ប្រជាពលរដ្ឋទីទ័លក្រចំនួន៦០គ្រួសារ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅខេត្តប៉ៃលិន…

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក មួន ចរិយា
ប៉ៃលិន៖ ប្រជាពលរដ្ឋទីទ័លក្រចំនួន៦០គ្រួសារ មកពីភូមិចំនួន៤ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានទទួល អំណោយស្បៀងពីអង្គការ KOFIH ដើម្បីដោះស្រាយជីវភាព។
ពិធីសំណេះសំណាលនិងចែកអំណោយនេះ ធ្វើឡើងនៅមណ្ឌលសុខភាពឃុំស្ទឹងត្រង់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោកវេជ្ជបណ្ឌិត គីម សាំងយុង តំណាងអង្គការ KOFIH ប្រចាំនៅកម្ពុជា។
លោកវេជ្ជបណ្ឌិត គីម សាំងយុន បានមានប្រសាសន៍ឱ្យដឹងថា៖ អង្គការ KOFIH តែងតែជួយឧបត្ថម្ភគាំទ្រដល់គ្រប់ មន្ទីរសុខាភិបាលទូទាំងប្រទេស ជាពិសេសមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដើម្បីជាជំនួយនៃការអនុវត្តផែនការសកម្មភាពនានា ដែលទាក់ទងនឹងគម្រោងរបស់សុខាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ស្រមតាមផែនការ យុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។

មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្ដរជាតិ ហៅកាត់ថា KOFIH ជាអង្គការស្ថិតនៅក្រោមឱវាទក្រសួងសុខាភិបាល និងសុខុមាលភាពនៃសាធារណរដ្ឋកូរ៉េខាងត្បូង។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់អង្គការ កូហ្វីប្រចាំនៅកម្ពុជា ដែលកន្លងមក បានយកចិត្តទុកដាក់ ឧបត្ថមគាំទ្រដល់វិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ហើយជាក់ស្តែងនៅពេលនេះ អង្គការកូហ្វី បានចូលរួមផ្តល់ស្បៀងដល់ប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតថែមទៀត។
អំណោយដែលផ្តល់ជូននេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម ,ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ ,សាប៊ូ ១កញ្ចប់ធំ ខ្ទឹមស ១គីឡូ, ពងទា ៣០គ្រាប់, ខ្លាញ់ ១ដបធំ ,ស្ករ ១គីឡូ និងម្សៅស៊ុបខ្នរមួយកញ្ចប់ធំ ។ ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភឯកសណ្ឋានដល់ប្រជាការពារភូមិទាំង ៤ភូមិផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល បានកោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលកន្លងមក បានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបាន សម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដោយបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និង ណែនាំ ប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩៕

Comments

Related posts