វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ១០ ២០២៤
ភ្នំពេញ៖ ក្រសួងសាធារណការនិងក្រុមហ៊ុនកូរ៉េ ពិនិត្យទីតាំងត្រៀមសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីច្រោះទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋ ការបង្កើតប្រព័ន្ធបណ្តាញលូ និងការតភ្ជាប់បណ្តាញលូពីផ្ទះប្រជាពលរដ្ឋមកកាន់ស្ថានីយប្រព្រឹត្តិកម្មនេះ គឺនឹងធ្វើឱ្យប្រសើរឡើងស្ថានភាពសុខុមាលភាពនិងអនាម័យរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំគម្រោង និងក្រុមការងារចុះពិនិត្យការងារ និងទីតាំងដែលត្រៀមសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញអមដំណើរពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ប្រធានគម្រោង ព្រមទាំងមន្ត្រីជាសមាជិកគម្រោង ទីប្រឹក្សាគម្រោង Dohwa-Seoyoung Joint Venture និងក្រុមការងារក្រុមហ៊ុនសាងសង់ KUMHO-TECHCROSS Joint Venture ផងដែរ ។
ដំណើរបេសកកម្មនេះរៀបចំឡើងដើម្បីពិនិត្យការងារ និងទីតាំងដែលត្រៀមសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ព្រមទាំងចុះពិនិត្យមើលទីតាំងដែលបាន និងកំពុងសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ត្រៀមអនុវត្តការងារជំហាន២បន្តទៀត។
សូមបញ្ជាក់ជូនផងដែរថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅនេះ ស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ជាមួយក្រុមហ៊ុន KUMHO-TECHCROSS Joint Venture៕