សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤

Chuon Bona | ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា

   ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ១១ ខែកក្កដានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
   ការរៀបចំឱ្យមាននូវព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤
នេះឡើង គឺកើតចេញពីការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតីដែលតែងតែជំរុញ និងលើកទឹកចិត្តដល់វិស័យកីឡាជាតិ។
  សូមបញ្ជាក់ថា ប្រតិភូកីឡាសរុបមានចំនួន ២០៤នាក់ ក្នុងនោះ អត្តពលិក ១០១នាក់, ប្រតិភូ ៣០នាក់, អាជ្ញាកណ្ដាល-ចៅក្រម, សិក្ខាកាមអាជ្ញាកណ្ដាល-ចៅក្រម ៥០នាក់, គ្រូបង្វឹក ២៣នាក់ និងគ្រូឧទ្ទេសវគ្គបណ្តុះបណ្តាល ៣នាក់។ការចុះឈ្មោះចូលរួមសរុបមាន ១៨ប្រទេស រួមមាន៖ កម្ពុជា, បារ៉ែន, ចិន, ចិនហុងកុង, ចិនតៃប៉ិ, ចិនម៉ាកាវ,ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សាធារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី,ថៃ, ហ្វីលីពីន, សិង្ហបុរី និងអារ៉ាប៊ីសាអ៊ូឌី។
ការប្រកួតនេះធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ "អូឡាំពិក" ដែលមានរយៈពេល ០៣ថ្ងៃ គិតចាប់
ពីថ្ងៃទី ១១, ១២, ១៣ ខែកក្កដា ឆ្នាំ២០២៤នេះ។អត្តពលិកដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៨ នឹងទទួលបានសិទ្ធិចូលរួមការប្រកួតAsian Indoor and Martial Arts Games នាខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅប្រទេសថៃ។
ដោយឡែក សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានធ្វើការសម្រិតសម្រាំងនិងជ្រើសរើសកីឡាករ កីឡាការិនីល្បីៗចំនួន ១៦នាក់ មកចូលរួមប្រកួតលើ ១៦វិញ្ញាសា ដោយមានកីឡាករចំនួន១១រូប និងកីឡាការិនីចំនួន ០៥រូប មកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, គុនល្បុកតោ និងយុទ្ធគុនចម្រុះកម្ពុជា។
ជាងនេះទៀត សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាក៏បានសហការយ៉ាងជិតស្និទ្ធជាមួយសមាគមយុទ្ធគុនចម្រុះអាស៊ី ក្នុងការរៀបចំទីលានប្រកួត និងលក្ខណៈបច្ចេកទេស ហើយបានសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដល់ប្រតិភូកីឡា និងអត្តពលិកអន្តរជាតិ រួមទាំងការរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងដឹកជញ្ជូន, ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ផងដែរ៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