អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោកស្រីសន សាវិន
ការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្នមន្ត្រីជំនាញទាំងអស់គ្រប់បណ្ដារាជធានីខេត្ត បានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការងារចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសក្រោមកិច្ចសហការឧបត្ថម្ភគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងសម្ភារៈ និងស្មារតី ឆ្លើយតបតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនាពេលនេះគឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ដែលជាគម្រប់ខួបលើកទី៤០នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
ការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិ មាននីតិវិធីពីរ គឺការចុះបញ្ជីតាមការស្នើសុំរបស់ម្ចាស់ដី ដែលគេឱ្យឈ្មោះថា ការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីមួយឃុំម្តងៗតាមការកំណត់របស់រាជរដ្ឋាភិបាល ដែលគេហៅថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។ បច្ចុប្បន្នមន្ត្រីជំនាញតាមមន្ទីរខេត្តរួមជាមួយអាជ្ញាធរមូលដ្ឋាន កំពុងតែមមាញឹកក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅដល់ការបញ្ចប់តាមផែនការនៅឆ្នាំ២០២៩។
ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា៖
សំឡេងទី១«ការវាស់ដីនេះធ្វើឱ្យយើងបាន៣រឿង ទី១ ផ្ដល់កម្មសិទ្ធិឱ្យប្រជាជន ទី២ រឿងធំម៉ង បញ្ចប់វិវាទ ទៅមុខទៅគឺយើងបញ្ចប់ការខ្វាយខ្វល់រឿងវិវាទ ដូចជាដីវត្ត សាលារៀន ក៏វាស់ចេញបណ្ណឱ្យដែរ ព្រោះភាគច្រើនសាលារៀនច្រើនសាងសង់នៅក្នុងវត្ត ចឹងដីសាលាជាដីរបស់វត្ត ឬដីសាលា ។ ដីរបស់បរិស្ថាននឹងចេញបណ្ណឱ្យទាំងអស់ ។ ដីកសិកម្មក៏នឹងចេញបណ្ណឱ្យទាំងអស់ តិចទៀតលែងមានហើយថាដីនេះអាស្រ័យផល ឬអាស្រ័យផល តិចទៀតមានតែទៅតុលាការ ព្រោះបណ្ណបានចេញអស់ហើយ យើងសម្អាត ដោះស្រាយផលប៉ះពាល់អស់ហើយបានចេញបណ្ណ»។
លោកឈី លាង អគ្គនាយករងអគ្គនាយកដ្ឋានសូរិយោដី និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា បច្ចុប្បន្នមន្ត្រីជំនាញរួមជាមួយអាជ្ញាធរមូលដ្ឋានកំពុងតែសស្រាក់សស្រាំក្នុងការចុះវាស់វែងដីជូនប្រជាពលរដ្ឋជាលក្ខណៈប្រព័ន្ធដែលបានផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យបញ្ចប់វិវាទផ្សេងៗ។
សំឡេងទី២«ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធនេះជាការផ្ដួចផ្ដើមឡើងដោយរដ្ឋ មានន័យថារដ្ឋកំណត់យកភូមិណាមួយ តំបន់ណាមួយ សម្រាប់ធ្វើវិនិច្ឆ័យចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយមន្ត្រីដែលចុះបញ្ជី ដែលមានតួនាទីភារកិច្ចចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនោះគាត់នឹងប្រតិបត្តិការទៅតាមការងារនិងតួនាទីរបស់ខ្លួន។ ការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺធ្វើឡើងពីក្បាលដីមួយទៅក្បាលដីមួយរហូតដល់ចប់ ដីនៅក្នុងតំបន់នោះមួយ។ រីឯការចុះបញ្ជីដីលក្ខណៈដាច់ដោយដុំវិញ ត្រូវធ្វើឡើងតាមរយៈដាក់ពាក្យស្នើសុំរបស់ម្ចាស់ដីនីមួយៗ មានន័យថា យើងអត់ធ្វើឡើងតាមភូមិតាមតំបន់ ដូចជាការចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធនោះទេ »។
