គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកវគ្គបណ្តុះបណ្តាលដល់រដ្ឋបាលខេត្តប៉ៃលិន…

ប៉ៃលិន៖ វិទ្យុជាតិកម្ពុជា
លោក ប្រាក់គីមហុង អគ្គលេខាធិការរងតំណាងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកវគ្គបណ្តុះបណ្តាលដល់រដ្ឋបាល ខេត្តប៉ៃលិន អំពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍និងអង្កេតតាមដានស្ថានការណ៍គ្រោះមន្តរាយ (ព្រឹស្ស៉ឹម) និងទម្រង់ទិន្នន័យ សម្រាប់ថ្នាក់ឃុំ/សង្កាត់ ដោយមានការអញ្ជើញចូលរួមពីលោកឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន។ ក្នុងពិធីនេះ ក៏មានការ អញ្ជើញចូលរួម ពីនាយករងរដ្ឋបាលខេត្ត និងអភិបាលរងក្រុង-ស្រុក ព្រមទាំងស្មៀនទាំង ៨ឃុំសង្កាត់ផងដែរ ។
លោក ឃ្លោក នួយ បានមានប្រសាសន៍ថា៖ ក្នុងនាមរដ្ឋបាលខេត្ត តែងតែគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងអំឡុង គ្រោះមហន្តរាយកន្លងទៅថ្មីៗនេះ ដោយឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានបញ្ជានិងដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់ កងកំលាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ប្រចាំការត្រៀមជួយគ្រប់ពេលវេលាដោយមិនខ្លាចនឿយហត់​មិនថាថ្ងៃឬយប់ គឺធ្វើយ៉ាងណា មិនឱ្យប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់ឬអត់អាហារនោះទេ។ លោកបន្តថា៖ ខេត្តប៉ៃលិន ទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់មានចំនួន ០១ស្រុកគឺស្រុកសាលាក្រៅ ជាពិសេសឃុំស្ទឹងត្រង់ ក្នុងនោះប៉ះពាល់គ្រួសារធ្ងន់ធ្ងរ ៧១០គ្រួសារ លិចសន្ទូង ៨២ហិកតា ដំណាំ ៨៨៤ហិកតា ថ្នល់ប្រវែង ៤៧,៤៩០ម៉ែត្រ សាលារៀនចំនួន ០២ខ្នង ស្ពាន០១កន្លែង។ លោកឃ្លោក នួយ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ លើវគ្គបណ្តុះបណ្តាលនេះឱ្យបានខ្ពស់ ហើយត្រៀមអនុវត្តការងារលើគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពខ្ពស់ជាបន្ត ទៀត។
លោក ប្រាក់ គីម ហុង អគ្គលេខាធិការរង តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ មិនបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឱ្យថ្នាក់ដឹកនាំនៅតាម បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។
លោកបញ្ជាក់ថា៖ ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ ហៅកាត់ថា (ព្រឹស្ស៉ឹម) នេះ គឺមានភាពងាយស្រួលសម្រាប់មូលដ្ឋាននៅតាមឃុំសង្កាត់ រាយការណ៍ជូនរដ្ឋបាលខេត្ត ហើយខេត្តបន្តរាយការណ៍ ជូនមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមិនបាច់សសេរជាទម្រង់របាយការណ៍នោះទេ គឺកម្មវិធីមួយនេះ ចងជាចង្កោមនិងការបំពេញទិន្នន័យប៉ុណ្ណោះ ហើយមានទីតាំងច្បាស់លាស់ ។ ម្យ៉ាងវិញទៀតយើងអាចស្វែងរកទិន្នន័យ ចាស់ៗបានយ៉ាងងាយស្រួលផងដែរ។
ជាមួយគ្នានោះ លោក ប្រាក់គីមហុង ក៏បានលើកសរសើរចំពោះការខិតខំ របស់ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តប៉ៃលិន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមានគ្រោះ មហន្តរាយកើតឡើង ខេត្តមានម្ចាស់ការច្បាស់លាស់និងដឹកនាំប្រកបដោយភាពរលូនទាន់ពេលវេលា ព្រមទាំងបានចុះទៅ ដោះស្រាយនិងរាយការណ៍ជូនថ្នាក់ដឹកនាំទាន់ពេលភ្លាមៗផងដែរ៕ អត្ថបទ លោក កុល កាយណា

Comments

Related posts