វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
ភ្នំពេញ៖ប្រជាពលរដ្ឋកម្ពុជា ចាប់ផ្ដើមមានការយល់ដឹងពីរបៀបសន្សំប្រាក់ និងការពារសុខភាពដែលចំណេញ និងមានសុវត្ថិភាពខ្ពស់ ដើម្បីធានាបញ្ជៀសហានិភ័យ ដូចជាចោលួច ឬបាត់ និងមានប្រព័ន្ធការសុខភាពយ៉ាងរឹងមាំគ្មានក្ដីបារម្ភ។
ដោយសារតែប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យធានារ៉ាប់រង និងធនាគារ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរភាគច្រើនចាប់អារម្មណ៍លើការសន្សំប្រាក់ តាមរួបភាពផ្សេងៗគ្នា ដូចជា៖ ការដាក់ក្នុងធនាគារ ឬការទិញប័ណ្ណធានារ៉ាប់រងសុខភាពឬអាយុជីវិត, ការធារ៉ាប់រងពេលខ្ចីប្រាក់ពីធនាគារ និងធានារ៉ាប់រងលើចលនវត្ថុជាដើម។
អ្នកស្រី ប៊ុក ណារី អាជីវករវេប្រាក់ និងប្ដូរប្រាក់នៅក្នុងរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៤ថា កាលពីមុន អ្នកស្រីបានសន្សំប្រាក់តាមរបៀបទិញមាស ទិញដីពីបីកន្លែង និងលេងតុងទីនជាដើម។ ប៉ុន្តែការសន្សំបែបនេះ មិនបានធ្វើឱ្យចំណេញច្រើននោះទេ ហើយថែមទាំង ជួបហានិភ័យខ្ពស់ថែមទៀតដូចជា ពេលខ្លះត្រូវមេតុងទីនរត់ចោល ពេលខ្លះទៀតតម្លៃដីចុះថោក លក់មិនចេញ ធ្វើមានការខាតផងដែរ។
ឆ្លងកាត់បទពិសោធន៍នេះ អ្នកស្រីបានងាកមកធ្វើការសន្សំប្រាក់នៅក្នុងគណនីធានាគាររបស់លោកស្រីវិញម្តងដោយកំណត់យ៉ាងច្បាស់ថា ក្នុងមួយខែគាត់ត្រូវដាក់ចំនួនប្រាក់ប៉ុន្មាន ដើម្បីទុកសន្សំដោយប្តេជ្ញាមិនដកយកមកប្រើប្រាស់ឡើយ បើគ្មានការចាំចាច់នោះទេ។
លោកស្រីបញ្ជាក់ថា ការទុកលុយនៅធនាគារនេះ មានភាពងាយស្រួល មានសុវត្ថិភាព ក្នុងការដកយកទៅ បំពេញតម្រូវការក្នុងគ្រួសារនាពេលអនាគត ព្រោះថាបើទុកលុយនៅក្នុងខ្លួន ឬនៅផ្ទះច្រើនពេក អាចមានហានិភ័យខ្ពស់ ដូចជាចោលួច ឬបាត់ ជាពិសេសធ្វើឱ្យយើងចាយវាយមិនចំគោលដៅ។
អ្នកស្រីប៊ុក ណារីបញ្ជក់យ៉ាងដូច្នេះថា៖ « លុយនិងមនុស្សវាមិនចេះគ្រប់គ្រាន់នោះទេ អ៊ីចឹងយើងត្រូវកំណត់ខ្លួនឯងឱ្យបានច្បាស់លាស់ ថាលុយនេះ គឺជាលុយសន្សំ ។ ក្នុងនោះប្ដីប្រពន្ធខ្ញុំចង់នាំកូនដើរលេងទៅតាមបណ្ដាខេត្ដឆ្ងាយ អ៊ីចឹងប្ដីប្រពន្ធខ្ញុំត្រូវសន្សំសម្ចៃ អ៊ីចឹងខ្ញុំត្រូវកាត់បន្ថយការចំណាយអ្វីដែលមិនចាំបាច់ នេះជាការសន្សំសម្ចៃនៅក្នុងហ្នឹង»។
