរីករាលជំងឺកូវីដ របស់ក្រុមការងារសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា។
លោក Zhang Yaowu សង្ឃឹមយ៉ាងមុតមាំថា ក្រោមការប្រោសប្រទានពរពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី និងក្រោមការដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បងប្អូនកម្មករកម្ពុជា និងសមាជិកសមាជិការបស់សភាសម័្ពន្ធសហជីពជាតិកម្ពុជា នឹងមានជីវភាពកាន់តែល្អប្រសើរ៕

Comments

Related posts