អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ ដោយលោកស្រី ធៀង ស្រីមុំ
សមិទ្ធផលទេសចរណ៍ថ្មីមួយទៀត ត្រូវបានបង្កើតឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប នោះគឺសួនផ្កា Angkor Wonder Garden ដែលត្រូវបានបើកដំណើរការសាកល្បងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ក្រោមការវិនិយោគដោយស្នាដៃកូនខ្មែរនៅខេត្តសៀមរាប សហការជាមួយជនបរទេស។ បន្ទាប់ពីការប្រកាសបើកលក់សំបុត្រឱ្យភ្ញៀវទេសចរចូលទស្សនាសង្កេតឃើញថា មានភ្ញៀវយ៉ាងច្រើនកុះករអញ្ជើញមកពីគ្រប់ទិសទីបានចូលមកទស្សនា ដើម្បីចង់ឃើញអំពីទិដ្ឋភាពនៃសួនផ្កាខាងលើ។
តទៅនេះ សូមអញ្ជើញលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពី៖ សួនផ្កា Angkor Wonder Garden សមិទ្ធផលទេសចរណ៍ថ្មីមួយទៀត ក្នុងខេត្តសៀមរាបទាក់ទាញ ទេសចរគ្រប់ទិសទីទៅទស្សនាដូចតទៅ៖
លោកអ្នកនាងស្តាប់ជាទីមេត្រី !
សួនផ្កាដ៏ធំល្វឹងល្វើយ ដែលមានរាងជាផ្ការំដួល មានទីតាំងស្ថិតក្នុងភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ដែលមានចម្ងាយពីក្រុងសៀមរាប ប្រមាណ២៧គីឡូម៉ែត្រនោះគឺសួនផ្កា Angkor Wonder Garden ។ សួនផ្កានេះមានផ្លូវចូលទល់មុខសាលាឃុំខ្ចាស់ដោយត្រូវចូលទៅក្នុងប្រហែល ៦០០ម៉ែត្រ ។
លោក ប្រាក់ ចន្ធី អ្នកគ្រប់គ្រងទូទៅនៅសួនផ្កា Angkor Wonder Garden បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា៖ សួនផ្កានេះបានចំណាយពេលវេលាសរុបជិត២ឆ្នាំ ក្នុងការសាងសង់ នៅលើផ្ទៃដីទំហំ៧ហិកតា។ លោកថា៖ ដើមឡើយផ្ទៃដីនៅទីនេះគ្រាន់តែជាវាលស្រែល្វឹងល្វើយប៉ុណ្ណោះ បច្ចុប្បន្នបានប្រែក្លាយជាសួនផ្កាយ៉ាងស្រស់ស្អាត មានដាំផ្កាចម្រុះពណ៌ចំនួន៨ប្រភេទដែលភាគច្រើនជាផ្កានំាចូលពីបរទេស ហើយនឹងគ្រោងដាំបន្ថែមចំនួនជាង១០ប្រភេទទៀត នឹងរៀបចំឱ្យកាន់តែស្អាតជាងនេះជាពិសេសទៅលើការរចនាសួន ឱ្យកាន់តែមានភាពទាក់ទាញ។
សំឡេង១«យើងមានប្រហែល៧ទៅ៨ប្រភេទនៅឡើយទេ ក៏ប៉ុន្តែយើងបានទិញចូលមកទៀតពូជពីបរទេសជាង១០ប្រភេទទៀតហើយ យើងកំពុងកាត់ផ្សាំ ហើយធ្វើវាបន្តទៀត។ ឥឡូវនេះយើងបើកក្នុងលក្ខណៈបើកសាកល្បង អ៊ីចឹងអ្វីដែលភ្ញៀវចូលទស្សនាលើកនេះ ថ្ងៃក្រោយកន្លែងនេះ អត់រាងអ៊ីចឹងទេ យើងនឹងUpdateវាឡើងរហូត យើងនឹងមាន structure រៀបផ្កាធ្វើរបៀបជាអង្គរ យើងមានប្រាសាទផ្កា ផ្ទះផ្កា និងរូបផ្សេងៗ ដែលយើងធ្វើពីផ្កាជាច្រើន និយាយរួមគាត់មកលើកហ្នឹងអ៊ីចឹង មកលើកក្រោយគឺផ្សេងទៀត យើង Update រហូតទាល់តែពេញគម្រោងរបស់យើង »។