បើតាមលោកស្រី ប៊ុក ណារី ការទុកដាក់ប្រាក់ក្នុងសម័យឌីជីថលនេះ មានភាពងាយស្រួលណាស់ បើយើងត្រូវការពេលណាយើងអាចដកបានភ្លាមៗ។
សំឡេង«ការសន្សំនេះ វាមិនអាចបានសល់ជាធំដុំប៉ុន្មានទេ តែវាអាចជួយសង្គ្រោះពេលយើងមានបញ្ហាក្នុងករណីបន្ទាន់ណាមួយដូចជាកូនឈឺ និងលក់ដីដើម្បីធ្វើផ្ទះទិញឡាន»។
ជាមួយគ្នានេះ លោកស្រីក៏បានបង្ហាញពីបទពិសោធន៍របស់គ្រួសារលោកស្រី ក្នុងការប្រើប្រាស់ប្រាក់កម្ចីពីវិស័យធនាគារឱ្យចំគោលដៅក្នុងការពង្រីកអាជីវកម្មផងដែរ។
សំឡេង៖ «ការខ្ចីធានាគារ គ្មានបញ្ហាប្រឈម ដោយសារតែយើងបានគិតពីប្រាក់ចំណូលលើសពីការបង់ធានាគារ ឧទារហណ៍ ដូចជាចំណូលប្ដី៥០០ដុល្លារ និងប្រពន្ធ៥០០ដុល្លារក្នុងមួយខែ ហើយបង់ធានាគារ២០០ ឬ៣០០ដុល្លារ និងចំណាយក្នុងគ្រួសារប្រចាំថ្ងៃទៀត អ៊ីចឹងបើចំណូលយើង៤៥០ហើយទៅខ្ចីធានាគារ៥០០ដុល្លារមិនបាននោះទេ »។
យោងតាមធនាគារក្នុងស្រុកមួយបានឱ្យដឹងថា ការវិនិយោគសាច់ប្រាក់របស់ប្រជាពលរដ្ឋជាមួយធនាគារ ជាប្រភពចំណូលបន្ថែម ដែលប្រាក់នេះមានកំណើនជារៀងរាល់ថ្ងៃ សម្រាប់ធ្វើឱ្យពលរដ្ឋសម្រេចក្តីប្រាថ្នា និងធានាបាននូវសុវត្ថិភាពខ្ពស់ ហើយពលរដ្ឋអាចជ្រើសរើសប្រភេទគណនីសន្សំប្រាក់ បានតាមតម្រូវការ។
ពលរដ្ឋម្នាក់ទៀត គឺលោកស្រី ឃួន លក្ខិណា អាយុ៤៣ ឆ្នាំរស់នៅសង្កាត់ បឹងកេងកង៣ នៅរាជធានីភ្នំពេញ ក៏បានធ្វើការសន្សំប្រាក់ផងដែរ តែលោកស្រីបានជ្រើសរើសការសន្សំជាមួយក្រុមហ៊ុនធានារ៉ាប់រងផ្នែកសុខភាព និងអាយុវជីវិត និងការសន្សំជាមួយធនាគារដើម្បីទទួលបានការប្រាក់ខ្លះ។
លោកស្រីឃួន លក្ខណា៖ «ខ្ញុំ និងប្ដីបានប្រើប្រាស់បណ្ណធានារ៉ាប់រងតាមរយៈធានាគារមួយ ដោយមានការកំណត់ក្នុងរយៈពេល១០ ឆ្នាំ ហើយខ្ញុំសង្ឃឹមថា ក្នុងរង្វង់១០ឆ្នាំនេះ ខ្ញុំទទួលបានកិច្ចការពារ និង១០ឆ្នាំក្រោយ ខ្ញុំនឹងទទួលបានថវិកា និងអត្ថប្រយោជន៍តាមគោលការណ៍របស់ក្រុមហ៊ុន។ ខ្ញុំបានទិញធានារ៉ាប់រងលើអាយុជីវិត ហើយខ្ញុំក៏ចង់បានបណ្ណធានារ៉ាប់រងលើអចលនទ្រព្យ និងសុខភាពដែរ ប៉ុន្ដែខ្ញុំគិតថា ជាជំហ៊ានទី២ ដែលខ្ញុំអាចមានលទ្ធភាពបង់ទៅឱ្យក្រុមហ៊ុន ដែលនេះជាគម្រោងនាពេលអនាគត។»
