បាត់ដំបង៖បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានស្ងប់ស្ងាត់ រដ្ឋបាលខេត្តបាត់ដំបងចាប់ផ្ដើមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបឡើងវិញជារៀងរាល់ឆ្នាំ។សម្រាប់ឆ្នាំ២០២៤នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង។ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ និងប្លែកមិនធ្លាប់មាន គឺសម្រាប់ឆ្នាំនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានណែនាំឱ្យមន្ទីរ អង្គភាពរៀបចំប្រទីបខ្នាតធំចំនួន៧ប្រទីបដើម្បីបណ្ដែតក្នុងពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបអបអរសាទរថ្ងៃចេញព្រះវស្សាដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ប្រទីបខ្នាតធំចំនួន៧ដែលនឹងត្រូវបណ្ដែតបង្អួតសម្រស់លើដងស្ទឹងសង្កែនោះរួមមានប្រទីបរបស់រដ្ឋបាលខេត្ត, ប្រទីបមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, ប្រទីបមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ប្រទីបមន្ទីរសុខាភិបាល, ប្រទីបមន្ទីរសាធារណការ និងដឹកជញ្ជូន,ប្រទីបរដ្ឋាករទឹក និងប្រទីបអគ្គិសនីកម្ពុជា។
ពិធីបណ្ដែតប្រទីបនេះធ្វើឡើងក្នុងគោលបំណងដើម្បី៥យ៉ាងរួមមាន៖ទី១.បូជាចំពោះព្រះចង្គោមកែវ និងស្នាមព្រះបាទនៅស្ទឹងនម្មទា,ទី២.ជូនដំណើរដូនតាទៅស្រុក,ទី៣.រំលឹកដល់គុណបុព្វវរៈជនអ្នកការពារជាតិ គឺវរៈកងទ័ពជើងទឹក,ទី៤.ពិធីខមាលាទោសព្រះគង្គា ព្រះធរណីនិងទី៥.ដើម្បីថែរក្សាប្រពៃណី វប្បធម៌ សាសនាជាតិខ្មែរ និងអត្តសញ្ញាណជាតិ។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងឱ្យដឹងថា ការរៀបចំប្រទីបរបស់មន្ទីរកសិកម្មបានធ្វើឡើងតាំងពីសប្ដាហ៍មុនរហូតមកដល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ៧០ភាគរយហើយការរៀបចំតុបតែងប្រទីបនោះទៀតសោតគឺពោរពេញទៅដោយការរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្មនៅកម្ពុជាជាពិសេសនៅក្នុងខេត្តបាត់ដំបងផ្ទាល់តែម្ដង។
បន្ថែមពីនេះ ក្នុងនាមជាអ្នកខេត្តបាត់ដំបង លោក ឈឹម វជិរា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្តព្រមទាំងភ្ញៀវទេសចរបរទេសសូមមកចូលរួមកម្សាន្តសប្បាយរីករាយនៅខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនាពេលខាងមុខ។
ជាមួយគ្នានោះ លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង លើកឡើងផងដែរថា សម្រាប់មន្ទីររៀបចំដែនដីក៏បានទទួលផែនការពីឯកឧត្តម សុខ លូ អភិបាលខេត្តដើម្បីរៀបចំប្រទីបមួយត្រៀមចូលរួមក្នុងកម្មវិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងនាឆ្នាំនេះ។
លោក សួន សុភា រំលេចបន្ថែមថា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ ខេត្តបាត់ដំបងបានប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រៀបចំសួនច្បារ និងវិមានឯករាជ្យដើម្បីលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបងឱ្យកាន់តែមានភាពទាក់ទាញ។
សូមរំលឹកថា សម្រាប់ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលរៀបចំកន្ទោង ប្រទីបធ្វើអំពីជ័រ ឬស្នោរក្នុងរយៈពេលកន្លងមក ត្រូវរៀបចំជំនួសដោយការរៀបចំពីដើមចេក ស្លឹកចេក ស្លឹកត្នោត ឬប្រភេទស្លឹកឈើធម្មជាតិផ្សេងៗ ដើម្បីបង្ហាញពីការចូលរួមចំណែកលើកតម្លៃជាតិ តម្លៃវប្បធម៌ដូនតា និងបរិស្ថានសង្គម ជាពិសេសដើម្បីថែរក្សាអនាម័យបរិស្ថានប្រព័ន្ធអេកូឡូស៊ីឱ្យបានល្អប្រសើរដើម្បីប្រែក្លាយក្រុងបាត់ដំបងទៅជាទីក្រុងវៃឆ្លាត Smart City និងជាក្រុងដែលស្អាតបៃតង។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សានិងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿង ជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបងក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។ក្នុងពិធីបុណ្យអុំទូកនេះ មានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និងនៅពេលរាត្រីក៏មានការរៀបចំបណ្ដែតប្រទីបបង្ហោះគោមនិងបាញ់កាំជ្រួចជាដើម។ជាមួយគ្នានេះក្នុងពេលរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក៏មានការដង្ហែប្រទីបយកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែលបានផ្តល់ដីដ៏មានជីវជាតិល្អផូរផង់បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ។រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ពិតជានឹងចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចេញវស្សាឱ្យបានច្រើនកុះករ៕
អត្ដបទ លោក នឿ សុភ័ក្រ្តមន្ទីរព័ត៌មានខេត្តបាត់ដំបង