ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់នៅស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានអំណោយសម្តេចតេជោហ៊ុន សែន

   វិទ្យុជាតិកម្ពុជា៖

បាត់ដំបង៖ អំណោយរបស់សម្ដេច អគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានឯកឧត្តម ដួងតារា ទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាំយកមក ចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ចំនួន ១០០០គ្រួសារមកពី១០ ឃុំរបស់ស្រុកសង្កែ ដែលចែកចេញជាពីរកន្លែង កន្លែងទី ១ គឺចែកនៅ ផ្លូវបំបែកវាងក្រុង ក្នុងឃុំកំពង់ព្រះ មានប្រជាពលរដ្ឋ ចំនួន៦៩០ គ្រួសារ និងមួយកន្លែងទៀត នៅវត្តអូរមុនី ឃុំអន្លង់វិល មានប្រជាពលរដ្ឋចំនួន៣១០ គ្រួសារ កាលពីថ្ងៃទី ២១ខែវិច្ឆិកានេះ។ នេះបើយោងតាម របាយការណ៍ របស់លោកអភិបាលស្រុក បានថ្លែងក្នុងពិធី ចែកអំណោយនេះ។

ក្នុងកិច្ចសំណេះសំណាលនោះ ឯកឧត្តមដួងតារា បានពាំនាំមក នូវការសួរសុខទុក្ខនិងការ នឹករលឹក ពីសម្ដេចតេជោ ចំពោះប្រជាពលរដ្ឋ នៅទីនេះ ពិសេសជាងនេះទៀត ឯកឧត្តមក៏បានពាំនាំ នូវភាពសប្បាយរីករាយ និងអបអរសាទរចំពោះ សម្ដេចតេជោហ៊ុនសែន និងក្រុមគ្រួសារ ក៏ដូចជាមន្ត្រីរាជការយើងមួយចំនួន ដែលបានពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្រោយពីបានធ្វើចត្តាឡីស័ក ១៤ ថ្ងៃ តាមការណែនាំ របស់ក្រសួងសុខាភិបាលរួចមក ឃើញថា ទាំងសម្ដេច និងក្រុមគ្រួសារ ក៏ដូចជាមន្រ្តីរាជការ ដែលមានការពាក់ព័ន្ធទាំងអស់ បានរួចផុត ពីជំងឺ រាតត្បាតកូវីដ-១៩គ្រប់ៗគ្នា។ ពាក់ព័ន្ធទៅនឹង ជំងឺកូវីដ-១៩នេះ ឯកឧត្តមដួងតារា បានអំពាវនាវ ដល់ប្រជាពលរដ្ឋយើងទាំងអស់ សូមកុំភ្លេចខ្លួន ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល គឺពេលចេញធ្វើដំណើរ ត្រូវពាក់ម៉ាស់ ក៏ដូចជា ត្រូវនៅឃ្លាតពីគ្នា ឱ្យបាន១ម៉ែត្រកន្លះឡើង និងត្រូវលាងដៃ ឱ្យបានញឹកញាប់ ជាមួយសាប៊ូ ឬទឹកអាល់កុលឱ្យបានជាប្រចាំគ្រប់គ្នា។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ទាំង១០០០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មីមួយកេស ទឹកសុទ្ធមួយកេស ត្រីខកំប៉ុងមួយយួរ អាវយឺតដៃវែងមួយ និងថវិកាចំនួន៥ម៉ឺនរៀល៕អត្ថបទ ម៉ូតវ៉ោយហូរវិទ្យុជាតិចំការចេកខេត្តបាត់ដំបង

Comments

Related posts