វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១១.០៧.២០២៤
ប្រធានក្លឹបអេភូថង បានបង្ហាញការសប្បាយចិត្ត ដែលកម្ពុជាទទួលរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤នេះឡើង ដោយបានផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីកម្ពុជា អាចចូលរួមប្រកួតបង្ហាញសមត្ថភាពទៅកាន់ពិភពលោក ជាពិសេសបានចូលរួមឆ្លុះបញ្ចាំងពីមរតកដ៏សម្បូរបែបនៃសិល្បៈក្បាច់គុនបុរាណខ្មែរថែមទៀតផង ។
លោក អេ ភូថង ប្រធានក្លឹបអេ ភូថង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ បានឱ្យដឹងថា សម្រាប់ក្លឹបរបស់លោក បានបង្វឹកកីឡាករចំនួន២រូប សម្រាប់ចូលរួមប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ដើម្បីបង្ហាញពីសមត្ថភាព ជាពិសេសធ្វើយ៉ាងណាឱ្យកីឡាករទាំង២រូប មានឱកាសដកស្រង់បទពិសោធន៍ ពីការប្រកួតព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ ក្នុងនោះ សម្រាប់កីឡាករទាំង២ គឺទទួលបានការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីគ្រូបង្វឹកនិងក្រុមការងារជំនាញ ហើយកីឡាករទាំង២ ក៏បានខិតខំប្រឹងប្រែងត្រង់ត្រាប់ស្ដាប់ និងអនុវត្តន៍តាមជាប្រចាំ ដើម្បីធ្វើយ៉ាងណាវិវត្តន៍ខ្លួនឱ្យកាន់តែខ្លាំង ដើម្បីដណ្តើមបានមេដាយជូនជាតិមាតុភូមិ ជាពិសេសដើម្បីបង្ហាញទៅកាន់ពិភពលោកឱ្យបានឃើញថា កីឡាករកម្ពុជាមានសមត្ថភាពមិនចាញ់បណ្ដាប្រទេសដទៃនោះឡើយ ។
លោកបានបន្តទៀតថា ចំពោះព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះនេះ គឺជាការផ្តល់ឱកាសទៅដល់កីឡាករ-កីឡាការិនីកម្ពុជា បានចូលរួមប្រកួតប្រជែងបង្ហាញស្នាដៃ និងបង្ហាញទៅកាន់ពិភពលោកឱ្យបានឃើញពីក្បាច់គុនបុរាណខ្មែរ ។
« សម្រាប់ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះនេះគឺជាលើកទីមួយហើយ ដែលកម្ពុជាបានទទួលរៀបចំ គឺខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះការប្រកួតនេះ មិនងាយហាត់ ហើយក៏មិនងាយរកគ្រូបង្ហាត់នោះដែរ គឺខ្ញុំសប្បាយចិត្តដែលមានលោកគ្រូមកបង្ហាត់ និងមានក្រុមការងាររបស់គាត់ជួយជ្រោមជ្រែងពីខាងក្រោយ ធ្វើយ៉ាងណាអាចរៀបចំព្រឹត្តិការណ៍នេះឡើង និងបង្ហាញក្បាច់គុនល្អៗទៅដល់កីឡាករខ្មែរបានរៀនក្បាច់គុននេះផងដែរ ។ ក្នុងនោះគឺយើងមានតែម្រាមដៃ១០ទេ ដើម្បីអំពាវនាវទៅដល់សាធារណជន និងអ្នកគាំទ្រមិនថាគុនខ្មែរ ឬព្រឹត្តិការណ៍នេះ ឱ្យចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រុះនេះឱ្យបានច្រើនកុះករ ដែលជាវិញ្ញាសាថ្មីមួយ ដូច្នេះសូមបងប្អូនជួយចូលរួមលើកស្ទួយ និងគាំទ្រឱ្យបានច្រើនកុះករ ដើម្បីផ្ដល់កម្លាំងចិត្តទៅដល់កីឡាករ និងធ្វើយ៉ាងណាឱ្យក្បាច់គុនរបស់យើងមានភាពរីកចម្រើនទៅមុខបន្ថែមទៀត » ។
សូមបញ្ជាក់ថា ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤នេះ ធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ "អូឡាំពិក" រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី ១១, ១២, ១៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានធ្វើការសម្រិតសម្រាំងនិងជ្រើសរើសកីឡាករ កីឡាការិនីល្បីៗចំនួន១៦នាក់ មកចូលរួមប្រកួតលើ១៦វិញ្ញសា ដោយមានកីឡាករចំនួន១១រូប និងកីឡាការិនីចំនួន០៥រូប មកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, គុនល្បុកតោ និងយុទ្ធគុនចម្រុះកម្ពុជា ៕