លោកបានរៀបរាប់បន្តទៀតថា៖ សួនផ្កា Angkor Wonder Garden ចាប់ផ្តើមបើកដំណើរការកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣រហូតដល់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នឹងផ្អាកបើកឱ្យភ្ញៀវចូលទស្សនា ហើយនឹងបើកដំណើរការម្តងទៀតនៅក្នុងអំឡុងខែវិច្ឆិកានាចុងឆ្នាំ២០២៤។ ទាំងនេះដោយហេតុថាផ្កានៅក្នុងសួន ជាប្រភេទផ្កានាំចូលពីបរទេស មានអាយុកាលអាចរស់បានត្រឹមតែ៣ទៅ៤ខែប៉ុណ្ណោះ ព្រោះផ្កាទាំងនេះពិបាកក្នុងការថែទាំ ជាពិសេសមិនធន់ជាមួយទឹកឡើយ។ ហេតុដូច្នេះ ក្នុងមួយឆ្នាំអាចបើកដំណើរការប្រហែលពីរដងប៉ុណ្ណោះ។
សំឡេង២« ផ្កានេះអត់សូវចូលចិត្តទឹកទេ ទឹកច្រើនពេកក៏វាខូចដែរ បើខែភ្លៀងយើងដាំអត់បានទេ យើងដាំបានតែខែប្រាំងទេហើយសួនផ្កាក៏យើងបើកត្រឹមតែរយៈពេល៣ទៅ៤ខែទេ ទៅតាមពេលជាក់ស្តែងថាតើផ្កាយើងវារស់បានប៉ុនណា។ អ៊ីចឹងមួយឆ្នាំយើងបើកតែ៣ទៅ៤ខែគឺយើងបិទទ្វារ ហើយរហូតដល់ខែ១១បានយើងបើកម្តងទៀត អ៊ីចឹងភ្ញៀវដែលមានចិត្តចង់មកអាចមកឱ្យហើយ ព្រោះពីរទៅបីខែក្រោយយើងបិទហើយ» ។
អ្នកគ្រប់គ្រងទូទៅនៅសួនផ្កា Angkor Wonder Garden បានបន្តទៀតថា៖ ភ្ញៀវទេសចរដែលអញ្ជើញមកទស្សនានៅក្នុងសួនក្រៅពីផ្កាក៏អាចទទួលបានអារម្មណ៍រីករាយជាមួយខ្យល់អាកាសបរិសុទ្ធ នៅលើភ្នំសិប្បនិមិត្ត ព្រមជាមួយសេវាកម្មម្ហូបអាហារយ៉ាងសម្បូរបែប។
សំឡេង៣« ក្រៅពីផ្កាយើងមាននៅចំណុចលើ គេហៅចំណុចមើលទេសភាព យើងបានរៀបចំជាភ្នំសិប្បនិមិត្ត នៅលើហ្នឹងមានហាងកាហ្វេ និងលក់ប្រភេទនំក្រូសង់ សម្រាប់អាហារសម្រន់ ។ពេលភ្ញៀវគាត់មក គាត់ហូបកាហ្វេក្លែមនំដុត និងមើលទេសភាពផ្កាពេលដែលគាត់ឡើងទៅដល់លើហ្នឹងភ្លាម អាចមើលគ្រប់ជ្រុងនៃសួនទាំងអស់ថាចង់ទៅលេងកន្លែងណា ពេលចុះមកវិញអាចទៅលេងបាន » ។
លោក ប្រាក់ ចន្ធី បានបន្ថែមទៀតថា៖ សួនផ្កា Angkor Wonder Garden ទើបតែចាប់បើកដំណើរការនៅបំណាច់ឆ្នាំ២០២៣ប៉ុន្តែបានទទួលស្គាល់ និងគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ទេសចរជាតិ និងអន្តរជាតិ ទិញសំបុត្រចូលទស្សនាជាហូរហែមិនដាច់ព្រោះសួននេះ អាចចាត់ទុកជាសួនផ្កាធំជាងគេនៅកម្ពុជា។ លោកថា៖ នៅពេលភ្ញៀវទិញសំបុត្រចូលទស្សនាសួនផ្កា ក៏អាចចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចប្រជាសហគមន៍នៅជុំវិញនោះបានផងដែរ ព្រោះថាបុគ្គលិកដែលបម្រើការងារនៅទីនេះមានចំនួនជាង១០០នាក់។សំឡេង៤« បើនិយាយឱ្យចំទៅគឺច្រើន ដោយសារតែសួនយើងដែលធ្វើនេះ លក្ខណៈថាខុសពីសួនផ្កាដទៃទៀតដែលធ្លាប់មានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ដោយសារសួនយើងផ្តោតទៅលើPetunia ហើយស្តាយរបស់យើងធ្វើនេះមានMaster plan មិនមែនចេះតែនឹកឃើញធ្វើទេ យើងមានប្លង់មានអីត្រឹមត្រូវក្នុងការធ្វើ។ ចំពោះតម្លៃសំបុត្រចូលទស្សនាភ្ញៀវក្នុងម្នាក់មនុស្សធំ៧ដុល្លារ និងកូនក្មេង៣ដុល្លារ ដោយសារទំហំការងារយើងវាច្រើន បើសម្រាប់អ្នកមានលុយក៏ដោយបើគាត់មកឃើញទំហំការងារដែលយើងធ្វើ ចង់និយាយថាវាពិបាក សឹងតែថាមានលុយហើយគាត់អត់ចង់ធ្វើទេ វាមិនងាយធ្វើ » ។
