យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមនឹងត្រូវបើកយុទ្ធនាការនៅថ្ងៃទី១១ខែកក្កដាខាងមុខ

009 | ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថាយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម នឹងត្រូវចាប់ផ្តើមព្រមគ្នានៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៤ខាងមុខនេះហើយ។

ឯកឧត្តមបញ្ជាក់ថា បានលើកឡើងថា សម្រាប់យុទ្ធនាការ ផ្ទះមួយខ្នងដើមឈឺមួយដើម នេះគឺធ្វើឡើង សម្រាប់ក្រុងស្រុកទាំង ១៤ ទូទាំងខេត្តបាត់ដំបង ដោយជំហានដំបូង ផ្ដោតទៅលើទីប្រជុំប្រជន ក្នុងគោលបំណង សំខាន់បំផុត ដើម្បីកំណត់ឲ្យច្បាស់ អំពីព្រំដីចំណីផ្លូវ ពិសេសលើសកម្ពស់ សម្រស់នៅតាម ទីប្រជុំជនតែម្ដង។

 ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍នេះក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ ត្រៀមបើកយុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ឯកឧត្តមបញ្ជាក់ថាយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមនេះទាមទារឱ្យមានការចូលរួមពីសំណាក់ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្នុងការរួមគ្នាថែរក្សាការពារ ដើមឈើនេះ ឱ្យបានគង់វង្ស ដើម្បីជាម្លប់ ជាសម្រស់ និងបង្ហាញដល់កូនចៅជំនាន់ក្រោយ ឱ្យបានស្គាល់អំពី ប្រភេទនៃដើមឈើ ប្រណីតសំខាន់ៗ មួយចំនួនផងដែរ។

ឯកឧត្តមបញ្ជាក់ថាយុទ្ធនាការនេះរដ្ឋបាលខេត្តគ្រោងត្រៀមកូនឈើប្រមាណ២៥០០០ដើម ហើយកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៤ កូនឈើប្រមាណ១ម៉ឺនដើមបានបញ្ជូនមកដល់រួចរាល់ហើយ។

ក្នុងឱកាសចុះពីនិត្យកូនឈើទាំងនេះ ឯកឧត្តម សុខ លូ បាន ថ្លែងអំណរគុណ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្សប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដែលបានផ្តល់ដើមឈើប្រណិតចំនួន ១០.០០០ដើម ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីរៀបចំដាំក្នុងក្រុងបាត់ដំបង ។

ក្រុងបាត់ដំបងនឹងមានសម្រស់កាន់តែស្រស់ស្អាតបន្ទាប់ពីដើមឈើដែលត្រូវដាំនោះលូតលាស់ ធ្វើឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើនឡើងថែមទៀត ។

រដ្ឋបាលខេត្តបញ្ជាក់ថាដើម្បីចូលរួមក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល (ប្រាំលានរៀល) និងលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល សម្រាប់ចូលរួមចំណែក ចំណាយលើកូនឈើដែលត្រូវដាំក្នុងក្រុងបាត់ដំបងផងដែរ ៕

photo_2024-06-19_16-53-19

photo_2024-06-19_16-53-23

photo_2024-06-19_16-53-28

photo_2024-06-19_16-53-32