Angkor Wildlife & Aquarium មិនត្រឹមជាកន្លែងទស្សនាពពួកមច្ឆជាតិ និងសត្វព្រៃ នោះទេ ប៉ុន្តែក៏បានផ្តល់ការសង្រ្គោះ និងអភិរក្ស

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ០៣ ២០២៤

IMG_4647-1

IMG_4646-1

IMG_4645

 

IMG_4648

IMG_4649

IMG_4652-1

IMG_4650

IMG_4653-1

IMG_4651

ឧទ្យានកម្សាន្តមួយកន្លែងនៅខេត្តសៀមរាប ឈ្មោះ Angkor Wildlife & Aquarium បាន ប្រមូលម្តុំនូវពពួកមច្ឆាទឹក និងទឹកប្រៃ ពពួកល្មូន និងសត្វ ព្រៃជាច្រើនប្រភេទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនា បន្ទាប់ពីចូលទស្សនាប្រាង្គប្រាសាទនានានៅតំបន់រមណីយដ្ឋានអង្គរ និងតំបន់ទេសចរណ៍ក្នុងសហគមន៍នានា ក្នុងខេត្តសៀមរាប។
បើតាមសម្តីរបស់លោក អុល វណ្ណដា អ្នកគ្រប់គ្រងទូទៅនៃសួនកម្សាន្តនេះ បានបញ្ជាក់ថា Angkor Wildlife & Aquarium មិនត្រឹមជាកន្លែងទស្សនាពពួកមច្ឆជាតិ និងសត្វព្រៃប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានផ្តល់ការសង្រ្គោះ និងអភិរក្សពពួកសត្វដែលរងការគំរាមកំហែងផងដែរ។
ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ត្រូវវិនិយោគរួមគ្នារវាងពាណិជ្ជករជនជាតិខ្មែរ ជប៉ុន និងអាមេរិក លើផ្ទៃដីទំហំប្រមាណ១០០ហិកតា ស្ថិតក្នុងភូមិខ្ចាស់ ឃុំក្បូន ស្រុកសូតនិគមន៍ ខេត្តសៀមរាប។
អ្នកគ្រប់គ្រងទូទៅនៃសួនកម្សាន្ត នេះ បានឱ្យដឹងថា ក្នុងគម្រោងវិនិយោគជំហានទី១ មានទុន៧០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ១០០ហិកតា ប៉ុន្តែបច្ចុប្បន្ន ទើបធ្វើការអភិវឌ្ឍន៍បានចំនួន១០ហិកតាប៉ុណ្ណោះ លើការរៀបចំសួន និងការប្រមូលមច្ឆជាតិ និងសត្វព្រៃមកដាក់នៅទីនោះ ដើម្បីទាក់ទាញទេសចរក្នុងស្រុក និងក្រៅស្រុក ឱ្យចូលកម្សាន្តនៅទីនោះ។ លោក អុល វណ្ណដា ថ្លែងថា ភ្ញៀវទេសចរមិនគួររំលងតំបន់ទេសចរណ៍មួយនេះនោះឡើយ ពេលធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ព្រោះថា វាជាកន្លែងប្រមូលម្តុំទៅដោយត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកល្មូន និងសត្វកម្រៗ មានដូចជា៖ ត្រីរាជ ត្រីគល់រាំង ប្រភេទត្រីនៅតំបន់អាម៉ាហ្សូន សត្វខ្លាធំ ក្រពើភ្នំ ភេ ញី ជាដើម។ សត្វព្រៃមួយចំនួន នឹងត្រូវលែងឱ្យទៅរស់នៅក្នុងព្រៃតាមបែបធម្មជាតិវិញ ក្រោយពីធ្វើការមើលថែ និងព្យាបាល។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំពឹងថា ចរន្តទេសចរទៅកាន់ខេត្តសៀមរាប នឹងអាចវិលទៅរកស្ថានភាពដូចមុនការរាតត្បាតជំងឺកូវីដ-១៩ឡើងវិញ ក្រោយពីការខិតខំផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខ្លួនមានដូចជាតំបន់ទេសចរណ៍វប្បធម៌ និងផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការ«ទស្សនាសៀមរាប ឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន គ្រាដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពុងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលទាក់ទាញការវិនិយោគ និងទេសចរមកពីគ្រប់តំបន់។
ក្រសួងទេសចរណ៍ បានព្យាករដោយភាពជឿជាក់ថា ពេញមួយឆ្នាំ២០២៤នេះ កម្ពុជានឹងអាចទាញភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តបានចំនួន៦លាន ៦សែននាក់ ដែលចំនួននេះ ហក់ខ្ពស់ស្មើនឹងការមកដល់នៃទេសចរអន្តរជាតិកាលពីឆ្នាំ២០១៨។ ភាព ប្រាកដប្រជានេះ បន្ទាប់ពីកំណើនភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្ត ក្នុងឆ្នាំ២០២៣កន្លងទៅមានជាង៥លាន៥សែន ស្មើនឹងប្រមាណ៨៤ភាគរយ និង យោងទៅសូចនាករការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តសៀមរាប ស្របគ្នានឹងការកំណត់ឆ្នាំ២០២៤ ជាឆ្នាំទស្សនាសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរ៕

Comments

Related posts