ជួបជាមួយកញ្ញា ណារី អាយុ៣៤ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្តបាត់ដំបង ដែលមកទស្សនាសួនផ្កា Angkor Wonder Garden បានឱ្យដឹងថា៖ នេះជាលើកទីមួយដែលកញ្ញា និងមិត្តភក្ត្រ បានចូលមកទស្សនាសួនផ្កានេះ បន្ទាប់ពីទទួលបានព័ត៌មានអំពីការបើកដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ។ កញ្ញាថា៖ នៅពេលបានមកដល់កញ្ញា ពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយបានឃើញផ្កាចម្រុះពណ៌ នៅតាមសួន និងការរចនាជារូបរាងផ្សេងៗស្រស់ស្អាតប្លែកភ្នែកគួរជាទីគយគន់។
សំឡេង៥« និយាយទៅខ្ញុំមើលឃើញ តាមហ្វេសប៊ុកអីឃើញវាធំ ឃើញដីធំ ហើយផ្កាច្រើន បានចំណាយលុយមកមើល មានអីស្អាតតើស ឃើញគេរៀបផ្កាច្រើនហើយដីធំស្រឡះល្អ។ សម្រាប់ទេសចរផ្សេងៗគាត់អាចអញ្ជើញមក ព្រោះវាស្អាតណាស់ » ។
ចំណែកលោក ពេជ្រ សៀង អាយុ៤៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា៖ លោកបានទទួលព័ត៌មានអំពីការបើកដំណើរការសួនផ្កា Angkor Wonder Garden មានទីតាំងនៅក្នុងខេត្តសៀមរាប ទើបសម្រេចចិត្តនាំគ្រួសារមកទស្សនាសួនផ្កាខាងលើនេះ។ លោកថា៖ មកដល់ទីនេះ ពិតជាមិនខកបំណងឡើយ ព្រោះលោកសង្កេតឃើញមានផ្កាចម្រុះពណ៌នៅតាមសួននីមួយៗភាគច្រើនជាផ្កានាំចូលពីបរទេស ស្រស់ស្អាត ប្លែកភ្នែក ជាពិសេសការរចនាសួនមើលទៅគួរជាទីគយគន់។
សំឡេង៦« គិតថាចង់មកមើលឱ្យបានម្តង ព្រោះតាមការផ្សព្វផ្សាយថាជាស្នាដៃកូនខ្មែរយើង ជាការវិនិយោគទុនរបស់ខ្មែរយើងដែលបានមកធ្វើសួនផ្កានៅទឹកដីខេត្តសៀមរាបដំបូងគេ មានខ្នាតធំឮថាដី៧ហិកតាផង ហើយមានផ្កាចម្រុះពណ៌ដែលយើងឃើញស្រាប់ហ្នឹង។ មកដល់ឃើញថាជាសួនមានផ្កាស្រស់ដូចគេបានផ្សព្វផ្សាយមែន មានការរៀបចំជាប្លង់ តាមប្រភេទផ្កានីមួយៗហើយឃើញមានចាត់ជាផ្លូវដើរ ជាធ្នើរ ជារងអ៊ីចឹង ដែលការរចនារបស់សួនគឺសក្តិសមជាសួនផ្កា ហើយមានប្រភេទផ្កាជាច្រើនទាំងក្នុងនិងក្រៅស្រុកដែលទាក់ទាញទឹកចិត្តអ្នកទស្សនាដែរ » ។
លោកបានបន្ថែមថា៖ ដើម្បីឱ្យដំណើរការសួនផ្កានេះអាចបន្តនិរន្តរភាពជាបន្តបន្ទាប់ ខាងក្រុមហ៊ុនគួរតែពិចារណាដាំប្រភេទផ្កាខ្មែរបន្ថែមឱ្យកូនខ្មែរបានស្គាល់។ លោកក៏បានសំណូមឱ្យក្រុមហ៊ុន ពិចារណាក្នុងការបញ្ចុះតម្លៃ ដើម្បីផ្តល់ឱកាសឱ្យអ្នកមានជីវភាពមធ្យមបានចូលទស្សនាគ្រប់ៗគ្នាផង។
