វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ២៧ ០៩ ២០២៤
MC៖ យុវជន យុវនារី និយមស្លៀកសម្លៀកបំពាក់ប្រពៃណីដូចជា បុរស ពាក់អាវស ខោជើងវែង ចំណែកនារីវិញ ពាក់អាវប៉ាក់ជាមួយសំពត់ហូល ផាមួងទៅវត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីចង់បង្ហាញអំពីអត្តសញ្ញាណជាតិ ដែលជាសម្លៀកបំពាក់របស់ខ្មែរ ដែលមានភាពស្រស់ស្អាតផូរផង់ និងកេរ្តិ៍តំណែលពីបុរាណកាលមក។
កញ្ញា មុនី រ័ត្ន វ័យ២៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានឱ្យដឹងថា ជាញឹកញាប់ កញ្ញានិយមស្លៀកសម្លៀកបំពាក់ បែបប្រពៃណីទៅវត្ត ទាំងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។ កញ្ញាយល់ថា ការស្លៀកបែបប្រពៃណីទៅវត្ត គឺជារឿងមួយដែលសមរម្យ ថ្លៃថ្នូរ និងស្រស់ស្អាតជាខ្លាំង ជាពិសេសសប្បាយចិត្តដែលបានស្លៀកសម្លៀកបំពាក់ខ្មែរ ក្នុងឱកាសបុណ្យជាតិ ដើម្បីលើកស្ទួយវប្បធម៌របស់ខ្មែរផងដែរ។
«មានតែឱកាសបុណ្យទានអ៊ីចឹងហើយ ទើបយើងបានស្លៀកសម្លៀកបំពាក់ខ្មែរ ដូច្នេះ យើងគួរតែពាក់វា ទៅវត្តជាមួយគ្រួសារ មើលទៅឃើញស្អាត និងជួយលើកស្ទួយវប្បធម៌ខ្មែរផង។ ស្លៀកបែបខ្មែរអញ្ចឹង ខ្ញុំគិតថា មិនស្អុះស្អាប់ប៉ុន្មានទេ ព្រោះយើងទៅវត្តតែមួយភ្លែត។ តែប្រសិនទៅវត្តឆ្ងាយ យើងអាចយកខោអាវ ទៅប្តូរចេញ ពេលប្រគេនចង្ហាន់ព្រះសង្ឃរួចបានតើ។ អ៊ីចឹងរឿងដែលថា ពាក់អាវប្រពៃណី ពិបាក មិនស្រួលខ្លួន មិនមែនជា បញ្ហាទេ សំខាន់យើងម្នាក់ៗប្តេជ្ញាបានប៉ុណ្ណា»។
ចំណែក លោក ហុង សីហា អាយុ២៩ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានលើកឡើងដែរថា
បច្ចុប្បន្ននេះ លោកសង្កេតឃើញយុវជនមួយចំនួនធំ ចូលចិត្តស្លៀកសម្លៀកបំពាក់ប្រពៃណី ។ លោកយល់ឃើញថា ការស្លៀកពាក់បែបប្រពៃណីទៅវត្ត មានអាវប៉ាក់ ជាមួយសំពត់ហូលផាមួង ឬ សំពត់ក្បាច់ធម្មតា សក្ដិសមបំផុតជាមួយនឹងនារីខ្មែរ មានភាពសមរម្យ ថ្លៃថ្នូរជានារីខ្មែរ ដែលមានតាំងពីយូរយារណាស់មកហើយ ព្រមទាំងមើលទៅស្រស់ស្អាត សម្រាប់វប្បធម៌ និងប្រពៃណីរបស់ខ្មែរតែម្តង។
សំឡេង៖ «ប្រសិនបើចង់ឱ្យវប្បធម៌ខ្មែរគង់វង្ស មានតែកូនខ្មែរនេះហើយ ដែលជាអ្នកថែរក្សា និងអភិរក្ស។ បើសិនជារដូវបុណ្យទានហើយ យើងនៅតែមិនពាក់ឈុតប្រពៃណីខ្មែរ បែរជាពាក់បែបបរទេសវិញ វានាំឱ្យជះ ឥទ្ធិពលមិនល្អដល់ វប្បធម៌ខ្មែរ។ តែឥឡូវនេះល្អប្រសើរជាងមុនឆ្ងាយណាស់ ភាគច្រើនឃើញពាក់ឈុត ប្រពៃណីខ្មែរច្រើន មើលទៅសមសួនល្អណាស់ ថ្លៃថ្នូរទៀត»។
ចំពោះកញ្ញា អូន ស្រីទី វ័យ១៩ឆ្នាំ និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឬ បុណ្យជាតិធំៗ មិនថាឆ្នាំនេះ ឬ ឆ្នាំកន្លងទៅ អត្រានៃនារីខ្មែរ ស្លៀកឈុតប្រពៃណី មានការកើនឡើងគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ កញ្ញាក៏សង្កេតឃើញ មានបរទេសមួយចំនួន ក៏បានស្លៀកឈុតប្រពៃណីខ្មែរ ចូលរួមពិធីបុណ្យ ឬ ពិធីផ្សេងៗក្នុងប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ការស្លៀកសម្លៀកបំពាក់ខ្មែរ គឺជាការបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរមួយដ៏ផូរផង់ ដែលខ្មែរ មានតាំងពីសម័យបុរាណមកម្ល៉េះ។ សម្លៀកបំពាក់នីមួយៗ មានទៅតាមសម័យកាលផ្សេងៗគ្នា និងកម្មវិធី ខុសគ្នាផងដែរ។ សម្លៀកបំពាក់ខ្មែរ មានតាមប្រភេទកម្មវិធីដូចជា សម្លៀកបំពាក់តាមពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យសព ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីចូលឆ្នាំខ្មែរ ឬ ពិធីផ្សេងៗទៀត៕