លោកឈី លាង បានលើកឡើងទៀតថា ការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះ ជានីតិវិធីជានីតិវិធីមួយដែលមានតម្លាភាព ដោយសារមានការចូលរួមពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធ ដែលពួកគាត់មានសិទ្ធិតវ៉ាដើម្បីបញ្ចប់វិវាទ នៅពេលនោះផងដែរ។
សំឡេងទី៣«ការចុះបញ្ជីនិងការផ្ដល់បណ្ណកម្មសិទ្ធិផ្ដល់អត្ថប្រយោជន៍មានដូចជា ផ្ដល់នូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី មានន័យថាការចុះបញ្ជីនិងការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជាការធានាសិទ្ធិក្នុងការកាន់កាប់ជាម្ចាស់ដីធ្លី ។ ការចុះបញ្ជីដីធ្លីយើងបានធ្វើអត្តសញ្ញាណកម្មដី បានធ្វើអត្តសញ្ញាណម្ចាស់ដីនិងសិទ្ធិលើក្បាលដី មានន័យថា ទាំងអត្តសញ្ញាណដីទាំងម្ចាស់ដី ទាំងសិទ្ធិលើក្បាលដី ត្រូវបានកំណត់ច្បាស់លាស់តាមរយៈការចុះបញ្ជី។ ដូច្នេះបើសិនក្បាលដីនោះត្រូវបានចុះបញ្ជីនិងផ្ដល់បណ្ណកម្មសិទ្ធិរួចហើយ ក្បាលដីនោះត្រូវបានធានាទាំងទិដ្ឋភាពច្បាប់ទាំងទិដ្ឋភាពបច្ចេកទេស ។ មួយវិញទៀត ការចុះបញ្ជីនិងការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី គឺការចូលរួមចំណែកក្នុងការ ទប់ស្កាត់ ឬក៏កាត់បន្ថយវិវាទដីធ្លី ហើយបើមានវិវាទក៏មានភាពងាយស្រួលក្នុងការដោះស្រាយជាងក្បាលដីដែលមិនទាន់ចុះបញ្ជី »។
ការចុះបញ្ជីដីធ្លីបានត្រឹមត្រូវ ប្រជាពលរដ្ឋបានទទួលអត្ថប្រយោជន៍ច្រើនយ៉ាងណាស់ ក្នុងការយកទៅប្រើប្រាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ ។លោកឈី លាង អគ្គនាយករងអគ្គនាយកដ្ឋានសូរិយោដី និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងដូច្នេះទៀតថា៖
សំឡេងទី៤«សារៈសំខាន់លើសពីនោះទៀត ដូចជាការលើកកម្ពស់ប្រសិទ្ធភាពទីផ្សារដី ការបង្កើនតម្លៃដី កាលណាក្បាលដីនោះចុះបញ្ជីរួចហើយធ្វើឱ្យតម្លៃដីមានការកើនឡើងផងដែរ មានភាពកក់ក្ដៅប្រកបដោយទំនុកចិត្ត ហើយមួយទៀតការចុះបញ្ជីនេះក៏ផ្ដល់លទ្ធភាពហិរញ្ញវត្ថុដែរ កាលណាគាត់ចុះបញ្ជីទៅ គាត់ទទួលបានបណ្ណកម្មសិទ្ធិ គាត់អាចយកទៅដាក់នៅធនាគារ ដើម្បីយកប្រាក់មកពង្រីកមុខរបររបស់គាត់»។
ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យការងារកែទម្រង់ដីធ្លី លើការងារអាទិភាពចុះបញ្ជីដីធ្លី ការគ្រប់គ្រង ការប្រើប្រាស់ដី និងធនធានធម្មជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព អាជ្ញាធរខេត្តព្រះវិហារបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ក្នុងការជំរុញសកម្មភាពចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំក្រុមមន្ត្រីចំនួន៧ក្រុម ក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឈានទៅដល់ការបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខនេះ។
លោកសំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានមានប្រសាសន៍ថា មន្ទីរបានដាក់ផែនការនៅឆ្នាំ២០២៣- ២០២៤ មន្ទីរដែនដីបានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធក្នុងទូទាំងខេត្តព្រះវិហារ បានចំនួន៧១៤៤០ ក្បាលដី សរុបផ្ទៃដីស្មើនឹង៣១៩.៥៧៤ ហិកតា ស្មើនឹង៥១៥៣១ គ្រួសារ និងបានផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន៦៨៦៦៥បណ្ណ។ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី បានលើកឡើងទៀតថា ភូមិសាស្ត្រខេត្តព្រះវិហារស្ថិតនៅក្នុងតំបន់ព្រៃភ្នំច្រើន ដូច្នេះក្រុមការងារជួបការលំបាកច្រើន ក្នុងការចុះវាស់វែង ។
សំឡេងទី៥«ការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនេះវាពិតជាមានសារៈសំខាន់ប្រាំយ៉ាង ហើយវាជាដើមទុនមួយសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋមានភាពនឹងននៅក្នុងចិត្ត។ គាត់មានសិទ្ធិក្នុងការប្រើប្រាស់អាស្រ័យផល ចាត់ចែង សិទ្ធិផ្ដាច់មុខ និងអចិន្ត្រៃយ៍។ ដូច្នេះបងប្អូនពេលដែលគាត់បានបណ្ណកម្មសិទ្ធិហើយពួកគាត់តែងតែសាទរអរគុណដល់រដ្ឋាភិបាលដែលជាប្រមុខដឹកនាំ ដោយពីមុនមកគាត់មិនដែលមានបណ្ណកម្មសិទ្ធិនោះទេ។បណ្ណកម្មសិទ្ធិអ្នកខ្លះក៏មិនស្គាល់ថា ជាបណ្ណអ្វីដែរ។ ពាក្យថាបណ្ណរឹងហ្នឹងជាបណ្ណដែលត្រឹមត្រូវតាមផ្លូវច្បាប់ ហើយត្រូវថែរក្សាបណ្ណនេះកុំយកប្រើប្រាស់ដោយខុសច្បាប់អ្វីដែលមិនចាំបាច់កុំប្រើប្រាស់។ សូមរក្សាទុកដាក់ឱ្យបានត្រឹមត្រូវ កុំឱ្យបាត់បង់ជាយថាហេតុ ព្រោះពិបាកនឹងការធ្វើឡើងវិញ»។
នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូប
នីយកម្ម និងសំណង់ បានដាក់ ចេញនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន ៣ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអទិភាពផ្សេងទៀត គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេស អាជ្ញាធរមូលដ្ឋាន ជាមួយមន្ទីរជំនាញ ដើម្បីបម្រើប្រយោជន៍ជូនប្រជាជនយើង។
សំឡេងទី«ក្បាលដីទាំងអស់នៅស្រុកខ្មែរនឹងវាស់វែងចប់ ចឹងទី១យើងសម្អាតកែសម្រួលអ្វីដែលជាការខ្វះខាតកែសម្រួលពីមុន ហើយតម្រឹមស្តង់ដាតែមួយសម្រាប់បណ្ណដីទាំងអស់ ។ការវាស់វែងចប់យើងអាចចុះបញ្ចីដីបានទាំងដីរដ្ឋ ដីឯកជន។តែអ្វីដែលសំខាន់ការរៀប ចំក្រុង សូម្បីតែកូតនីវូលូទឹកក៏ចេញឱ្យដែរ ឈ្មោះភូមិសាស្ត្រ អាស័យដ្ឋានក៏ចឹងដែរ យើងអាចធ្វើការបានច្រើនទៀតបន្ទាប់ពីការចុះវាស់វែងដីធ្លីនេះហើយ»។
លោកអ្នកនាងជាទីមេត្រី
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការ បង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤។
ការចុះបញ្ជីដីធ្លីបញ្ចប់វិវាទនេះគឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជាចាប់ពីឆ្នាំ១៩៨៩មក ហើយអ្វីដែល បានអនុវត្តនេះគឺសំដៅទៅបញ្ចប់ឱ្យបានមុនឆ្នាំ ២០២៩ ដើម្បីគម្រប់ខួបលើកទី ៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណ ជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណ ដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស នៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់៕