សំឡេង៧« ដើម្បីឱ្យបានជានិរន្តរ៍ទៅមុខទៀត យើងគួរគិតទៅដល់អ្វីជាចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជាយើង ពិសេសការរៀបចំប្លង់ឱ្យចំតាមរចនាប័ទ្មខ្មែរយើង ដាំផ្កាប្រភេទណាដែលបានយូរ យកល្អគួរដាំផ្កា ឈើខ្មែរយើងបន្ថែមផង ប្រភេទផ្ការំដួលផ្កាបុស្បា ផ្កាម្លិះ ក្តាំងងាមកដាំបន្ថែមដើម្បីឱ្យកូនខ្មែរយើងបានស្គាល់ ខ្លះភ្លេចអស់ហើយផ្កាខ្មែរយើង ស្គាល់តែផ្កាបរទេសច្រើនជាងហើយគិតដល់ចីរភាពនៃការវិវត្តន៍របស់សួនផង។ មួយទៀតគឺតម្លៃ បើសិនជាថ្ងៃក្រោយក្រុមហ៊ុនអាចគ្រប់គ្រងតម្លៃវិនិយោគបានហើយ អាចបន្ថយតម្លៃសម្រាប់ភ្ញៀវខ្មែរយើង ដើម្បីផ្តល់ឱកាសឱ្យអ្នកមានជីវភាពមធ្យមបានចូលទស្សនាគ្រប់ៗគ្នាផង ចំណែកបរទេសអាចគិតតម្លៃផ្សេងមិនអីទេ តែសម្រាប់ខ្មែរយើងគួរពិចារណារឿងតម្លៃ ធៀបនឹងតម្លៃសួនជាមួយប្រទេសក្បែរៗយើងផង » ។
លោកអ្នកនាងស្តាប់ជាទីមេត្រី!
ការបង្កើតនូវសួនផ្កា Angkor Wonder Garden ក៏ស្របទៅនឹងផែនការអភិវឌ្ឍវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ក្នុងនោះដែរទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ វិញ គឺជាឆ្នាំទីមួយ នៃការចាប់ផ្តើមអនុវត្តការងារក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តសៀមរាប ប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តអនុវត្តភារកិច្ចរបស់ខ្លួន ដែលនៅសេសសល់ពីឆ្នាំ២០២៣ និងកិច្ចការនានាត្រូវអនុវត្តក្នុងឆ្នាំ២០២៤។ ក្នុងនោះផែនការនានាជាច្រើន ត្រូវបានដាក់ចេញ រួមទាំងការបន្តជំរុញលើការវិនិយោគហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់សាធារណៈ ដើម្បីលើកកម្ពស់គុណភាពផ្លូវ ឱ្យស្របតាមការវិវត្តនៃតម្រូវការសេដ្ឋកិច្ច សង្គម និងលើកទឹកចិត្តដល់ការវិនិយោគសាងសង់ផ្លូវបេតុង។ បន្តពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ អភិវឌ្ឍធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍លើការងារបដិសណ្ឋារកិច្ច សេវាកម្មដឹកជញ្ជូន និងសេវាកម្មមគ្គុទ្ទេសក៏ទេសចរណ៍ សំដៅបង្កើនទំនុកចិត្តដល់ទេសចរ បង្ហាញតម្លៃផលិតផល និងសេវាកម្ម ព្រមទាំងលុបបំបាត់ការធ្វើអាជីវកម្មមិនស្មោះត្រង់។ ជំរុញលើកទឹកចិត្តដល់ការវិនិយោគ បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗផ្សារភ្ជាប់ជាមួយនឹងសក្តានុពលវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដោយរៀបចំប្រតិទិនកម្មវិធី ព្រឹត្តិការណ៍ឱ្យបានទៀងទាត់ស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤» និង «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ឆ្នាំ២០២២-២០៣៥»របស់រាជរដ្ឋាភិ បាល។ ចងក្រងព័ត៌មានទេសចរណ៍ ផែនទីទេសចរណ៍ និងបង្កើនការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប តាមរយៈការបង្កើតមាតិកានិងអ្នកលេងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយដល់ខេត្ត ក្រុងសម្ពន្ធមេត្រីភាពនៃបណ្តាប្រទេសជាមិត្ត សំដៅទាក់ទាញវិនិយោគិន និងទេសចរឱ្យបានកាន់តែច្រើនថែមទៀត។ល។៕