មុនពេលសម្រេចចិត្តជ្រើសរើសប្រើប្រាស់ការទិញប័ណ្ណធានារ៉ាប់រងខាងលើនេះ លោកស្រីឃួនលក្ខិណា ក៏ធ្លាប់មានភាពស្ទាក់ស្ទើរក្នុងការទិញកញ្ចប់ធានារ៉ាប់រងអាយុវជីវិតនេះផងដែរ។ ប៉ុន្តែបន្ទាប់ពីគ្រួសារលោកស្រីបានស្វែងយល់ស៊ីជម្រៅទាំងក្របខណ្ឌច្បាប់ ដែលអនុញ្ញាតពីក្រសួងមានសមត្ថកិច្ច របស់រាជរដ្ឋាភិបាល និងលក្ខខណ្ឌរបស់ក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន រួចមកធ្វើឱ្យលោកស្រីកានសម្រេចចិត្តជ្រើសរើសការសន្សំបែបនេះ ដោយមិនមានការព្រួយបារម្ភទៀតឡើយ។
សំឡេង៖ ខ្ញុំធ្លាប់លឺគេនិយាយថា ការទិញបណ្ណធានារ៉ាប់រងនៅក្នុងស្រុកខ្មែរ អត់គួរឱ្យទុកចិត្តនោះទេ អ្នកខ្លះនិយាយថា ដល់ពេលកំណត់ដែលត្រូវផ្ទេរលុយមកឱ្យវិញគឺអត់មានប្រគល់លុយឱ្យមកវិញនោះទេ ហើយអ្នកខ្លះទៀតនិយាយថា ក្នុងករណីស្លាប់ ឬមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង គឺអត់មានការផ្តល់សំណងដូចមានចែងនៅក្នុងកុងត្រានោះឡើយ ប៉ុន្តែខ្ញុំសម្រេចចិត្តប្រថុយ និងសាកល្បងដោយសារតែក្រុមហ៊ុនដែលប្តីខ្ញុំបម្រើការងារបានជ្រើសរើសនូវការទិញធានារ៉ាប់រងពីក្រុមហ៊ុននោះ ហើយម្យ៉ាងប្តីខ្ញុំគាត់បានប្រើសេវានោះមុនខ្ញុំ ហើយលក្ខខណ្ឌនៅក្នុងកុងត្រាបាននិយាយយ៉ាងច្បាស់លាស់ណាស់ ដូច្នេះទើបខ្ញុំសម្រេចចិត្តប្រើបណ្ណធានារ៉ាប់រងជាមួយប្តីខ្ញុំ។
អ្នកស្រីឈួន លក្ខិណា បានចែករំលែកពីបទពិសោធន៍ថា ដើម្បីឱ្យការសន្សំប្រាក់ទទួលបានជោគជ័យ ត្រូវរៀនកាត់បន្ថយការចំណាយណាមួយ ដែលមិនចាំបាច់ ឬមិនត្រូវខ្ទង់ រីឯការដាក់ប្រាក់សន្យំនៅក្នុងធានាគារក៏ដូចគ្នា និងការសន្សំប្រាក់តាមរយៈការទិញធានារ៉ាប់រងផងដែរ ត្រូវជ្រើសរើសធានាគារណាមួយដែលផ្តល់ទំនុបចិត្តខ្ពស់ មានសក្តានុពល មានច្បាប់ត្រឹមត្រូវ ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល ទើបធានាបានថាធានាគារនោះអាចរក្សានូវលុយយើងបានគង់វង្ស និងអាចផ្តល់អត្ថប្រយោជន៍ពិតប្រាកដ។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះថា អត្ថប្រយោជន៍ក្នុងការទិញធានារ៉ាប់រង បានទាំងការពារ និងប្រាក់សន្សំថែមទៀតផងដែរ។
លោកពន្យល់ថា ថ្វីត្បិតតែការដាក់ប្រាក់សន្សំជាមួយធានារ៉ាប់រង បានការប្រាក់តិចជាងធនាគារមែន តែការសន្សំជាមួយធានារ៉ាប់រង គឺអ្នកបានទាំងការការពារបន្ទុកហិរញ្ញវត្ថុ ពេលមានហានិភ័យកើតឡើង ហើយក៏ទទួលបានប្រាក់សន្សំបូកជាមួយនឹងអត្រាការប្រាក់ថែមទៀត។ មួយវិញទៀតការទិញសេវាធានារ៉ាប់រង គឺជាសេវាការពារបន្ទុកហិរញ្ញវត្ថុនៅពេលមានហានិភ័យកើតឡើងប្រសិនបើបុគ្គលណាម្នាក់ទិញសេវាធានារ៉ាប់រងកញ្ចប់ណាមួយ នៅពេលដែលមានហានិភ័យ នឹងទទួលបានសំណងវិញ។
លោក ជីម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ក៏បានមានប្រសាសន៍នៅក្នុងកម្មវិធីខាងលើនេះផងដែរថា ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនជាង ១៣ លាននាក់ក្នុងទីផ្សារចំនួន១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ លោកអគ្គនាយកបន្ដថា តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD cambodia មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មី លើសេវាធានារ៉ាប់រងជូនដល់អតិថិជនដោយទទួលបានការអនុញ្ញាតនិងការគាំទ្រ ពីនិយ័តករធានារ៉ាប់រងកម្ពុជា ដោយបានសម្ពោធជាផ្លូវការក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ២០២១។
លោកជីម គង់ហ៊ុយ បានបន្ថែមថា ផែនការរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជូននូវកម្មវិធីកាន់តែច្រើនបន្ថែម ទៀតដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនក្នុងឆ្នាំ២០២៤នេះ ដែលរួមមានដូចជា៖ ការបង្កើតនូវផលិតផលដែលផ្ដល់ការការពារកាន់តែខ្ពស់ និង គុណប្រយោជន៍កាន់តែសម្បូរបែបស្របតាមតម្រូវការរបស់អតិថិជន។ ការបង្កើតកម្មវិធីរត់កម្សាន្ត ដើម្បីសុខភាព ដែលនឹង បើកឱ្យអតិថិជនចូលរួមដោយរីករាយ និងការប្រគុំតន្ត្រី ដើម្បីអបអរខួប៣ឆ្នាំជាមួយនឹងឱកាសសម្រាប់អតិថិជនចូលរួម ផ្លាស់ប្ដូរបទពិសោធន៍និងធ្វើការបង្ហាញពីអាជីវកម្ម ឬ ផលិតផលដែលអតិថិជនមានទៅកាន់អតិថិជនផ្សេងទៀត ។
នៅក្នុងវេទិកាការីនិពន្ធ ស្ដីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពីអក្ខរកម្មហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម នេត្រ ភក្រ្ដារដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយចំណេះដឹងជូនប្រជាពលរដ្ឋ អំពីបញ្ហា និងដំណោះស្រាយជុំវិញប្រាក់កម្ចី ឬការទិញប័ណ្ណធានារ៉ាប់រង ដើម្បីឱ្យពួកគាត់មានជីវភាពរីកចម្រើន ។
ម៉្យាងវិញទៀតប្រជាពលរដ្ឋអាចជ្រើសរើសធនាគារផ្តល់ប្រាក់កម្ចី សន្សំ ឬក្រុមហ៊ុនធានារ៉ាប់រង ដែលមានភាពរឹងមាំ និងស្របច្បាប់ ដើម្បីកុំឱ្យចាញ់ក្រោយពីទទួលយកការប្រើប្រាស់សេកម្មទាំងនោះ៕