ការដាក់ឱ្យចរាចរ ក្រដាសប្រាស់២ សែនរៀល (២០ម៉ឺនរៀល) គឺមិនធ្វើឱ្យប៉ះពាល់ ដល់រូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជានោះឡើយ

Narith | ថ្ងៃទី 16 ខែ តុលា ឆ្នាំ 2024

 

  វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៦ ១០ ២០២៤

  MC៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានប្រកាសអះអាងថា ការដាក់ឱ្យចរាចរ នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០ ០០០រៀល (២០ម៉ឺនរៀល) នាពេលនេះ គឺមិនធ្វើឱ្យប៉ះពាល់ដល់រូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជានោះឡើយ ខណៈក្រដាសប្រាក់២០ម៉ឺនរៀលនេះ បានបោះពុម្ពចំនួនត្រឹមតែ ២០លានសន្លឹកតែប៉ុណ្ណោះ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
  
   តាមរយៈវីដេអូឃ្លីប នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ជា សិរី បានពន្យល់ដល់សាធារណជនថា នាពេលកន្លងមកមានការព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវក្រដាសប្រាក់ថ្មីម្តងៗនោះ ថាធនាគារជាតិ ឬរាជរដ្ឋាភិបាលខ្វះលុយជាដើមនោះគឺមិនមែននោះទេ ពោលគឺការដាក់ឱ្យចរាចរនូវក្រដាសប្រាក់ថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែល ធនាគារជាតិបានដកចេញពីចរាចរតែប៉ុណ្ណោះ។   
   លោកជំទាវបណ្ឌិតបន្ថែមថា ការដាក់ចេញនូវក្រដាសប្រាក់ប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាស ប្រាក់ចាស់ ឬទក់រហែកដែលបានដកចេញពីចរាចរណ៍ ពោល កន្លងមកនៅពេលដែលធនាគារជាតិនៃកម្ពុជា បានដាក់ធនប័ត្រទៅក្នុងចរាចរណ៍ ធនប័ត្រនោះតែងតែមានការចរចា ទក់រហែក ជារឿងធម្មតា ការប្រើប្រាស់ដោយដៃសើម ឬប៉ះពាល់ដី ឬត្រូវកម្ដៅខ្លាំង ឬក៏អាចរហែក មានសរសេរប៊ិកនៅលើ ក្រដាសប្រាក់។  ដូច្នេះរាល់ពេលដែលធនាគារជាតិ ប្រមូលនូវប្រភេទក្រដាសប្រាក់នេះ ចូលមកក្នុងធនាគារជាតិវិញ តាមរយៈការបង់ប្រាក់ចូលពីសាធារណជន តាមសាខាធនាគារជាតិ នៃកម្ពុជា តាមរយៈយន្តការឬយុទ្ធនាការស្រឡាញ់ប្រាក់រៀល ដែលកន្លងមកធនាគារជាតិនៃកម្ពុជា តែធ្វើឡើង នៅតាមទីរួមខេត្តមួយចំនួន ដើម្បីផ្លាស់ប្តូរក្រដាសចាស់ទក់ឬរហែក ជាមួយនឹងប្រភេទក្រដាសថ្មី គឺក្រដាសប្រាក់ទាំងនោះ នឹងយកធ្វើស្រាវជ្រើស បានន័យថា ជ្រើសរើស តើក្រដាសប្រភេទក្រដាសប្រាក់ណាចាស់ដែរប៉ុន្តែអាចដាក់ចូលទៅប្រើប្រាស់ក្នុងចរាចរណ៍ ក្នុងសេដ្ឋកិច្ចឡើងវិញ ហើយប្រភេទក្រដាសប្រាក់ណាដែលយើងត្រូវយកទៅកាត់ដុតចោល។ 
«ដូច្នេះនៅពេលដែលយើងសម្រេចថា ក្រដាសប្រាក់នោះមិនអាចដាក់ចូលទៅចរាចរណ៍វិញបាន ទីមួយ គឺយើងត្រូវយកវាទៅកាត់ជាកំណាត់តូចៗ បន្ទាប់មកគឺយើងយកទៅដុតចោលនៅឡរបស់ធនាគារជាតិនៃកម្ពុជា ហើយចំនួនដែលកាត់និងដុតនោះ គឺយើងដឹងច្បាស់ថាមានទំហំប៉ុណ្ណា ហើយយើងជំនួសនូវទំហំទឹកលុយដែលយើងដុតនោះដោយក្រដាសប្រាក់ថ្មី ឬ ជួនកាលការជំនួសនោះ បើយើងកាត់ក្រដាស ១ម៉ឺន ជំនួសដោយក្រដាស១ម៉ឺន ២ម៉ឺនគឺជំនួសដោយ២ម៉ឺន។ក៏ប៉ុន្តែយើងក៏អាចជំនួសដោយប្រភេទ ក្រដាសប្រាក់ថ្មី ហើយទំហំនិងបរិមាណសរុបត្រូវឱ្យសើ្មគ្នា ប៉ុន្តែអាចដូរប្រភេទធនប័ត្របាន។ » 
  លោកជំទាវបណ្ឌិត ជា សិរី ក៏បានបញ្ជាក់ផងដែរថា ការបោះពុម្ពនូវ ក្រដាសប្រាក់២០ម៉ឺនរៀលនេះ គឺដើម្បីអបអរសាទរការគ្រងព្រះរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាប្រភេទក្រដាសប្រាក់អនុស្សាវរីយ៍ ដែលនឹងត្រូវចេញផ្សាយ ឬដាក់ឱ្យចរាចរត្រឹមតែ២០លានសន្លឹកតែប៉ុណ្ណោះ។
     ជាមួយគ្នានោះដែរ លោកជំទាវបណ្ឌិត ជា សិរី ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិកុំឱ្យមាន ការយល់ច្រឡំ ចំពោះការដាក់ឱ្យចរាចរនូវក្រដាសប្រាក់២០ម៉ឺនរៀលនេះ ហើយត្រូវរួមគ្នាថែរក្សា និងការ ពារនូវក្រដាសប្រាក់រៀលរបស់ខ្មែរឱ្យបានគ្រប់ៗគ្នាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕

ការដាក់ឱ្យចរាចរ ក្រដាសប្រាស់២ សែនរៀល (២០ម៉ឺនរៀល) គឺមិនធ្វើឱ្យប៉ះពាល់ ដល់រូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជានោះឡើយ
ការដាក់ឱ្យចរាចរ ក្រដាសប្រាស់២ សែនរៀល (២០ម៉ឺនរៀល) គឺមិនធ្វើឱ្យប៉ះពាល់ ដល់រូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជានោះឡើយ