វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៨ ១០ ២០២៤
គណៈកម្មការជំនាញរដ្ឋសភា ស្នើសុំឱ្យអាជ្ញាធរខេត្តលើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិឱ្យខិតខំផ្សព្វផ្សាយពីសេវាបង្ការជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការថែទាំសុខភាព ខណៈជំងឺនេះច្រើនកើតឡើងដល់ពលរដ្ឋមិនដឹងខ្លួន។
ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការនៃគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) ក្នុងដំណើរទស្សនកិច្ច និងជួបប្រជុំពិភាក្សាការងារជាមួយគណៈអភិបាលខេត្តស្ទឹងត្រែង កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានស្នើសុំឱ្យអាជ្ញាធរខេត្ត លើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិឱ្យខិតខំផ្សព្វផ្សាយពីសេវាបង្ការជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការថែទាំសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានម្ហូបអាហារដែលមានជាតិស្ករតិច អំបិលតិច ខ្លាញ់តិច។ ជាមួយគ្នានេះ ក៏ស្នើឱ្យបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងជំងឺមិនឆ្លង សម្រាប់ចាក់ផ្សាយតាម មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត ជូនដល់ប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងស្នើឱ្យមន្ទីរកិច្ចការនារី និងមន្ទីរការងារចូលរួមសហការគ្នា ចុះផ្សព្វផ្សាយទៅដល់ផ្ទះប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនៅតាមភូមិឃុំ ឱ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្តឱ្យបានច្រើន ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាកម្មករជំនាញ និងទទួលបានប្រាក់ខែខ្ពស់។ ឯកឧត្តម បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដកផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅតាមដងផ្លូវនៅក្នុងខេត្ត។
បើតាមប្រសាសន៍របស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា អាជ្ញាធរខេត្តបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ក្នុងនោះវិស័យសុខាភិបាល ត្រូវបានពង្រឹងសមត្ថភាពបុគ្គលិកពេទ្យតាមមណ្ឌលសុខភាព មន្ទីរពេទ្យឱ្យមានជំនាញ និងចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ និងលើកប៉ាណូពីបញ្ហាគ្រោះថ្នាក់នៃជំងឺមិនឆ្លងតាមទីប្រជុំជន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ចំណែកឯវិស័យសង្គមកិច្ច បានបើកប្រាក់គោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ និងបានចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅតាមសមាគមន៍ ព្រមទាំងជួយឱ្យមជ្ឈមណ្ឌលមនុស្សចាស់មានដំណើរការជាបន្តបន្ទាប់។ វិស័យការងារ បានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនជំនាញ និងនៅ សាលាពហុបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយពីសារៈប្រយោជន៍ដល់សហគមន៍។ បេឡារបបសន្តិសុខសង្គម(ប.ស.ស) ត្រូវបានផ្សព្វផ្សាយពីអត្ថប្រយោជន៍ការប្រើប្រាស់បណ្ណ ប.ស.ស ដល់កម្មករ កម្មការិនី និងបុគ្គលស្វ័យនិយោជន៍ ព្រមទាំងវិស័យកិច្ចការនារីត្រូវបានពង្រឹងការលើកកម្ពស់សមត្ថភាពស្រ្តី តាមរយៈការបង្កើតឱកាសឱ្យស្ត្រីក្រីក្រ ស្ត្រីមេម៉ាយគ្មានទីពឹងនិងក្មេងស្រីបោះបង់ការសិក្សាចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនផ្នែកបន្ថែមទៀត ដើម្បីឱ្យមានជំនាញនិងទទួលបានប្រាក់ខែច្រើន។
ទោះជាយ៉ាងនេះក្តី ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីបញ្ហាកង្វះខាតមន្ត្រីនៅតាមមន្ទីរនីមួយៗ ខណៈសមត្ថភាពមន្ត្រីនៅមានកម្រិត ខ្វះគ្រឿងបរិក្ខារ និងសម្ភារៈផ្សេងៗ៕